Connect with us

សេដ្ឋកិច្ច

ពន្ធដារណែនាំ ៣ ចំណុច ឱ្យពង្រឹងការអនុវត្តវិធានចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកទំនិញតាមផ្លូវទឹកជាអន្តរជាតិ

បានផុស

នៅ

ក្នុងគោលបំណងពង្រឹងការអនុវត្តវិធាននៃការចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកជញ្ជូនទំនិញតាម ផ្លូវទឹក​ជា​អន្តរជាតិ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​ចេញ​ការ​ណែនាំ​សំខាន់​ៗ ៣ ចំណុច​ឱ្យ​សហគ្រាសជាភ្នាក់ងារដែលបំពេញតួនាទីជាអ្នកតំណាងរបស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹក​អនុវត្ត​ឱ្យ​មានប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុលោមតាមប្រកាសលេខ ៤០៥ សហវ.ប្រក.អពដ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ស្តីពីកាតព្វកិច្ច សារពើពន្ធចំពោះសកម្មភាពអាជីវកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ សហគ្រាសជាភ្នាក់ងារដែល បំពេញតួនាទីជាអ្នកតំណាងរបស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹក ត្រូវចេញវិក្កយបត្រទៅឱ្យអតិថិជន ដែលមានរំលេចឈ្មោះសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ។

កន្លងមក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា សហគ្រាស​ដែលជា​ភ្នាក់ងារ​របស់សហគ្រាសដឹកជញ្ជូន តាមផ្លូវទឹកជាអន្តរជាតិមួយចំនួនអនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ ដោយ​នៅតែ​បន្តចេញវិក្កយបត្ររបស់​សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជន។

ក្នុងគោលបំណងពង្រឹងការអនុវត្តវិធាននៃការចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកជញ្ជូនទំនិញតាម ផ្លូវទឹកជាអន្តរជាតិឱ្យមានសង្គតិភាព សក្តិសិទ្ធិភាព និងត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពី ពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំបន្ថែមដល់​បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាស​ដែល​ជា​ភ្នាក់ងារ និង​ជា​គ្រឹះស្ថានអចិន្ត្រៃយ៍របស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដែលជា​អនិវាសន​ជន ត្រូវអនុវត្ត​តាម ៣ ចំណុច​សំខាន់​ដូច​ខាង​ក្រោម៖

១- សហគ្រាសជាភ្នាក់ងារ ត្រូវចេញវិក្កយបត្រជូនអតិថិជនក្នុងនាមសហគ្រាសដឹកជញ្ជូនទំនិញ តាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជន ហើយនៅលើវិក្កយបត្រត្រូវមានរំលេចឈ្មោះសហគ្រាសដឹកជញ្ជូន ទំនិញតាមផ្លូវទឹកជាអន្តរជាតិ។

២- សហគ្រាសជាភ្នាក់ងារ ត្រូវប្រើប្រាស់ទម្រង់វិក្កយបត្រដែលមានលេខរៀងវិក្កយបត្រ និងនិទ្ទេស សំខាន់ៗ ស្របតាមវិធាននៃការប្រើប្រាស់វិក្កយបត្រជាធរមាន។

៣- ក្នុងករណី សហគ្រាសជាភ្នាក់ងារដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ និងសហគ្រាសដឹកជញ្ជូន ទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជននៅតែបន្តអនុវត្តមិនបានត្រឹមត្រូវ នោះនឹងត្រូវរងពិន័យទណ្ឌកម្មដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បណ្ណាធិការ ឬកម្មសិទ្ធិករ​សហគ្រាស ដែលជាភ្នាក់ងារដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ និង សហគ្រាស​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក​ជា​អន្តរជាតិ​ដែលជាអនិវាសនជនទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្ត តាមខ្លឹមសារនៃ​សេចក្តីណែនាំនេះ​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម