ព័ត៌មានជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន ឱ្យក្រុមការងារមន្ទីរពេទ្យគន្ធបុប្ផាខំបំពេញការងារ ដើម្បីសង្គ្រោះជីវិត នាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងស្រ្តី
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ណែនាំឱ្យក្រុមការងារពាក់ព័ន្ធបន្តកិច្ចខិតខំបំពេញភារកិច្ចតាមមុខងាររៀងៗខ្លួន ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ព្រមទាំងសេវាសម្ភពនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ការណែនាំនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៥ រៀបចំឡើងនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។

ក្នុងកិច្ចប្រជុំ ជាបឋម អង្គភាពប្រតិបត្តិបានបង្ហាញជូនអង្គប្រជុំក្រុមប្រឹក្សាបរធនបាលថា ក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ, មូលនិធិគន្ធបុប្ផាកម្ពុជាមានចំណូលសរុបចំនួនជាង ២៩ លានដុល្លារអាម៉េរិក ឬកើនឡើង ៦% បើធៀបនឹងឆ្នាំ២០២៤ ដែលចំណូលនេះទទួលបានពីប្រភពសំខាន់ៗ ដូចជាវិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា, ការកាត់កម្រៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ការបរិច្ចាគរបស់សប្បុរសជនជាង ៤០ម៉ឺននាក់ និងចំណូលផ្សេងៗទៀត ជាពិសេសចំណូលដែលទទួលបានពីការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥។

ស្របពេលជាមួយគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានផ្ទេរថវិកាជាបន្តបន្ទាប់ចំនួនជាង ១២លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា បន្ថែមលើថវិកាចំនួន ១០លានដុល្លារអាម៉េរិក ដែលរាជរដ្ឋាភិបាលផ្ដល់ជូនតាមរយៈក្រសួងសុខាភិបាល និងមូលនិធិគន្ធបុប្ផាស្វីស ដើម្បីគាំទ្រប្រតិបត្តិការប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តោតលើចង្កោមសកម្មភាពសំខាន់ៗចំនួន ៤ រួមមានការកៀរគរថវិកា និងសហការជាមួយក្រសួង-ស្ថាប័នផ្សេងៗ, ការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ, ការអភិវឌ្ឍ និងធ្វើទំនើបកម្មឌីជីថល (គេហទំព័រ និង App), និងកម្មវិធីរម្លឹកឱ្យមានការបន្តចូលរួមបរិច្ចាគ និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត។ ក្រុមប្រឹក្សាបរធនបាល ក៏បានគាំទ្របេសកកម្មរបស់ក្រុមការងារ ក្នុងការជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងសហគមន៍ខ្មែរនៅបរទេសបន្តទៀត ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីមូលនិធិគន្ធបុប្ផាកម្ពុជា និងបំផុសចលនាកៀរគរថវិកាបរិច្ចាគ ព្រមទាំងជំរុញឱ្យបន្តកិច្ចសហការជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ឱ្យបានកាន់តែសកម្ម និងទៀងទាត់ផងដែរ។

តាមសេចក្ដីប្រកាសព័ត៌មាន អង្គប្រជុំក៏បានពិនិត្យលើរបាយការណ៍លទ្ធផល ឆ្នាំ២០២៥ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយក្នុងនោះមន្ទីរពេទ្យបានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួនជាង ១, ៤ លានករណី ដែលក្នុងនេះរួមមាន ៖ ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ១ ០៧១ ៦៣៧ ករណី។ ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន ២៣៣ ២៤៣ នាក់។ កុមារឆ្លងជំងឺគ្រុនឈាម ចំនួន ២២ ៩៨២ នាក់។ កុមារដែលត្រូវព្យាបាល និងវះកាត់ទូទៅ ចំនួន ៣៤ ៨៨៩ នាក់។ កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ១ ១៦៣ នាក់។ ស្រ្តីមានផ្ទៃពោះបានមកទទួលសេវាពិនិត្យ និងតាមដានផ្ទៃពោះនៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប ចំនួន ១០៨ ១៣៤ ករណី និងសម្រាលកូន ចំនួន ២៥ ៧៣៦ នាក់។
មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ៤៦ លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


