Connect with us

ព័ត៌មានជាតិ

ប្រធាន ស.ស.យ.ក ខេត្តកណ្តាល ជំរុញទឹកចិត្តដល់សមាជិក បន្តចូលរួមបរិច្ចឈាមស្ម័គ្រចិត្តឱ្យបានទៀងទាត់

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល (ស.ស.យ.ក) បានជំរុញ និងលើកទឹកចិត្ត ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តទាំងអស់ឱ្យបន្តចូលរួមក្នុងការបរិច្ចឈាមដោយស្ម័គ្រចិត្តឱ្យបានទៀងទាត់ ដើម្បីទុកសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ ទន្ទឹមនេះ លោកបានណែនាំដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល មន្ទីរពេទ្យជ័យជំនះ និងមន្ទីរពេទ្យតេជោសែនកោះធំ គិតគូរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងឈាមឱ្យបានល្អ ត្រូវតាមដានបរិមាណឈាមឱ្យបានជាប្រចាំ ព្រមទាំងធ្វើការផ្ទេរទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅពេលចាំបាច់ ដើម្បីកាត់បន្ថយការខូចខាត់ធនធានឈាម ដោយសារតែឈាមអាចរក្សាទុកបានត្រឹមតែ៤ សប្តាហ៍ប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់សមាជិកឱ្យបន្តពង្រឹងសកម្មភាពស្ម័គ្រចិត្ត ក្នុងការបម្រើសង្គមជាតិ ជាពិសេសត្រូវបន្តផ្សព្វផ្សាយ និងពង្រីកសមាជិក ស.ស.យ.ក ឱ្យបានកាន់តែច្រើនឡើងថែមទៀត សំដៅជួយគ្នាក្នុងការងារកសាងសង្គមជាតិឱ្យមានភាពរីកចម្រើន។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ការងាររបស់សមាជិក ស.ស.យ.ក គឺជាការងារស្ម័គ្រចិត្ត ដោយមិនមានប្រាក់ឧបត្ថម្ភ ឬប្រាក់ខែឡើយ ប៉ុន្តែជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ទទួលបាននូវបទពិសោធន៍ជាក់ស្ដែងពីការងាររបស់ខ្លួន មានឱកាសទទួលបានជោគជ័យឆាប់រហ័សក្នុងជីវិត»។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល (ស.ស.យ.ក) ទាំងអស់ដែលបានខិតខំបំពេញការងារស្នូលរបស់ខ្លួន ក្នុងការបម្រើកិច្ចការសង្គម និងការងារស្ម័គ្រចិត្តនានាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម