Connect with us

សេដ្ឋកិច្ច

គិតត្រឹមឆ្នាំ២០២៥ ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើន ១,២ ដង ដល់ ១.៣២៥,៦៥ លាន

បានផុស

នៅ

​​​ធនាគារ​ជាតិ​នៃ​កម្ពុជាបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ប្រតិបត្តិការ​តាមរយៈ​ប្រព័ន្ធ​បាគង​បាន​កើនឡើង ១,២ ដង ដល់ ១.៣២៥,៦៥ លាន​ប្រតិបត្តិការ ដែល​ក្នុង​នោះ ៧៧១,២ លាន​ប្រតិបត្តិ​ការ​ជា​ប្រាក់​រៀល និង ៥៥៤,៥ លាន​ប្រតិបត្តិ​ការ ជា​ប្រាក់ដុល្លារ​អាមេរិក ខណៈ​ដែល​ចំនួន​គណនី​កាបូប​អេឡិចត្រូនិក មាន​ប្រមាណ ១៨,៩ លាន​គណនី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី ជា សិរី ទេសា​ភិបាល​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បរិយាបន្ន​ហិរញ្ញវត្ថុ​ត្រូវ​បាន​បន្តលើក​កម្ពស់ និងមានវឌ្ឍនភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំង តាមរយៈ​កំណើន​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ។ ជាក់ស្តែង ចំនួនអ្នកដាក់ប្រាក់បញ្ញើបានកើនដល់ ១៨,៦ លាននាក់ និង​ចំនួនអ្នក​ប្រើប្រាស់​សេវា​ឥណទាន​កើនដល់ ៤,៣ លាននាក់។ លើសពីនេះ ចំនួនស្ត្រី​ដែល​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ក្នុង​វិស័យ​ធនាគារ​មាន​ប្រមាណ ៥៣% សម្រាប់ សេវាឥណទាន និង ៥១% សម្រាប់សេវាប្រាក់បញ្ញើ។

លោក​ស្រី ជា សិរី បាន​បន្ថែម​ថា «ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគងបានកើនឡើង ១,២ ដង ដល់ ១.៣២៥,៦៥ លានប្រតិបត្តិការ នៅ​ក្នុង​ឆ្នាំ​២០២៥ ដែលក្នុងនោះ ៧៧១,២ លានប្រតិបត្តិការជាប្រាក់រៀល និង ៥៥៤,៥ លានប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ខណៈដែលចំនួនគណនីកាបូបអេឡិចត្រូនិក មាន​ប្រមាណ ១៨,៩ លានគណនី»។

ជាមួយគ្នានេះ លោក​ស្រី​ទេសា​ភិបាល បាន​បន្ត​ថា យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុកំពុងត្រូវបាន​ធ្វើ​បច្ចុប្បន្នកម្ម​សម្រាប់​ឆ្នាំ២០២៦-២០៣០ ដើម្បីបន្តធានាបានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកប​ដោយ​បរិយាបន្ន និងចីរភាព។

ដោយ​ឡែក ​ចំពោះ​កិច្ច​ការពារ​អតិថិជន ធនាគារជាតិនៃកម្ពុជាបានទទួល ឮបណ្តឹង​អតិថិជន​តាមរយៈ​ប្រព័ន្ធ​ហតឡាញ​ចំនួន ៧២១ ករណី ក្នុងនោះ ៦៨៣ ករណី ត្រូវបានដោះស្រាយរួចរាល់ ១២ ករណី កំពុងត្រូវបានដោះស្រាយ និង ២៦ ករណី ស្ថិតក្នុងនីតិវិធីតុលាការ។

លោក​ស្រី ជា សិរី បន្តថា កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ត្រូវបានបន្តពង្រឹង និងពង្រីក តាមរយៈការចុះ អនុស្សរណៈនៃការយោគយល់ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធ និងការអនុវត្តគម្រោងជំនួយ បច្ចេកទេស។

លោក​ តូច ចៅ​ចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ប្រៃសណីយ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា របាយ​ការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​ជា​មធ្យម​របស់​ឧស្សាហកម្ម​ (industry) ហើយ​ធនាគារ​​ប្រៃសណីយ៍​ដែល​ធ្វើ​​ប្រតិបត្តិការ​ក៏​ប្រហាក់​ប្រហែល​ទៅ​នឹង​របាយការណ៍​ពី​ឧស្សាហកម្ម​នេះ​ដូច​គ្នា​ដែរ​។

លោក តូច ចៅចេក ក៏​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៦ នេះ ធនាគារ​ប្រៃសណីយ៍​ក៏​មាន​នូវ​ផែន​ការ​បង្កើន​នូវ​កំណែ​សេវា​ធនាគារ​របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល រលូន និង​សុវត្ថិភាព​ជាង​មុន​ផងដែរ។

ធនាគារជាតិនៃកម្ពុជា​ បានបន្តចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន និងអាស៊ាន+៣ ព្រម​ទាំង​ចុះអនុស្សរណៈយោគយល់ និងសហការជាមួយស្ថាប័នអន្តរជាតិនិងដៃគូ អភិវឌ្ឍន៍នានា ដើម្បី​ជំរុញ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ទាំងក្នុង និងក្រៅតំបន់ ហិរញ្ញប្បទានឌីជីថលបៃតង និងការគ្រប់គ្រងវិបត្តិ ជាដើម។

កិច្ចសហប្រតិបត្តិការទាំងនេះក៏បានលើកកម្ពស់សមត្ថភាពមន្ត្រី ជំនាញស្រប​តាម​ការវិវត្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ជា​សកល និង​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ ជា​ពិសេស​ពង្រឹង​សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ​ទាំង​ក្នុងស្រុក និងតំបន់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម