Connect with us

សេដ្ឋកិច្ច

ផលិតផលទឹកត្រចៀកកាំផលិតក្នុងស្រុកកំពុងមានវត្តមានលើផ្សារទំនើប

បានផុស

នៅ

ផលិតផលទឹកត្រចៀកដែលផលិតក្នុងស្រុកកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ ខណៈបច្ចុប្បន្នក៏មានដាក់លក់នៅតាមបណ្ដាផ្សារទំនើបក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម ប៊ុនថា ជាម្ចាស់អាជីវកម្មផ្ទះអភិរក្សសត្វត្រចៀកកាំ ប្រាប់ កម្ពុជាថ្មី ថា ផលិតផលទឹក​​ត្រចៀករបស់លោកបច្ចុប្បន្នកំពុងទទួលបានការគាំទ្រខ្លាំង ខណៈលោកក៏មានផ្ទះអភិរក្សសត្វត្រចៀកកាំ និងមានកន្លែងកែច្នៃសំបុកត្រចៀកកាំឱ្យទៅជាផលិតផលសម្រេចសម្រាប់ដាក់លក់លើទីផ្សារ។

លោក ប៊ុនថា បានឱ្យដឹងថា មួយរយៈដែលប្រជាជនកម្ពុជាពហិការទំនិញរបស់ថៃ លោកមើលឃើញថា នៅតាមបណ្ដាផ្សារទំនើប និងផ្សារផ្សេងៗទៀត ភាគច្រើនក៏មានទំនិញ ឬផលិតផលខ្មែរ ក៏កំពុងតែបានដាក់លក់ជាហូរហែ ជាពិសេសកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរជាច្រើន ផងដែរ។

ដោយមើលឃើញពីឱកាសល្អក្នុងការចាប់យកទីផ្សារ លោក ញ៉ែម ប៊ុនថា ក៏បានចាប់យករបរបន្ថែមមួយទៀតដោយចាប់ផ្ដើមផលិតទឹកត្រចៀកកាំសម្រាប់ផ្គត់ផ្គង់ទៅកាន់ផ្សារទំនើបដើម្បីធ្វើយ៉ាងណាអាចឱ្យខ្មែរអាចមានផលិតផលដែលផលិតបានក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។

យ៉ាងណាមិញ លោក​ ស៊ុយ កុកធាន ប្រធាន​សមាគម​ត្រចៀក​កាំ​កម្ពុជា ប្រាប់ កម្ពុជាថ្មី កាលពីថ្ងៃទី ២៧ ខែមករានេះដែរថា ក្រសួងកសិកម្ម បានចុះបញ្ជីផ្ទះត្រចៀកកាំប្រមាណ ១០០០ ខ្នង និង​បានរៀបចំ​ក្រុម​ហ៊ុននាំចេញចំនួន ៦ ដើម្បី​សម្រប​សម្រួល​ជា​មួយ​គយចិន ក្នុងការពិនិត្យ និងសម្រេច លើការ​នាំចេញ​សំបុកត្រ​ចៀកកាំ​ដោយផ្ទាល់ទៅចិន។​

លោក​ ស៊ុយ កុកធាន ​យល់ឃើញថា៖ ​«ដំណើរការនេះ ​ជាសញ្ញាល្អក្នុងការចាប់ផ្ដើម គ្រាន់តែថា​ ធ្វើ​យ៉ាង​ណា សំណូមពរ​ក្រសួងជំរុញឱ្យបានលឿន ​ពីព្រោះ​អ្នកចិញ្ចឹម​កំពុងទន្ទឹងរង់ចាំ»។

​ចិន​បាន​សម្រេចអនុញ្ញាតឱ្យ​កម្ពុជានាំចូល​សំបុកត្រចៀកកាំ​ដោយផ្ទាល់ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកប្រធា​នាធិបតី​ ស៊ី ជិនពីង កាល​ពីខែមេសា ឆ្នាំ ២០២៥។

គួរឱ្យដឹងថា តម្លៃទីផ្សារសំបុកត្រចៀកកាំកម្ពុជាបច្ចុប្បន្ន ​កើនឡើងបន្តិចប្រមាណ ៣០០ ដុល្លារ ក្នុងមួយគីឡូក្រាម ហើយសំបុកល្អលេខ ១ ប្រមាណ ៥០០ ដុល្លារ ក្នុងមួយគីឡូក្រាម។ តាមការប៉ាន់ស្មាន កម្ពុជាមានសមត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម