Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ដាក់ឱ្យដំណើរការមណ្ឌលគ្រប់គ្រងសុខភាពភ្នែកឆ្លាតវៃ ដោយប្រើជំនួយបញ្ញាសិប្បនិម្មិត

បានផុស

នៅ

ក្រសួងសុខាភិបាល បានដាក់​ឱ្យ​ដំណើរការ​គម្រោង​«​មណ្ឌល​គ្រប់គ្រង​សុខភាព​ភ្នែក​ឆ្លាត​វៃ​»​ ដោយ​ប្រើ​ជំនួយ​បញ្ញា​សិប្បនិម្មិត ​(AI) និង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ឆ្លាត​វៃ​ដែល​ធានា​សុវត្ថិភាព​ព័ត៌មាន​អ្នក​ជំងឺ និង​អាច​អនុញ្ញាតឱ្យ​មានការ​ពិគ្រោះ​យោបល់​ពី​ចម្ងាយ​ជាមួយ​អ្នកជំនាញ ព្រមទាំង​ការបញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​កម្រិត​ខ្ពស់​បាន​ទាន់ពេលវេលា​ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គម្រោង “​មណ្ឌល​គ្រប់គ្រង​សុខភាព​ភ្នែក​ឆ្លាត​វៃ នៅ​មន្ទីរពេទ្យ​តេ​ជោ​សែន​កោះធំ ខេត្តកណ្តាល និង​មន្ទីរពេទ្យបង្អែក​គងពិសី ខេត្តកំពង់ស្ពឺ លោកសាស្ត្រាចារ្យ ងី ម៉េង ទីប្រឹក្សា​ក្រសួងសុខាភិបាល ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក និង​ជា​នាយក​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ឱ្យដឹងថា គម្រោង​មណ្ឌល​គ្រប់គ្រង​សុខភាព​ភ្នែក​ឆ្លាត​វៃ នឹង​លើក​កម្ពស់​ការ​បម្រើ​សេវា​ពិនិត្យ​វាស់​គំហើញ ថតរូប​បាត​ភ្នែក និង​ធ្វើ​រោគវិនិច្ឆ័យ​បាន ដោយមាន​ជំនួយ​ពី​បញ្ញា​សិប្បនិម្មិត​ (AI) និង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ឆ្លាត​វៃ ដែល​ធានា​សុវត្ថិភាព​ព័ត៌មាន​អ្នក​ជំងឺ និង​អាច​អនុញ្ញាត​ឱ្យមាន​ការពិគ្រោះ​យោបល់​ពី​ចម្ងាយ​ជាមួយ​អ្នកជំនាញ ព្រមទាំង​ការ​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​កម្រិត​ខ្ពស់​បាន​ទាន់ពេលវេលា ដែល​ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​នៅ​មូលដ្ឋាន និង​ការធ្វើ​ទំនើបកម្ម​វិស័យ​សុខាភិបាល​តាម​បែប​ឌីជីថល។

លោក​សាស្ត្រាចារ្យ ងី ម៉េង បាន​បន្តថា ​គម្រោង “​មណ្ឌល​គ្រប់គ្រង​សុខភាព​ភ្នែក​ឆ្លាត​វៃ បង្កើត​ឡើង​តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្មវិធី​ជាតិ​សុខភាព​ភ្នែក និង​មជ្ឈមណ្ឌល​ការពារ និង​ព្យាបាល​ជំងឺ​ភ្នែក​សៀង​ហៃ ក្រោម​ការ​គាំទ្រ​សម្របសម្រួល​ពី មូលនិធិ​ហ្វ្រេ​ដ​ហូ​ឡូ​ ដែលជា​ជំហាន​ថ្មី​មួយ​ទៀត សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា ជាពិសេស​វិស័យ​សុខភាព​ភ្នែក ដែល​បាន​នវានុវត្តន៍​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ក្នុងការ​ពិនិត្យ​ស្វែងរក និង​ព្យាបាល​ជំងឺ​ភ្នែក​ ឱ្យបាន​ទាន់ពេលវេលា សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ លើសពីនេះ​ទៀត​ តាមរយៈ​គម្រោង​នេះ អាច​ជួយ​បង្ការ​ការ​បាត់បង់​គំហើញ ជាពិសេស​ចំពោះ​អ្នក​មាន​បញ្ហា និង​កំហុស​សំណុំ​រូបភាព ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក អ្នកជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ឡើង​សម្ពាធ​ឈាម។

លោកសាស្ត្រាចារ្យ ងី ម៉េង បាន​ណែនាំ​ដល់​បុគ្គលិក​មន្ត្រីរាជការ មន្ទីរពេទ្យ​ទាំងពីរ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា និង​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ទំនើប​នេះ ដើម្បី​បម្រើ​សេវា​ពិនិត្យ​ព្យាបាល​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ផ្សព្វផ្សាយ​លើកទឹកចិត្ត ជំរុញ​ឱ្យ​អ្នកជំងឺ​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក និង​ជំងឺ​ផ្សេងទៀត​ និង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ក្រុម​ការងារ​បច្ចេកទេស​ឱ្យ​រលូន ដើម្បី​ធានា​គុណភាព​ទិន្នន័យ និង​ការ​ពង្រីក​គម្រោង​នា​ពេល​អនាគត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម