Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ព្រមានអង់គ្លេសអំពីទំនាក់ទំនង «ដ៏គ្រោះថ្នាក់» ជាមួយចិន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងធ្ងន់ៗទៅកាន់ចក្រភពអង់គ្លេស ដោយបានចាត់ទុកកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងចំណងសេដ្ឋកិច្ចជាមួយប្រទេសចិនថាជា «រឿងដ៏គ្រោះថ្នាក់បំផុត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)

យោង​តាម​រ៉យទ័រ ការលើកឡើងនេះ បានធ្វើឡើង​ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ចប់កិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំង ដែលលោកបានស្វែងរកការ «កំណត់ឡើងវិញ» នូវទំនាក់ទំនងជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចអង់គ្លេស។

ថ្លែងចេញពីទីក្រុងវ៉ាស៊ីនតោន​នា​ថ្ងៃសុក្រ​​ទី​៣០​ខែ​មករា​ឆ្នាំ​២០២៦ លោកត្រាំ បានលើកឡើងថា ការចូលកៀកក្បែរទីក្រុងប៉េកាំងបានបង្កជាហានិភ័យខ្លាំង ដោយលោកបានប្រៀបធៀបទៅនឹងការគំរាមកំហែងនាពេលថ្មីៗនេះរបស់លោក ក្នុងការដាក់ពន្ធ ១០០% លើប្រទេសកាណាដា បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបំពេញទស្សនកិច្ចពាណិជ្ជកម្មស្រដៀងគ្នានេះដែរ។

ក្នុងអំឡុងទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអង់គ្លេសចាប់តាំងពីឆ្នាំ២០១៨មក លោក Starmer បានជួបជាមួយប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី Li Qiang ដោយបង្ហាញ​ការ​គាំទ្រ​ទំនាក់ទំនងដែល «ជឿនលឿន​ជាងមុន» តាមរយៈការធ្វើ​ឲ្យ​ប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម។ កិច្ចពិភាក្សានេះទទួលបានផ្លែផ្កាជានិមិត្តរូបភ្លាមៗសម្រាប់ទីក្រុងឡុងដ៍ រួមមានការអនុញ្ញាត​ឲ្យ​ពលរដ្ឋអង់គ្លេសចូលប្រទេសចិនដោយមិនបាច់ទិដ្ឋាការរយៈពេល៣០ថ្ងៃ និងការប្តេជ្ញាចិត្តកាត់បន្ថយពន្ធពាក់កណ្តាលលើស្រាវីស្គី (Scotch whisky) នាំចូលពីអង់គ្លេស។

លោក Starmer ក៏បានធ្វើជាអធិបតីក្នុងការប្រកាសការវិនិយោគចំនួន ១០.៤ពាន់លានផោន​របស់​ក្រុមហ៊ុនឱសថយក្ស AstraZeneca នៅក្នុងប្រទេសចិន ដោយលោកបានចាត់ទុកការចូលរួមនេះថាជាតម្រូវការជាក់ស្តែងសម្រាប់យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់អង់គ្លេសក្រោយចាកចេញពីសហភាពអឺរ៉ុប (Brexit)។

លោក Starmer និង​លោក ស៊ី (រូបថត៖ REUTERS)

ត្បិត​មាន​​ការព្រមានពីលោកត្រាំ លោក Starmer នៅ​តែ​​ទទូចថា ចក្រភពអង់គ្លេសមិនចាំបាច់ជ្រើសរើសរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនោះទេ។ លោកបានលើកឡើងអំពីកញ្ចប់វិនិយោគដ៏ធំសម្បើមចំនួន ១៥០ពាន់លានផោនពីសហរដ្ឋអាមេរិក ដែលទទួលបានក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់លោកត្រាំ មកកាន់ចក្រភពអង់គ្លេសកាលពីខែកញ្ញាឆ្នាំមុន ជាភស្តុតាងនៃភាពរឹងមាំយូរអង្វែងនៃ «ទំនាក់ទំនងពិសេស» នេះ។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនេះបានបង្ហាញ​ឲ្យ​ឃើញពីការបែកបាក់ភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ខណៈដែលសម្ព័ន្ធមិត្តរបស់អាមេរិកកំពុងព្យាយាមដើរលើផ្លូវរវាងរបៀបវារៈគាំពារនិយម «American First» របស់លោកត្រាំ និងការព្យាយាមរក្សាស្ថិរភាពពាណិជ្ជកម្មជាមួយប្រទេសចិនដែលកំពុងមានឥទ្ធិពល៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម