Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ព្រមានថា អ៊ីរ៉ង់ ជិតអស់ពេលហើយ!

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានខ្លាំងៗថា ប្រទេសអ៊ីរ៉ង់ ជិតអស់ពេលហើយក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា ក្រុមនាវាចម្បាំងអាមេរិកដែលលោកបានបញ្ជាឲ្យទៅកាន់តំបន់មជ្ឈិមបូព៌ា ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln គឺត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈនិងអាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ទាំងល្បឿននិងកម្លាំង ប្រសិនបើចាំបាច់។

លោក ត្រាំ សរសេរបន្តថា៖ «សង្ឃឹមថា អ៊ីរ៉ង់នឹងប្រញាប់មកកាន់តុចរចា ហើយនិយាយគ្នាលើកិច្ចព្រមព្រៀងមួយដែលត្រឹមត្រូវនិងយុត្តិធម៌ គឺមិនមានអាវុធនុយក្លេអ៊ែរ ដែលជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់គ្រប់ភាគី»។

ដោយសំដៅទៅការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំមុន, ប្រធានាធិបតីអាមេរិកគំរាមថា៖ «ការវាយប្រហារលើកក្រោយនឹងកាន់តែធ្ងន់ជាងនេះទៅទៀត! កុំបណ្តោយឲ្យរឿងនោះកើតឡើងជាថ្មីឲ្យសោះ»។

នាវាផ្ទុកយន្តហោះអាមេរិក (រូបថត៖ Reuters)

ការព្រមានរបស់លោកត្រាំកើតឡើងក្រោយពេល មេដឹកនាំរូបនេះប្រកាសថា កងនាវា​ចម្បាំង​​​បន្ថែម​ទៀត​កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលលោកហៅ​​ថាជា «កងទ័ពជើងទឹកដ៏អស្ចារ្យ» មានបំណងដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ឲ្យចូលមកចរចាលើកិច្ចព្រមព្រៀងការទូតថ្មី។

ការបង្កើនកម្លាំងជើងទឹកនេះ គឺផ្តោតសំខាន់លើក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលបានធ្វើដំណើរមកដល់មហាសមុទ្រឥណ្ឌា ស្ថិតក្នុងតំបន់ទទួលខុសត្រូវរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។ យោងតាមរបាយការណ៍យោធា ក្រុមនាវាចម្បាំងនេះរួមមាននាវាពិឃាដ និងយន្តហោះចម្បាំង ដែលត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ឆ្លើយតបទៅនឹងស្ថានភាពអាសន្នផ្សេងៗ។

កាលពីថ្ងៃអង្គារ CENTCOM បានបញ្ជាក់ថា ខ្លួនកំពុងចាប់ផ្តើមធ្វើសមយុទ្ធត្រៀមលក្ខណៈរយៈពេលច្រើនថ្ងៃ ដើម្បីពង្រឹងសមត្ថភាពក្នុងការដាក់ពង្រាយបុគ្គលិក និងគ្រឿងយុទ្ធោបករណ៍​ឲ្យបានឆាប់រហ័សនៅទូទាំងតំបន់។ សមយុទ្ធទាំងនេះមានគោលបំណងបង្ហាញពីវត្តមាន «ដែលគួរឲ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ» ដើម្បីទប់ស្កាត់ការឈ្លានពានដែលអាចកើតមាន និងផ្តល់ទំនុកចិត្តដល់ដៃគូក្នុងតំបន់ បន្ទាប់ពីមានកិច្ចពិភាក្សាការពារជាតិកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម