Connect with us

ព័ត៌មានជាតិ

មន្ទីរសម្រាកព្យាបាលចំនួនពីរបន្ថែមទៀតត្រូវ ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងលែងឱ្យផ្ដល់សេវា

បានផុស

នៅ

មន្ទីរសម្រាកព្យាបាលទំនប់ធំមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥១ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាលនិងមន្ទីរសម្រាកព្យាបាល អេស វី សម្បត្តិវឌ្ឍនៈដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៦A សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ត្រូវបាន ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងលែងឱ្យផ្តល់សេវាជូនសមាជិក ប.ស.ស.ជាបន្តទៀតហើយ ដោយសារមន្ទីរសម្រាកព្យាបាលទាំង ២ នេះ មិនមានលទ្ធភាពក្នុងការបន្តសេវាជាបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៤កម្ភៈនេះថា ការបញ្ចប់កិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យទាំងពីរខាងលើនេះដោយសារមន្ទីរសម្រាកព្យាបាល ទំនប់ធំ មិនសូវមាន សមាជិក ប.ស.ស. មកប្រើប្រាស់សេវា និងកង្វះខាតបុគ្គលិក។ ចំណែកមន្ទីរសម្រាកព្យាបាល អេស វី សម្បត្តិវឌ្ឍនៈ ស្នើសុំបញ្ចប់កិច្ចព្រមព្រៀងដោយមូលហេតុពុំមានទុនបម្រុងគ្រប់គ្រាន់ក្នុងការផ្តល់សេវាបន្ត។

លោកបណ្ឌិតបានបន្តថា ការបញ្ចប់ កិច្ចព្រមព្រៀងរបស់ មន្ទីរសម្រាកព្យាបាល ទំនប់ធំ មិនមានផលប៉ះពាល់ដល់ការប្រើប្រាស់សេវារបស់សមាជិក ប.ស.ស.ក្នុងតំបន់ក្បែរមន្ទីរសម្រាកព្យាបាលនោះទេ ដោយមានមូលដ្ឋានសុខាភិបាលសាធារណៈដែលជាដៃគូ ប. ស.ស. ចំនួន៥ ដែលមានលទ្ធភាពផ្តល់សេវាជូនសមាជិក ប.ស.ស. នៅក្នុងតំបន់នោះ។ចំណែកការបញ្ចប់កិច្ចព្រមព្រៀងរបស់មន្ទីរសម្រាកព្យាបាល អេសវី សម្បត្តិវឌ្ឍនៈវិញក៏ មិនមានផលប៉ះពាល់ ដល់ការប្រើប្រាស់ សេវារបស់សមាជិក ប.ស.ស.ក្នុងតំបន់ក្បែរមន្ទីរសម្រាកព្យាបាលនោះទេ ដោយមាន មូលដ្ឋានសុខាភិបាលសាធារណៈដែលជាដៃគូ ប.ស.ស. ចំនួន៧ ដែលមានលទ្ធភាពផ្តល់សេវាជូន សមាជិក ប.ស.ស. នៅក្នុងតំបន់នោះផងដែរ។

លោកបណ្ឌិតបានបញ្ជាក់ថាមន្ទីរសម្រាកព្យាបាល ទំនប់ធំ បានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ និងបានដាក់លិខិតស្នើសុំបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៥ និងទទួលបានការឯកភាពពីនិយ័តករសន្តិសុខសង្គម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ខណៈមន្ទីរសម្រាកព្យាបាល អេស វី សម្បត្តិវឌ្ឍនៈ បានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ និងបានដាក់លិខិតស្នើសុំបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាល នៅ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងទទួលបានការឯកភាពពីនិយ័តករសន្តិសុខសង្គម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។

លោកបណ្ឌិតបានឱ្យដឹងទៀតថា បច្ចុប្បន្នមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. មានចំនួន ១ ៦២៤ ក្នុងនោះមូលដ្ឋានសុខាភិបាលសាធារណៈ ចំនួន ១ ៤៤៥ និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១៧៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម