Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្ហាញមហិច្ឆតា សង់យានផ្ទុកយន្តហោះមហាអស្ចារ្យ នៅក្នុងលម្ហអាកាស

បានផុស

នៅ

ធ្លាប់តែមាននាវាផ្ទុកយន្តហោះនៅលើទឹក ប៉ុន្តែឥឡូវមហាយក្សចិន បានបង្ហាញមហិច្ឆតាសង់យានផ្ទុកយន្តហោះមហាអស្ចារ្យ នៅក្នុងលម្ហអាកាស ដែលនេះគូសបញ្ជាក់យ៉ាងច្បាស់ថា ការប្រកួតប្រជែងផ្នែកយោធា បានធ្លាយដល់ទីអវកាសហើយ។

យាន Luan Niao (រូបភាព៖ CCTV)

តាមការផ្សាយរបស់គេហទំព័ររដ្ឋចិន Zaobao កាលពីថ្ងៃអាទិត្យទី១១ខែមករាឆ្នាំ២០២៦ យានអនាគតមួយនេះមានឈ្មោះ Luan Niao ទម្ងន់ ១០០ ០០០តោន។

យាននេះមានប្រវែង២៤២ម៉ែត្រ និងប្រវែងស្លាបពីចុងម្ខាងទៅចុងម្ខាង ៦៨៤ម៉ែត្រ ព្រមទាំងទម្ងន់ហោះហើរអតិបរមា ១២០ ០០០ តោន ដោយអាចផ្ទុកយន្តហោះចម្បាំងក្នុងលម្ហអាកាសគ្មានមនុស្សបើកប្រភេទ Xuan Nu រហូតដល់៨៨គ្រឿង។

ក្រោមគម្រោង «ទ្វារមេឃខាងត្បូង» ដ៏មហិមា, យាន Luan Niao ត្រូវបានរចនាឡើងដើម្បីហោះហើរក្នុងស្រទាប់បរិយាកាសខ្ពស់ ឬក្នុងគន្លងតារាវិថីផែនដី ហើយក្រៅពីផ្ទុកយន្តហោះចម្បាំងគ្មានមនុស្សបើក យាននេះក៏បំពាក់ជាមួយអាវុធឡាស៊ែរថាមពលខ្ពស់ផងដែរ។

យោងតាមអ្នកវិទ្យាសាស្រ្តចិន យាន Luan Niao ភ្ជាប់ជាមួយប្រព័ន្ធរុញច្រានថាមពលនុយក្លេអ៊ែរ ដើម្បីផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់លើកទម្ងន់ ១២០ ០០០ តោន ឲ្យហោះផុតពីកម្លាំងទំនាញផែនដី ហើយវាក៏បំពាក់ជាមួយម៉ាស៊ីនអ៊ីយ៉ុង សម្រាប់ប្រើប្រាស់ក្នុងការធ្វើចលនានៅលម្ហអាកាសផងដែរ។មិនត្រឹមប៉ុណ្ណឹង វាប្រើប្រាស់សមាសធាតុថ្មីៗ ដើម្បីកាត់បន្ថយទម្ងន់ ប៉ុន្តែរក្សាភាពធន់នឹងកម្ដៅ និងវិទ្យុសកម្ម។

អ្នកជំនាញយោធាចិនបានលើកឡើងថា គម្រោងនេះគឺជាទស្សនទានប្រកបដោយនវានុវត្តន៍ និងការគិតទុកជាមុន។ គម្រោងនេះនឹងធ្វើសមាហរណកម្មបច្ចេកវិទ្យាកំពូលៗ រួមមាន ការហោះហើរក្នុងល្បឿនលឿនជាងសំឡេងខ្លាំង, អាវុធថាមពលតម្រង់ទិស, ការហោះហើរទៅមកក្នុងលម្ហអាកាស និងការបង្កើតថ្មីៗផ្នែកបច្ចេកវិទ្យាខ្ពស់ផ្សេងៗ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់លម្អិតលើសនេះទេអំពីសមត្ថភាពពិសេសរបស់យាន Luan Niao ហើយក៏មិនទាន់មានការអះអាងផងដែរថាតើយាននេះ នឹងសាងសង់បានសម្រេចនៅពេលណា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម