ព័ត៌មានអន្ដរជាតិ
រោងចក្រ និងកំពង់ផែចិន នៅតែមមាញឹក «ដូចគ្មានពន្ធ ត្រាំ» មុនចូលឆ្នាំចិន
មួយឆ្នាំក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើងកាន់អំណាចហើយដាក់ពន្ធខ្ពស់ រោងចក្រ និងកំពង់ផែរបស់ចិននាពេលនេះ កំពុងមមាញឹកខ្លាំងមុនបុណ្យចូលឆ្នាំចិន ដោយឃើញទាំងកំណើនសកម្មភាពពាណិជ្ជកម្មទៀតផង រហូតដល់អ្នកជំនាញខ្លះពិពណ៌នាថា «ដូចគ្មានពន្ធ ត្រាំ»។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC កាលពីថ្ងៃពុធ (១១ កុម្ភៈ)។

ជាធម្មតា សកម្មភាពរោងចក្រចិនកើនឡើងនៅដើមឆ្នាំ ដោយក្រុមហ៊ុនផលិតនានាប្រញាប់ប្រញាល់បំពេញតម្រូវការបញ្ជាទិញ និងដឹកជញ្ជូនទំនិញ មុនចូលដល់ថ្ងៃបុណ្យចូលឆ្នាំចិន។ ភាពមមាញឹកមុនថ្ងៃឈប់សម្រាកនៅឆ្នាំនេះ ហាក់ដូចជាខ្លាំងដូចរាល់ដង ទោះបីជាមានការដំឡើងពន្ធរបស់ពី ត្រាំ ក្ដី។
លោក Renaud Anjoran ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកនៅខេត្តក្វាងទុង Agilian Technology បាននិយាយថា រោងចក្ររបស់លោកដំណើរការស្ទើរតែពេញចំណុះ ទោះបីជារងការដាក់ពន្ធរយៈពេលមួយឆ្នាំហើយក្ដី។
លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងរវល់ខ្លាំងណាស់។ យើងត្រលប់ទៅស្ថានភាពដែលដូចជាគ្មានពន្ធគយ។ អតិថិជនអាមេរិកមិនបានគិតគូរអំពីការទិញទំនិញពីកន្លែងផ្សេងទៀតទេ»។ លោកបន្ថែមថា អតិថិជនមួយចំនួនត្រូវចំណាយបន្ថែមដើម្បីទិញ និងដឹកជញ្ជូនទំនិញទៀតផង។
រោងចក្ររបស់លោកនៅក្នុងទីក្រុង Dongguan នាំចេញផលិតផលជាងពាក់កណ្តាលរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយរក្សាការនាំចេញនៅកម្រិតដូចមុនពេលលោក ត្រាំ ដាក់ពន្ធកាលពីឆ្នាំមុនដែរ។
ដោយឡែក ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ China Beige Book ដែលផ្ដោតលើទីផ្សារចិន បាននិយាយថា៖ «រោងចក្រនានាបានឃើញការបញ្ជាទិញ ផលិតកម្ម និងប្រាក់ចំណូលកើនឡើងខ្ពស់ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន»។ ក្រុមហ៊ុនបានប៉ាន់ប្រមាណថា ក្នុងខែមករា ទិន្នផលឧស្សាហកម្មបានកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយការបញ្ជាទិញក្នុងស្រុក និងនាំចេញ «បានកើនឡើងយ៉ាងខ្លាំងធៀបនឹងឆ្នាំមុន និងខែមុន(ធ្នូ ២០២៥)»។
ទិន្នន័យផ្លូវការអំពីទិន្នផលឧស្សាហកម្មសម្រាប់ខែមករា និងកុម្ភៈពីរដ្ឋាភិបាលចិន គ្រោងនឹងចេញនៅខែក្រោយ។
កំពង់ផែសំខាន់ៗរបស់ចិន មានកុងតឺន័រច្រើនជាងធម្មតា រហូតដល់ ៤០% ក្នុងសប្តាហ៍គិតថ្ងៃទី ១ ខែកុម្ភៈ បើប្រៀបធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺជាកំណើនខ្លាំងបំផុតក្នុងរយៈពេលជាង១ឆ្នាំ។ នេះបើតាមក្រុមអ្នកវិភាគផ្នែកដឹកជញ្ជូន និងភស្តុភារនៅធនាគារ HSBC។
នៅកំពង់ផែទីក្រុង Ningbo ដែលជាកំពង់ផែសំខាន់មួយរបស់ចិន កន្លែងចុះចតទំនិញសុទ្ធតែដាក់លើសចំណុះ។ កប៉ាល់មួយចំនួនត្រូវបានកក់ឱ្យដឹកទំនិញលើសកំណត់របស់ខ្លួនដល់ទៅ ២០% ខណៈកំពង់ផែដដែលបានឈប់ទទួលយកកុងតឺន័រថ្មី។ នេះបើតាមការអះអាងរបស់លោក Jay Guo សាកលវិទ្យាធិការនៃវិទ្យាស្ថាន Ningbo China សម្រាប់នវានុវត្តន៍ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
ភាពមមាញឹកបែបនេះ ក៏បានជំរុញឱ្យមានកំណើនតម្លៃដឹកជញ្ជូនផងដែរ ខណៈអ្នកជំនាញទីផ្សារខ្លះបានលើកឡើងថា ភាពមមាញឹកនៅរោងចក្រចិនកើតឡើងទោះបីជាក្រុមហ៊ុននានា កំពុងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេក្ដី។ ក្រុមហ៊ុនពហុជាតិជាច្រើនកំពុងពន្លឿនយុទ្ធសាស្ត្រផ្គត់ផ្គង់ «ចិន+១» នៅអាស៊ីអាគ្នេយ៍ និងនៅជិតទីផ្សារដូចជាម៉ិកស៊ិក និងផ្នែកខ្លះនៃអឺរ៉ុប ប៉ុន្តែពួកគេនៅតែបន្តរក្សាផលិតកម្ម ឬការផ្គត់ផ្គង់ដ៏សំខាន់នៅចិន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


