Connect with us

ព័ត៌មានជាតិ

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០២៦ បញ្ចប់ទៅដោយភាពជោគជ័យ ជាមួយការសម្តែងដ៏អស្ចារ្យ

បានផុស

នៅ

ក្រុមសិល្បៈកំប្លែងជប៉ុនលំដាប់ពិភពលោក GABEZ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានបង្ហាញវត្តមានយ៉ាងអស្ចារ្យនៅក្នុង ប្រទេសកម្ពុជា តាមរយៈការសម្តែងក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ ២០២៦។ តារាកំប្លែងទាំងពីរបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា “សំណើច និងសិល្បៈ” គឺជាភាសាសកលដែលគ្មានដែនកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចលេចធ្លោបំផុតនៃមហោស្រពនេះ គឺការសហការសម្តែងដ៏អស្ចារ្យក្នុងពិធីបើក ដែលក្រុម GABEZ បានចែករំលែកឆាក ជាមួយ “ហ្វារពន្លឺសិល្បៈ” (Phare Ponleu Selpak) ដែលជាអង្គការសិល្បៈទស្សនីយភាពដ៏លេចធ្លោមួយរបស់កម្ពុជា។ ការរួមបញ្ចូលគ្នារវាងសិល្បៈ “កំប្លែងស្ងប់ស្ងាត់” (Silent Comedy) របស់ GABEZ និងសិល្បៈសៀកកម្រិតពិភពលោក របស់ហ្វារ បានបង្កើតឱ្យមានស្ពានវប្បធម៌ដ៏រឹងមាំ ដែលជានិមិត្តរូបនៃចំណង មិត្តភាព “គីហ្សូណា” យ៉ាងជ្រាលជ្រៅរវាងជប៉ុន និងកម្ពុជា។ ការស៊ីចង្វាក់គ្នាយ៉ាងរលូនរវាងក្រុមទាំងពីរ គឺជាសក្ខីភាពនៃសិល្បៈនិទានរឿងដ៏អស្ចារ្យ ដែលបានលាយបញ្ចូល គ្នានូវភាពច្បាស់លាស់របស់ប្រទេសជប៉ុន ជាមួយនឹងដួងព្រលឹងសិល្បៈរបស់ប្រទេសកម្ពុជា និងបានធ្វើឱ្យភ្ញៀវកិត្តិយស និងទស្សនិកជនទាំងអស់ស្ងើចសរសើរមិនដាច់ពីមាត់។

បន្ថែមពីនេះ GABEZ ក៏បានចុះទៅធ្វើទស្សនកិច្ចពិសេសនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈដើម្បីជួបជាមួយសិល្បករវ័យ ក្មេងកម្ពុជាផងដែរ។ក្រុម GABEZ បានចែករំលែកបច្ចេកទេសនៅក្នុងអាជីពគេ និងភាពកំប្លែងដ៏រីករាយដល់សិល្បករវ័យក្មេង កម្ពុជា។ វាជារូបភាពដ៏កក់ក្តៅបំផុតដែលអ្នកបន្តវេនសិល្បៈកម្ពុជា បានរៀនសូត្រពីសិល្បករកម្រិតពិភពលោក ហើយវាក៏ជាឱកាសមួយដែលវប្បធម៌ខុសគ្នាពីរ រួមបញ្ចូលគ្នាជាធ្លុងមួយ។

ក្រុម GABEZ ក៏បានធ្វើការសម្តែងសារជាថ្មីទៅកាន់ទស្សនិកជនដែលមកចូលរួមក្នុងថ្ងៃបិទមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា 2026 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ បរិយាកាសនេះ ក៏បានប្រព្រឹត្តឡើងពោរពេញ ដោយថាមពល ខណៈដែលអ្នកទស្សនាយ៉ាងច្រើនកុះករបានមកជួបជុំគ្នា ដើម្បីទស្សនាការសម្តែងបែបកំប្លែង និងឈុតឆាក “Live Manga” របស់ក្រុម GABEZ។

នេះគឺជាឱកាសដ៏កម្រសម្រាប់ទស្សនិកជនកម្ពុជាដើម្បីទស្សនាការសម្តែងរបស់ GABEZ ដែលត្រូវបានទទួលស្គាល់កម្រិតពិភពលោក។ ទោះបីជាមហោស្រពគីហ្សូណាបានបញ្ចប់ទៅមែន ប៉ុន្តែការចងចាំ នៃការសម្តែង ដ៏អស្ចារ្យរបស់ពួកគេ នឹងនៅតែជាឧទាហរណ៍នៃការបន្តមិត្តភាពរវាងប្រជាជាតិទាំងពីររបស់យើង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម