Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនចំណីអាហារ​មួយ ​ព្រោះយកជ្រូក​ឈឺប៉េស្តអាហ្វ្រិកធ្វើប៉ាតេ ១,៧ ​តោន

បានផុស

នៅ

ប៉ូលិសវៀតណាម បានចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនចំណីអាហារ Halong Canned Food JSC បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុននេះ​បាន​​ប្រើប្រាស់សាច់ជ្រូក​មានជំងឺជាង ១៣០ តោន​ ក្នុងផលិតកម្ម​ចំណីអាហាររបស់ខ្លួន រួមទាំងប៉ាតេ ១,៧ តោន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសនៅទីក្រុង ហៃហ្វុង បាននិយាយនៅថ្ងៃទី ១០​ ខែមករាថា លោក Truong Sy Toan អាយុ ៥៧​ ឆ្នាំ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ត្រូវបាននាំខ្លួនទៅឃុំជាបន្ទាន់ ដើម្បីស៊ើបអង្កេតលើការប្រមូល និងរក្សាទុកសាច់ជ្រូកដែលឆ្លងជំងឺ​ប៉េស្តជ្រូកអាហ្វ្រិកនៅឃ្លាំង​បង្កកសាច់របស់ក្រុមហ៊ុន។

អ្នកស៊ើបអង្កេតបាននិយាយថា លោក Toan មានជាប់ពាក់ព័ន្ធដោយផ្ទាល់​ក្នុងការសម្រេចចិត្តគ្រប់គ្រង និងប្រតិបត្តិការ​ប្រើប្រាស់សាច់ជ្រូក ​«មិនបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ»។

នៅថ្ងៃដដែលនោះ ប៉ូលិសក៏បានឃុំខ្លួនបុគ្គលិក៣នាក់ទៀតផងដែរ មកពីនាយកដ្ឋានគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុន ដែលទទួលខុសត្រូវលើ​ការត្រួតពិនិត្យវត្ថុធាតុដើម​ចូលក្រុមហ៊ុន​។ អាជ្ញាធរបានកំណត់អត្តសញ្ញាណពួកគេថាមានតួនាទីក្នុងការវាយតម្លៃគុណភាពសាច់ជ្រូក មុនពេល​អនុញ្ញាតឱ្យ​ស្តុកទុក​ និងកែច្នៃ។

គួរគូសបញ្ជាក់ថា ករណីនេះផ្ទុះឡើងកាលពីខែកញ្ញា ឆ្នាំ ២០២៥ ​បន្ទាប់ពីអាជ្ញាធរសេដ្ឋកិច្ចក្រុងហៃហ្វុងបានស្ទាក់ចាប់រថយន្ត ២ គ្រឿងដែលដឹកសាច់ជ្រូកចំនួន ១,២ តោន​មិនស្គាល់ប្រភពដើម។ ការធ្វើតេស្តក្រោយមកបានបញ្ជាក់ថា សាច់ជ្រូកទាំងនោះមានវីរុសជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ​ក្រោយមក អាជ្ញាធរបានពង្រីកការស៊ើបអង្កេត​ ដោយ​បានរកឃើញថា ក្រុមហ៊ុន Halong Canned Food (Halong Canfoco) បាន​បង្កកទុកសាច់ជ្រូក​ឈឺប្រហែល ១៣០ តោន​ ក្នុងឃ្លាំងរបស់​ខ្លួន។

ប៉ូលិសបាននិយាយថា ក្រុមហ៊ុនបានយកសាច់ជ្រូកដែលឈឺដដែល ដើម្បីកែច្នៃធ្វើប៉ាតេជាង ១,៧ តោន រួចហើយ ដែលស្មើនឹង​ ១៤ ០០០ កំប៉ុង ចន្លោះពីថ្ងៃទី ៦ និង ៧ ខែកញ្ញា ឆ្នាំ ២០២៥។ ​

ផលិតផលចំណីអាហារជាច្រើនទៀត ក៏ធ្វើតេស្តវិជ្ជមាន​រកឃើញផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ រួមទាំងផលិតផលពាក់ព័ន្ធស្បែកជ្រូកស្រួយជាង ៧ ០០០ គីឡូក្រាម។ ​

លើសពីនេះ ការធ្វើតេស្តមន្ទីរពិសោធន៍បានរកឃើញស្បែកជ្រូកកកជាង ១៣​ ០០០ គីឡូក្រាម និងស្បែកមាន់កកជាង ៨​ ០០០ គីឡូក្រាម ​ផ្ទុកបាក់តេរី Salmonella ដែលជាភ្នាក់ងារបង្ក​ជំងឺក្រពះពោះវៀន។

ឥឡូវនេះ ប៉ូលិសវៀតណាម​កំពុងបន្តការស៊ើបអង្កេត ​ដើម្បីរកជនពាក់ព័ន្ធក្នុងករណីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម