ព័ត៌មានជាតិ
ក្រោយដាក់ដំណើរការជាង៣ខែ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឈ្នះពានរង្វាន់មាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៦
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា – Digital Social Protection Platform (DSPP) បានចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ (ASEAN Digital Awards 2026) ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៦ (The 6th ASEAN Digital Ministers’ Meeting) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានី ហាណូយ ប្រទេសវៀតណាម និងទទួលបានជ័យលាភី ពានរង្វាន់មាស ជូនកម្ពុជា ដែលបណ្តារដ្ឋមន្រ្តីឌីជីថលអាស៊ានបានសម្រេច និងទទួលស្គាល់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ (Public Sector Category) ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោជាងគេ នៅក្នុងតំបន់អាស៊ាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចេញនៅថ្ងៃទី១៧ ខែមករា នេះ។

តាមសេចក្តីប្រកាសព័ត៌មាន ពានរង្វាន់ឌីជីថលអាស៊ាននេះ ជាកម្មវិធីប្រកួតប្រជែងកម្រិតខ្ពស់បំផុត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាព នៃដំណោះស្រាយឌីជីថល និងការត្រៀមលក្ខណៈសម្រាប់និន្នាការបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមបណ្តាប្រទេសជាសមាជិក ក៏ដូចនៅក្នុងតំបន់ទាំងមូល។ ក្នុងឆ្នាំ២០២៦ នេះ, ប្រទេសចំនួន ១១ បានចូលរួមប្រកួតប្រជែងលើប្រភេទពានរង្វាន់សំខាន់ៗចំនួន ៦ រួមមាន (១) ដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ, (២) ដំណោះស្រាយឌីជីថលសម្រាប់វិស័យឯកជន, (៣) ដំណោះស្រាយឌីជីថលសម្រាប់បរិយាបន្ន, (៤) មាតិកាឌីជីថល, (៥) ធុរកិច្ចថ្មីឌីជីថល, និង (៦) នវានុវត្តន៍ឌីជីថល។ បណ្តាប្រទេសអាស៊ាននីមួយៗ បានដាក់ប្រកួតប្រជែងនូវស្នាដៃឌីជីថលដែលល្អបំផុតរបស់ខ្លួន ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីជំរុញ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវា, ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ, ជាពិសេស ជំរុញសន្ទុះនៃការធ្វើបរិវត្តកម្មឌីជីថល ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងចំណោមស្នាដៃទាំងអស់ដែលបានចូលរួមប្រកួតប្រជែង ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាល និងបានឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ៣ ក្រុមចុងក្រោយ ជាមួយប្រទេសវៀតណាម និងប្រទេសសិង្ហបុរី ដោយត្រូវប្រកួតយកជ័យលាភី ចំពោះមុខគណៈកម្មការវាយតម្លៃពានរង្វាន់ឌីជីថលអាស៊ាន ទាំង ១១ ប្រទេស និងមានការចូលរួមពីសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប និងសហភាពទូរគមនាគមន៍អន្តរជាតិ។

សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ឆ្លងកាត់ការសម្រិតសម្រាំង និងការវាយតម្លៃរបស់គណៈកម្មការ, បណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ាន បានអនុម័តជាផ្លូវការក្នុងការផ្តល់ជ័យលាភី “ពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦” ជូន “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោដាច់គេ នៅក្នុងតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងពីគុណភាព និងស្តង់ដាបច្ចេកវិទ្យា ក៏ដូចជាកិត្យានុភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជា។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមគូសបញ្ជាក់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បាន និងកំពុងដើរតួនាទីជាមូលដ្ឋានគ្រឹះឌីជីថលស្នូលដ៏មានសារៈសំខាន់ សម្រាប់គាំទ្រការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ពិសេសបានធ្វើសុខដុមនីយកម្មលើការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម លើថ្នាលឌីជីថលរួម។ កត្តាគន្លឹះដែលនាំឱ្យដែលធ្វើឱ្យថ្នាលឌីជីថលនេះ ទទួលបានជ័យលាភី ពានរង្វាន់មាស គឺស្ថិតនៅលើការរៀបចំនិម្មាបនកម្ម ដែលផ្តោតលើប្រជាពលរដ្ឋជាគោល (Citizen-Centric Design), ការធ្វើអន្តរ-ប្រតិបត្តិការបែបមជ្ឈការផង និងវិមជ្ឈការផង (Hybrid Federated Interoperability), និងសមត្ថភាពក្នុងការឆ្លើយតបបាន ទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេល និងប្រកបដោយតម្លាភាព។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមចាត់ទុកថា÷”ជ័យលាភីពានរង្វាន់មាសនេះ ជាសក្ខីភាពដ៏មានតម្លៃវិសេសវិសាល ដែលបង្ហាញថា កម្ពុជា បាន និងកំពុងក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ លើការកសាងរដ្ឋាភិបាល និងសង្គមឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហា និងលើកកម្ពស់ការអភិវឌ្ឍសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព។”។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បន្ថែមថា ការទទួលបាន ជ័យលាភីពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេវាសាធារណៈតាមរយៈការធ្វើនវានុវត្តន៍ឌីជីថល ក្នុងគោលដៅពង្រឹងគុណភាពនៃការផ្តល់សេវា និងបង្កើនតម្លាភាពក្នុងសង្គម និងជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស, គាំពារប្រជាជន, និងលើកកម្ពស់ផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ។
សូមរម្លឹកថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាដែលអភិវឌ្ឍដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវបានដាក់ឱ្យដំណេីរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


