Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីកូឡុំប៊ី ប្រកាសចាប់កាន់អាវុធប្រយុទ្ធតតាំង បើអាមេរិក វាយប្រហារ

បានផុស

នៅ

ស្របពេលពេលស្ថានការណ៍នៅតំបន់អាមេរិកឡាទីនកំពុងក្តៅ និងមានការគំរាមម្តងហើយម្តងទៀតពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីលទ្ធភាពនៃការវាយប្រហារប្រទេសផ្សេង បន្ទាប់ពីវ៉េណេស៊ុយអេឡានោះ ស្រាប់តែមេដឹកនាំកូឡុំប៊ី ហ្គាស្តាវ៉ូ ប៉េត្រូ ប្រកាសថា លោកផ្ទាល់នឹងចាប់កាន់អាវុធប្រយុទ្ធតតាំង ប្រសិនបើអាមេរិក វាយប្រហារប្រទេសរបស់លោកមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ហ្គាស្តាវ៉ូ ប៉េត្រូ (រូបថត៖ Reuters)

តាមការផ្សាយរបស់ RT, បុរសដែលធ្លាប់ជាសមាជិកនៃក្រុមឧទ្ទាមកុម្មុយនីស្ត M-19 រូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦ ថា៖ «ដ្បិតខ្ញុំមិនមែនជាទាហានអាជីព ប៉ុន្តែខ្ញុំស្គាល់ច្បាស់ណាស់អំពីសង្គ្រាម និងការរស់នៅក្នុងព្រៃ។ ខ្ញុំធ្លាប់ស្បថថានឹងមិនប៉ះពាល់អាវុធទៀតទេ ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៨៩ ប៉ុន្តែដើម្បីមាតុភូមិ ខ្ញុំនឹងកាន់អាវុធជាថ្មី ទោះចិត្តមិនចង់ក៏ដោយ»។

សេចក្តីប្រកាសនេះគឺឆ្លើយតបទៅការគំរាមរបស់លោកត្រាំ ដែលបង្ហើបពីលទ្ធភាព វាយប្រហារប្រទេសផ្សេងទៀត ដែលនោះមានដូចជាកូឡុំប៊ីនិង គុយបា ជាដើម បន្ទាប់ពីវ៉េណេស៊ុយអេឡា។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ពាក់ព័ន្ធរឿងនេះ កូឡុំប៊ីបានប្រតិកម្មរួចទៅហើយចំពោះការគំរាមរបស់លោក ត្រាំ ដោយលោកប៉េត្រូអំពាវនាវដល់បណ្តាប្រទេសនៅតំបន់អាមេរិកឡាទីនឲ្យរួបរួមគ្នា បើមិនដូច្នោះទេ នឹងត្រូវគេធ្វើដាក់ដូចជាអ្នកបម្រើ និងទាសកអ៊ីចឹង។

លោកប្រកាសថា៖ «សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានទម្លាក់គ្រាប់បែកលើរដ្ឋធានីរបស់ប្រទេសអាមេរិកខាងត្បូង ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ លោកជំរុញឲ្យអាមេរិកឡាទីន រួបរួមគ្នានិងក្លាយជាតំបន់មួយដែលមានសមត្ថភាពយល់ដឹង ធ្វើពាណិជ្ជកម្ម ហើយរួមរស់ជាមួយពិភពលោកទាំងមូល។

សូមជម្រាបជាថ្មី អាមេរិកបានបើកប្រតិបត្តិការយោធាពិសេស «Operation Absolute Resolve» នៅវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយានៅថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦ ដោយចោទថា ប្រធានាធិបតីរូបនេះ ជាមេគ្រឿងញៀននិងនៅពីក្រោយក្រុមភេរវករដែលគំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម