Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន ស្លាប់មនុស្ស៣១នាក់ និងរបួស ១៦៩នាក់

បានផុស

នៅ

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសប៉ាគីស្ថាន បានបណ្តាលឲ្យមនុស្ស៣១នាក់ស្លាប់និង១៦៩នាក់ទៀតរងរបួស ខណៈក្រុមរដ្ឋឥស្លាម (IS) ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

(រូបថត៖ Reuters)

តាមសេចក្តីរាយការណ៍របស់ BBC, ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសុក្រទី៦ខែកុម្ភៈឆ្នាំ២០២៦ នៅវិហារឥស្លាម Shia ក្នុងរដ្ឋធានីឥស្លាម៉ាបាដ តែម្តង ដោយគ្រាប់បែកបានផ្ទុះនៅពេលអ្នកកាន់សាសនា ជួបជុំគ្នាធ្វើការអធិស្ឋានថ្ងៃសុក្រ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ឃោរឃៅនេះ ហើយចេញបញ្ជាឲ្យបើកការស៊ើបអង្កេតនិងវែកមុខអ្នកនៅពីក្រោយការវាយប្រហារនេះជាបន្ទាន់។

(រូបថត៖ Reuters)

យ៉ាងណា ក្រុម IS បានចេញមុខប្រកាសទទួលស្គាល់ថានេះជាស្នាដៃរបស់ខ្លួន ហើយថែមទាំងបង្ហាញរូបថតអ្នកបំផ្ទុះគ្រាប់បែក និងបញ្ជាក់អត្តសញ្ញាណច្បាស់ៗទៀតផង។

ក្រុម IS បញ្ជាក់ថា អ្នកបំផ្ទុះគ្រាប់បែកមានឈ្មោះ Sayf Allah al-Ansari ដែលវាយប្រហារក្នុងនាមក្រុម IS សាខា​ «ខេត្តប៉ាគីស្ថាន»។

មួយរយៈនេះ ការបំផ្ទុះគ្រាប់បែកអត្តឃាតជាស្នាដៃរបស់ក្រុម IS មិនសូវញឹកញាប់ដូចកាលពីមុនទេ។ ​បើនិយាយពីហេតុការណ៍នៅឥស្លាម៉ាបាដ វាជារឿងដ៏កម្រដែលគ្រាប់បែកត្រូវបំផ្ទុះក្នុងរដ្ឋធានីមួយនេះ។

(រូបថត៖ Reuters)

យ៉ាងណា កាលពីខែវិច្ឆិកាឆ្នាំមុន មនុស្ស១២នាក់បានស្លាប់និង២៧នាក់រងរបួស ក្នុងការផ្ទុះនៅខាងក្រៅតុលាការ។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានប៉ាគីស្ថានសម្រាប់ការសិក្សាអំពីជម្លោះ និងសន្តិសុខ (PICSS), អំពើហិង្សានៅប៉ាគីស្ថានក្នុងឆ្នាំ២០២៥ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣ ៤១៣ នាក់ កើនឡើងពី ១ ៩៥០ នាក់បើធៀបនឹងឆ្នាំ២០២៤ ខណៈក្នុងនោះរួមមានសកម្មប្រយុទ្ធចំនួន ២ ១៣៨ នាក់ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម