Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ថា អាមេរិក កំពុងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក

បានផុស

នៅ

ក្រោយពេលប្រមុខសេតវិមាន ដូណាល់ ត្រាំ ចេញបញ្ជាបើកការវាយប្រហារទីក្រុងការ៉ាកាស និងចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ធ្វើឲ្យកក្រើកពិភពលោកនោះ ស្រាប់តែពេលនេះ ប្រធានាធិបតីអាល្លឺម៉ង់ ហ្វ្រាំងវ៉ល់ទ័រ ស្តេនម៉ាយអើ បានចេញមុខប្រតិកម្មខ្លាំងៗដោយបន្ទោសថា សហរដ្ឋអាមេរិក កំពុងតែបំផ្លាញសណ្តាប់ធ្នាប់ពិភពលោកហើយ។ នេះបើតាមការផ្សាយរបស់ RT

ប្រធានាធិបតីអាល្លឺម៉ង់ ហ្វ្រាំងវ៉ល់ទ័រ ស្តេនម៉ាយអើ (រូបថត៖ Reuters)

ថ្លែងក្នុងសន្និសីទនៅអង្គការ Koerber Foundation កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦ លោកស្តេនម៉ាយអើ អះអាងថា៖ «ដៃគូដ៏សំខាន់បំផុតរបស់យើង គឺសហរដ្ឋអាមេរិក បានធ្វើឲ្យតម្លៃនានាត្រូវបែកបាក់។ ត្រូវធ្វើយ៉ាងណា បង្ការកុំឲ្យពិភពលោកនេះ ក្លាយទៅជាសម្បុកចោរ ដែលជាកន្លែងពួកអ្នកគ្មានសីលធម៌ ចង់បានអ្វីក៏យកតាមចិត្តហើយតំបន់នានា ឬប្រទេសទាំងមូលត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិរបស់មហាអំណាចមួយចំនួនតូចឲ្យសោះ។

លោកបន្ថែមថា៖ «គេកំពុងព្យាយាមរុញច្រានសូម្បីតែរដ្ឋដែលមានទំហំមធ្យម ដែលក្នុងនោះរួមមានទាំងពួកយើងផងនោះ ឲ្យខិតទៅកៀនកោះប្រវត្តិសាស្ត្រ ហើយរដ្ឋតូចៗនិងរដ្ឋដែលទន់ខ្សោយត្រូវបានទុកចោលដោយគ្មានការការពារអ្វីទាំងអស់»។

សូមជម្រាបជាថ្មី នៅថ្ងៃសុក្រទី២ខែមករា វេលាម៉ោង ១០:៤៦ យប់ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) លោក ត្រាំ បានបើកភ្លើងបៃតងសម្រាប់ប្រតិបត្តិការឆ្មក់វាយប្រហារដ៏រហ័សដូចផ្លេកបន្ទោរ នៅវ៉េណេស៊ុយអេឡា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ប្រមុខមន្ទីរបញ្ចកោណលោក Pete Hegseth ទម្លាយថា អាមេរិកបានបញ្ជូនទាហានជិត២០០នាក់ ទៅកាន់ទីក្រុងការ៉ាកាស ក្នុងប្រតិបត្តិការចាប់ខ្លួនលោក ម៉ាឌូរ៉ូនិងភរិយា។

តាមពិតទៅ អាមេរិក បានរៀបគម្រោងជាយូរមកហើយ ពោលគឺភ្នាក់ងារចារកម្មអាមេរិក (CIA, NSA) បានចំណាយពេលរាប់ខែ ដើម្បីតាមដានទម្លាប់រស់នៅរបស់លោក ម៉ាឌូរ៉ូ។ មិនត្រឹមប៉ុណ្ណឹង កងកម្លាំងពិសេសអាមេរិកបានសាងសង់ ភូមិគ្រឹះគំរូ ដែលមានទំហំនិងរចនាសម្ព័ន្ធឲ្យដូចបេះបិទទៅនឹងភូមិគ្រឹះរបស់លោក ម៉ាឌូរ៉ូ មែនទែនដើម្បីធ្វើការហ្វឹកហាត់វាយឆ្មក់ឲ្យបានច្បាស់លាស់បំផុត។

ក្រោយពេលត្រៀមខ្លួនរួចរាល់ នៅថ្ងៃបើកប្រតិបត្តិការ អាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗដូចជា F-22, F-35, យន្តហោះទម្លាក់គ្រាប់បែក B-1 និងដ្រូនជាច្រើនគ្រឿងទៀត ដែលហោះចេញពីមូលដ្ឋានទ័ពចំនួន ២០ កន្លែងផ្សេងគ្នា ហើយកងកម្លាំងពិសេស Delta Force គឺជាអ្នកដឹកនាំផ្ទាល់ក្នុងការចុះទៅចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាដល់ក្នុងភូមិគ្រឹះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម