Connect with us

ព័ត៌មានជាតិ

អង្គភាព CMAC និងអង្គការ JICA រួមគ្នាហ្វឹកហ្វឺនសមត្ថភាពសុនកហិតមីននៅកម្ពុជា

បានផុស

នៅ

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA ) រួមគ្នាពង្រឹងសមត្ថភាពសុនកហិតមីននៅកម្ពុជា ដែលជាប្រយោជន៍សម្រាប់ក្នុងស្រុកផង និងនាំយកសុនកជំនាញពីកម្ពុជាទៅប្រតិបត្តិការហិតមីននៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) និងតំណាងJICA ក៏ដូចជាក្រុមប្រឹក្សាផ្តល់យោបល់ជប៉ុន កាលពីថ្ងៃទី ២៧-២៨ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងមណ្ឌលសុនក និងដៃគូនានា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា និងនាំយកសុនខជំនាញពីកម្ពុជាទៅប្រតិបត្តិការនៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម។

សូមបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុននេះ កម្មវិធីសុនកបានពឹងផ្អែកលើបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែបច្ចុប្បន្នកាលនេះកម្ពុជា(អង្គភាពCMAC) អាចម្ចាស់ការទាំងស្រុង១០០% លើការងារបច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹកហ្វឺនជំនាញផ្សេងៗ និងអាចចែករំលែកដល់អន្តរជាតិទៀតផងដែរ។

បើតាម លោក ហេង រតនា គិតត្រឹមឆ្នាំ២០២៥ អង្គភាពស៊ីម៉ាក់មានសុនកជំនាញហិតមីនប្រមាណ ៣០០ ក្បាល ដែលកំពុងស្ថិតក្នុងការប្រើប្រាស់ ការហ្វឹកហ្វឺន និងការចេញប្រតិបត្តិការ។ ក្រៅពីជំនាញហិតគ្រឿងផ្ទុះ សុនកមួយចំនួនក៏មានជំនាញហិតគ្រឿងញៀន ហើយត្រូវបានបង្វឹកបន្ថែមឱ្យអាចបំពេញភារកិច្ចការពារសន្តិសុខ និងយាមល្បាតផងដែរ។
កន្លងមក កម្ពុជា តាមរយៈអង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានបញ្ជូនសុនកជាច្រើនក្បាលទៅកាន់បរទេស ដើម្បីចូលរួមប្រតិបត្តិការបោសសម្អាតមីននៅក្នុងប្រទេសមួយចំនួនដែលរងផលប៉ះពាល់ពីសង្គ្រាម ដូចជា ប្រទេសអ៊ុយក្រែន ជាដើម។

គួរជម្រាបថា ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ សុនកនៅកម្ពុជា មិនត្រឹមតែបម្រើការងារហិតមីនប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំនាញអង្គភាពស៊ីម៉ាក់ ក៏បានបង្វឹកសុនកឱ្យអាចហិតរកវីរុសកូវីដ-១៩ ផងដែរ ក្រោមកិច្ចសហការជាមួយក្រសួង សុខាភិបាល។

អ្នកជំនាញបានពន្យល់ថា សុនកមួយក្បាលអាចចេញប្រតិបត្តិការហិតមីនបានរយៈពេលចន្លោះពី ៨ ដល់ ១០ ឆ្នាំ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ជាទូទៅមានរយៈពេលប្រហែល ៨ ដល់ ៩ ឆ្នាំ ប៉ុណ្ណោះ មុនពេលត្រូវដាក់ឱ្យចូលនិវត្តន៍ ឬបញ្ចប់ភារកិច្ចដោយសារមូលហេតុសុខភាព ឬការស្លាប់ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម