Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីដែនដី ជឿជាក់ថា ខេត្តកោះកុងនឹងលែងមានបញ្ហាវិវាទដីធ្លី ក្រោយចុះបញ្ជីវាស់វែងជាប្រព័ន្ធរួចរាល់

បានផុស

នៅ

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោលដី បានបង្ហាញក្តីជឿជាក់ទុកមុនថា ខេត្តកោះកុងនឹងលែងមានកើតមានបញ្ហាវិវាទដីធ្លីដ៏ស្មុគស្មាញទៀតហើយ ក្រោយពីបានវាស់វែង និងចែកប័ណ្ណកម្មសិទ្ធិរួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.៣០០ជូនប្រជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សាយ សំអាល់ អះអាងថា ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាប្រព័ន្ធសុវត្ថិភាពរឹងមាំផ្នែកផ្លូវច្បាប់ និងចូលរួមចំណែកដ៏សំខាន់បំផុតលើយន្តការដោះស្រាយបញ្ចប់វិវាទដី។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោលដី មើលឃើញថា នៅពេលខេត្តកោះកុងចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធហើយនោះ យើងកំពុងគិតគូរពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមបម្រើផលប្រយោជន៍ជូនខេត្ត និងជីវភាពប្រជាពលរដ្ឋ ខណៈខេត្តសំបូរទៅដោយធនធានធម្មជាតិ។

លោក សាយ សំអាល់ បានបន្តថា សម័យសម្តេចតេជោ បានផ្តល់មរកតដីធ្លីជូនពលរដ្ឋ ក្រោយបញ្ចប់សង្រ្គាមឆ្នាំ១៩៩៧ ចំណែកឯសម័យដឹកនាំរបស់សម្តេចបវរធិបតី ជាអ្នកផ្តល់សុវត្ថិភាពផ្លូវច្បាប់ជូនពលរដ្ឋ ដោយមិនចង់ឱ្យបញ្ហាទំនាស់ដីធ្លីនេះកើតមានបង្កភាពស្មុគស្មាញទៀតឡើយ។ ដូច្នេះលោកមិនចង់ឃើញបញ្ហាវិវាទដីធ្លីកើតឡើងជាថ្មីម្តងទៀតនោះឡើយ។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៦នេះ ខេត្តកោះកុងបានវាស់វែងក្បាលដីចំនួន១សែន៤,១០០ក្បាលដី បានប្រកាសតំបន់វិនិច្ឆ័យចំនួន ១១១ភូមិ ក្នុងចំណោម១១៩ភូមិ ទូទាំងខេត្ត។ បានបិទផ្សាយចប់ចំនួន ៥ម៉ឺន៥,៨៨៩ក្បាលដី។ បានប្រមូលទិន្នន័យក្បាលដីចំនួន ៦ម៉ឺន៩,៥៤២ក្បាលដី បានបញ្ចូលទិន្នន័យក្បាលដីក្នុងកុំព្យូទ័រចំនួន ៦ម៉ឺន៤,៦១៥ក្បាលដី ។ បានគូរក្បាលដីក្នុងកុំព្យូទ័រចំនួន ៩ម៉ឺន០,៥៧៣ក្បាលដី។ បានចេញប័ណ្ណចំនួន ៣ម៉ឺន១,៩៦៨ប័ណ្ណ និងបានចែកប័ណ្ណជូនប្រជាពលរដ្ឋដល់ដៃចំនួន ២ម៉ឺន៨,៧៨៣ប័ណ្ណ។

លោកស្រីអភិបាលខេត្ត ឱ្យដឹងទៀតដែរថា ក្រុមការងារមន្ត្រីបច្ចេកទេស និងអ្នកស្ម័គ្រចិត្ត បានអនុវត្តតាមនីតិវិធី នៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងអ្នកកាន់កាប់ប្រើប្រាស់ដីជាក់ស្តែង នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឈានដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចំនួន ១,៣០០ប័ណ្ណ ទំហំ២៨៥,៥០ហិកតា ស្មើនឹង៩៧០គ្រួសារ។
ទន្ទឹមនោះ អាជ្ញាធរខេត្តកោះកុង បន្តខិតខំលើការងារដោះស្រាយវិវាទដីធ្លី ការងារសម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច និងការងារលំនៅឋានឆ្ពោះទៅរៀបចំទីប្រជុំជនខេត្ត ក្រុង ស្រុកឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដាសំណង់ ដែលធានាបាននូវគុណភាព សុវត្ថិភាព សោភណភាព និងរបៀបរៀបរយសាធារណៈ។

លោក ឯក កុសល និងអ្នកស្រី សំរិទ្ធ សោភា រស់នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បង្ហាញក្តីរីករាយយ៉ាងខ្លាំងពេលបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ។ ពួកគាត់ ថ្លែងថា គាត់រង់ចាំយូរខែណាស់ដែរ ទំរាំមានថ្ងៃនេះ។
ពលរដ្ឋដដែល អះអាងថា ប័ណ្ណកម្មសិទ្ធិដីធ្លី ជាការបញ្ជាក់ថាការរស់នៅ និងអាស្រ័យលើដីធ្លីជាក់ស្តែងស្របច្បាប់ ដោយមិនខ្លាចមាននរណាម្នាក់រំលោភបំពានទៅអនាគត។ ពួកកគាត់នឹងរក្សាប័ណ្ណកម្មសិទ្ធិនេះឱ្យគង់វង្សល្អ និងប្រើប្រាស់ដោយការទទួលខុសត្រូវមិនឱ្យបាត់បង់៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម