Connect with us

ព័ត៌មានអន្ដរជាតិ

ប្រាក់ចំណេញឧស្សាហកម្មចិន​ កើនឡើងជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ​ នៅឆ្នាំមុន

បានផុស

នៅ

ទិន្នន័យពី​ការិយាល័យស្ថិតិជាតិ​ចិន (NBS)​ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បាន​បង្ហាញថា ប្រាក់ចំណេញឧស្សាហកម្ម​របស់ប្រទេសចិនបានកើនឡើងនៅឆ្នាំ ២០២៥ ដែលជាកំណើនលើកដំបូងចាប់តាំងពីឆ្នាំ ២០២១ ​ជំរុញដោយ​កិច្ចខិតខំប្រឹងប្រែង​ទប់ស្កាត់សង្គ្រាមតម្លៃ និងជំរុញការនាំចេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់ចំណេញ​ក្រុមហ៊ុនឧស្សាហកម្ម បានកើនឡើង ០,៦% សម្រាប់ឆ្នាំ ២០២៥​ ដោយបញ្ច្រាស់ការធ្លាក់ចុះ ៤ ឆ្នាំមុននោះ។ ​គិតតែក្នុងខែធ្នូ ប្រាក់ចំណេញឧស្សាហកម្ម បានកើនឡើង ៥,៣% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង​ក្នុងខែវិច្ឆិកា។

កំណើនសេដ្ឋកិច្ចខ្សោយ បានធ្វើឱ្យបរិមាណ​ប្រាក់ចំណេញក្នុងវិស័យដូចជារថយន្ត និងបន្ទះសូឡារថយចុះ ដែលជំរុញឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាល។ ខណៈតម្លៃផលិតកម្មនៅតែធ្លាក់ចុះ ការនាំចេញដ៏រឹងមាំ បាន​ជួយប៉ះប៉ូវលើ​កម្សោយ​តម្រូវ​ការក្នុងស្រុក។ ​លើសពីនេះ ការធ្វើពិពិធកម្មការនាំចេញលើសពីសហរដ្ឋអាមេរិក ក៏ជួញកាត់បន្ថយផលប៉ះពាល់នៃពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ។

បើតាមទិន្នន័យ ភាពរឹងមាំនៃការនាំចេញ​ បានជួយឱ្យ​ឧស្សាហកម្មរថយន្ត​ត្រឡប់ទៅរកកំណើនប្រាក់ចំណេញវិញ​នៅឆ្នាំ ២០២៥ ​ជាមួយនឹង​អត្រាកំណើន ០,៦% បន្ទាប់ពីការធ្លាក់ចុះ ៨% កាលពីឆ្នាំ ២០២៤​។

ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តី​ស្ថិតិ​ NBS​ លោក Yu Weining បាននិយាយថា ផលប៉ះពាល់ពីបម្រែបម្រួលនៃបរិយាកាសខាងក្រៅ កំពុងកើនឡើង ដែលធ្វើឱ្យមាន​ «ការលំបាកក្នុងការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម ហើយសហគ្រាសមួយចំនួននៅតែប្រឈមមុខនឹងការលំបាក​ខ្លះៗក្នុងការផលិត និងប្រតិបត្តិការ»។

ដោយឡែក​ប្រាក់ចំណេញរបស់ក្រុមហ៊ុនរដ្ឋឯណោះវិញ ​បាន​ធ្លាក់ចុះ ៣,៩% ​ខណៈ​ប្រាក់ចំណេញរបស់ក្រុមហ៊ុនឯកជនមានស្ថេរភាព ហើយក្រុមហ៊ុនបរទេស​កើនឡើង ៤,២%។ ​

គួរគូសបញ្ចាក់ថា ទិន្នន័យរបស់ NBS គឺ​គ្របដណ្តប់លើក្រុមហ៊ុនឧស្សាហកម្មដែលមានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងហោចណាស់ ២០ លានយ័ន (២,៨៨ លាន​ដុល្លារ)៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម