ព័ត៌មានជាតិ
យុវជនជាច្រើននាក់ក្នុងខេត្តរតនគិរី សម្រុកចុះឈ្មោះចូលរៀនវគ្គជំនាញបច្ចេកទេស ដើម្បីទទួលបានប្រាក់ខែសមរម្យ
យុវជន និងយុវនារីជាច្រើននាក់ បាននាំគ្នាសម្រុកចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងខេត្តរតនគិរី ដោយឥតគិតថ្លៃ ដើម្បីទទួលបានជំនាញពិតប្រាកដ សម្រាប់ឈានទៅបើកអាជីវកម្មផ្ទាល់ខ្លួន ឬស្វែងរកការងារធ្វើដែលមានចំណូលសមរម្យ សម្រាប់ជីវិតប្រចាំថ្ងៃ។ ក្នុងចំណោមយុវជនទាំងនេះ ពួកគេបានជ្រើសរើសវគ្គបណ្តុះបណ្តាលតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដូចជា ជំនាញអគ្គិសនី ជួសជុលម៉ូតូ កាត់សក់ និងជំនាញផ្នែកសម្រស់ សំអាង និងតុបតែងជាដើម។

យុវជន ង៉េង ប្រិម ជាជនជាតិដើមភាគតិចព្រៅ នៅស្រុកលំផាត់ បានប្រាប់ថា រូបលោកចាប់ផ្តើមចូលរៀនជំនាញក្រាហ្វិកឌីសាញ តាំងពីខែ មករា ឆ្នាំ២០២៥ ដោយរំពឹងថា បន្ទាប់ពីរៀនចប់អាចយកទៅបើកមុខរបរ ប្រកបការងារចិញ្ចឹមជីវិត ឬរកការងារធ្វើទទួលបានប្រាក់ខែសមរម្យ ។ សម្រាប់លោកគិតថា ការផ្តល់វគ្គសិក្សាជំនាញដោយឥតគិតថ្លៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រដូចរូបលោកមានឱកាសចាប់យកជំនាញពិតប្រាកដ។
ចំណែក យុវជន អាន សំណាង ដែលបានចាប់អារម្មណ៍រៀនជំនាញកាត់សក់ ប្រាប់ថា ការចាប់យកមុខជំនាញនេះដោយសារឃើញមានតម្រូវការខ្ពស់ក្នុងភូមិ ហើយងាយស្រួលសម្រាប់រូបលោកផ្ទាល់។ លោកថាបន្ទាប់បញ្ចប់ការសិក្សា ក៏មានគម្រោងបើកហាងកាត់សក់ផ្ទាល់ខ្លួន នៅស្រុកកំណើត។
សម្រាប់យុវជន រ៉ាយ ពើន ជាជនជាតិដើមភាគតិចគ្រឹង នៅស្រុកវើនសៃ បានប្រាប់កម្ពុជាថ្មីថា ពេញចិត្តរៀនជំនាញជួសជុលម៉ូតូ ពីព្រោះដោយសារក្តីស្រឡាញ់ពេញចិត្តជំនាញនេះ ដោយរំពឹងថាបន្ទាប់ពីរៀនចាប់ ក្លាយជាជាងជួសជុលមួយរូបរកប្រាក់ចិញ្ចឹមជីវិត ។ យុវជន ពើន ថ្លែងប្រាប់ថា៖« ខ្ញុំនៅរៀនសូត្រ និងស្នាក់នៅមជ្ឈមណ្ឌល ទទួលបានប្រាក់ឧបត្ថម្ភក្រីក្រប្រចាំខែ ២៨០ ០០០ រៀល ដោយសារខ្ញុំមកពីគ្រួសារក្រីក្រ»។

បើតាមលោក លីម សុងហួត នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រាប់កម្ពុជាថ្មីថា នៅក្នុងឆ្នាំ២០២៥ -២០២៦ មជ្ឈមណ្ឌលមានផែនការជ្រើសរើសសិស្ស ឲ្យចូលរៀនចំនួន ៧៣០ នាក់ ដែលរួមមានជំនាញចំនួន ១២។ ជំនាញទាំងនោះរួមមាន ដំឡើងបំពង់ទឹក ការងារកំបោរ បណ្តាញអគ្គិសនីក្នុងអាគារ ៩០ នាក់ រចនាក្រាហ្វិកកុំព្យូទ័រ សេវាកម្មកំព្យូទ័រ សេវាកម្មសំអាងកាយ សេវាកម្មកាត់សក់ ថែទាំជួសជុលទោចក្រយានយន្ត ភេសជ្ជៈធុរកិច្ច ការដាំថែទាំកៅស៊ូ និងផ្នែកការចិញ្ចឹមថែទាំត្រីប្រា។ លោកបន្តថា ជាក់ស្តែងសិស្សដែលចូលរៀន ក្នុងកម្រិតបរិញ្ញាបត្ររង C1 និង C2 មានសិស្សចូលរៀនចំនួន ៤១៨ នាក់ ក្នុងនោះមានស្រីចំនួន ១៤១ នាក់ ។ លោកបញ្ជាក់ថា សិស្សដែលដាក់ពាក្យចូលរៀន នៅមជ្ឈមណ្ឌលវិជ្ជាជីវៈ ទទួលយកសិស្សពីអាយុ ១៥ ឆ្នាំ ទៅ ៣៥ ឆ្នាំ ត្រូវភ្ជាប់មកជាមួយនូវប្រវត្តិរូប អត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសារ។
ដោយឡែក សិស្សដែលបានបញ្ចប់ការសិក្សា នឹងត្រូវបានរៀបចំឲ្យចូលរួមកម្មសិក្សានៅតាមក្រុមហ៊ុន និងសហគ្រាសនានា ក្នុងខេត្តរតនគិរី ហើយបន្ទាប់មក មជ្ឈមណ្ឌលក៏ជួយស្វែងរកការងារជូនសិស្សផងដែរ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់មានគោលដៅសម្រាប់ជីវិត ឬមិនដឹងថាត្រូវប្រកបមុខរបរអ្វី អាចមកចុះឈ្មោះរៀននៅមជ្ឈមណ្ឌលបាន ដោយមិនគិតថ្លៃសិក្សា ព្រោះជាសាលារដ្ឋស្ថិតក្រោមក្រសួងការងារ។

យុវតី សុខ បញ្ញា ដែលបានចាប់យកជំនាញសំអាងការ បានថ្លែងប្រាប់ថា ដោយសារខ្លួនស្រឡាញ់ជំនាញនេះតាំងពីតូច ណាមួយចង់ពេលរៀនចប់ចង់បើកតូបមួយនៅក្នុងភូមិ ដោយសារនៅទីនោះមិនសូវមានអ្នកប្រកបមុខរបរនេះ។
បើមអ្នកស្រី ខាំ ណយ ជាគ្រូបណ្តុះបណ្តាលជំនាញសម្អាងកាយ ថ្លែងប្រាប់កម្ពុជាថ្មី វគ្គសិក្សានេះផ្តល់ជំនាញទៅលើការម៉ាស្សាមុខ ធ្វើក្រចក ផាត់មុខ។ វគ្គសិក្សានេះ អាស្រ័យទៅលើទេពកោសល្យ ជួនកាល១ អាទិត្យ ឬ ២ អាទិត្យ ឬទៅដល់ ១ ខែ ទើបរៀនចេះ។ លោកស្រី រំពឹងថា សិស្សដែលទទួលបានការបណ្តុះបណ្តាលហើយ នឹងយកជំនាញទៅបង្កើតបើកមុខរបរផ្ទាល់ខ្លួន ឬធ្វើការនៅក្នុងហាងទទួលបានប្រាក់ខែសមរម្យ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


