Connect with us

កីឡា

ក្រៅ​ពី​ថវិកា​ខ្ទង់​លាន​ដុល្លារ ម្ចាស់​មេដាយ​មាស​អូឡាំពិក​ដំបូង​នឹង​មាន​រូប​ចម្លាក់ស្ទើរ​ទូទាំង​ប្រទេស

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្វែង​រក​បាន​​ដៃ​គូ​ហើយ​សម្រាប់​ដំណើរ​​ឆ្ពោះ​ទៅ​រក​មេដាយ​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដោយ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជា​មួយ​ សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា (AMCHAM) ដែល​ក្រុម​ហ៊ុន​អាមេរិក​នឹង​ជួយ​ទំនុក​បម្រុង​អត្តពលិក​កម្ពុជា​​ដើម្បី​ត្រៀម​ខ្លួន​​ទៅ​ប្រកួត​កីឡា​អូឡាំពិក ​ឆ្នាំ ២០២៨ នៅ​សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់​ខ្លួន កម្ពុជា​មិន​​ធ្លាប់​ទទួល​បាន​មេដាយ​ឡើយ​ទាំង​ សំរិទ្ធ ប្រាក់ និង​មាស ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កីឡាករ កីឡាការិនី​កម្ពុជា​កម្រ​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ​ដើម្បី​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក។ ភាគ​ច្រើន​បំផុត កីឡា​ហែល​ទឹក និង​​អត្តពលកម្ម ​ទទួល​បាន​ការ​អនុគ្រោះ​ទៅ​ចូល​រួម​ប្រកួត​ប៉ុណ្ណោះ។ អតីត​វិរកីឡាការិនី​កម្ពុជា ស៊ន សៀវម៉ី ជាអត្តពលិក​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​បាន​ជាប់ជម្រុះ​ក្នុង​តំបន់ ហើយ​បាន​ទៅ​ប្រកួតកីឡា​អូឡាំពិក​ដោយពេញ​សិទ្ធិ​កាល​ពីឆ្នាំ ២០១៦ នៅ​ប្រទេស​ប្រេស៊ីល។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា​ដាក់​គោល​ដៅ​ធំ​បំផុត​គឺ​ស្វែង​រក​មេដាយ​ឲ្យ​បាន​ជា​លើក​ដំបូង​ក្នុង​កីឡា​អូឡាំពិក។ ការ​ដាក់​គោល​ដៅ​នេះ កម្ពុជា​ត្រូវ​ស្វះ​ស្វែង​រក​ដៃ​គូ​ឧបត្ថម្ភ​គាំទ្រ​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ កីឡាការិនី​សម្រាប់​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់។

លោក Casey Barnett ប្រធានសភាពពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានថ្លែងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាមេរិកក្នុងការជួយឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីកម្ពុជាឲ្យមានសមត្ថភាពកម្រិតខ្ពស់ និងសម្រេចឲ្យបាននូវគោលដៅរបស់កម្ពុជាក្នុងការស្វែងរកឲ្យបានមេដាយដំបូងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

បុរស​ជន​ជាតិ​អាមេរិក​រូប​នេះ​បាន​បញ្ជាក់​ថា ប្រជា​ជន​ខ្មែរ​មួយ​ចំនួន​មិន​ដឹង​នៅ​សហរដ្ឋ​អាមេរិក ក្រុម​ហ៊ុន​ឯកជន​ជា​អ្នក​ឧបត្ថម្ភ​ដល់​ការ​ហ្វឹក​ហាត់​របស់​កីឡាករ កីឡាការិនី។ ពួក​គេ​មិន​ពឹង​លើ​​ប្រាក់​ឧបត្ថម្ភ​របស់​ជាតិ​ទាំង​ស្រុង​នោះ​ទេ ពី​ព្រោះ​មិន​គ្រប់​គ្រាន់។ លោក​សង្ឃឹមថា ​កម្ពុជា​អនុវត្តដូច​នៅ​អាមេរិក​ដែរ​គឺ ក្រុម​ហ៊ុន​ឯក​ជន​ទំនុក​បម្រុង​ដល់​​កីឡាករ កីឡាការិនី​សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រកួត​លើ​ឆាក​អន្តរជាតិ។

ជា​មួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជាអគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានលើក​ឡើង​ថា គោល​ដៅធំ​បំផុត​​របស់​កម្ពុជាគឺ​ស្វែង​រក​ការ​បង្កើត​ប្រវត្តិ​សាស្ត្រ​ដំបូង​ក្នុង​ការ​ទទួល​បាន​មេដាយ​កីឡា​អូឡាំពិក មិន​ថា​មេដាយសំរិទ្ធ ប្រាក់ ឬ​មាស​ទេ។ អត្តពលិក​ណា​ដែល​ទទួល​បាន​មេដាយមាស​កីឡា​​អូឡាំពិក​​លើក​ដំបូង​នឹង​មាន​កិត្តិយស​ធំ​ធេង​ណាស់​សម្រាប់​ជាតិ។

លោក​មាន​ប្រសាសន៍​ថា ៖«តាម​អនុក្រឹត្យ ប្រាក់​រង្វាន់​សម្រាប់​មេដាយ​«មាស»​កីឡា​អូឡាំពិកគឺ​ទទួល​បាន​ ៣ ម៉ឺន​ដុល្លារ ហើយ​មេដាយ​ប្រាក់ ឬ​សំរិទ្ធ​ ក៏​ទទួល​បាន​តាម​លំដាប់ តែ​ខ្ញុំ​ជឿ​ថា នឹង​មាន​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ច្រើន​ណាស់ ​មិន​ក្រោម​លាន​ដុល្លារ​អាមេរិកទេ»។

«អ្វី​ដែល​កាន់​តែ​មាន​តម្លៃ​ជាង​​ថវិកា​ទៀតនោះគឺ កិត្តិយស។ អ្នក​ឈ្នះ​មេដាយ«​មាស​»លើក​ដំបូង​នឹង​មាន​កិត្តិយស​ធំ​ធេង​ណាស់ ​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ សម្រាប់​គ្រួសារ។ គាត់​នឹង​ត្រូវ​បាន​ធ្វើ​រូប​ចម្លាក់​ដាក់​តម្កល់​ស្ទើរ​ទូទាំង​ប្រទេស។ ទី​កន្លែង​ណា​ដែល​​មាន​ការ​​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​នឹង​ធ្វើ​រូប​ចម្លាក់​គាត់​​ដាក់​ដើម្បី​ជា​គំរូ ជា​ការទឹក​ចិត្ត និង​ជា​មហា​កិត្តិយស​សម្រាប់​គាត់​ដែល​បាន​សាង​ស្នាដៃ​ជូន​ជាតិ»៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម