កីឡា
កីឡាករវ័យក្មេង ៣ នាក់ កំពុងលេចធ្លោខ្លាំងក្នុងវិស័យគុនខ្មែរបច្ចុប្បន្ន
បច្ចុប្បន្នមានកីឡាករវ័យក្មេង ដែលមានសក្តានុពលជាច្រើនក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ ប៉ុន្តែក្នុងចំណោមនោះ មានកីឡាករវ័យក្មេង ៣ នាក់ត្រូវបានគេមើលឃើញ កំពុងមានភាពលេចធ្លោជាងគេទាំងប្រជាប្រិយភាព និងសមិទ្ធផលផ្សេងៗ។

កីឡាករដំបូងគេ គឺគោរមៈ ច័ន្ទរាជ្យ ត្រូវជាកូនសិស្សរបស់លោកគ្រូហ៊ុន ចាន់រាជ្យ។ កីឡាករហាត់នៅក្លិប Cambodia Top Team រូបនេះ មានវ័យទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេមានសមត្ថភាពគួរឱ្យស្ងើចសរសើរ ដោយអាចប្រកួតច្រើនទម្រង់ ទាំងគុនខ្មែរ គុនចម្រុះ និងឃីគបុកស៊ីងជាដើម។ កីឡាករមានប្រវត្តិប្រកួតសរុបចំនួន ៨៨ ដង ក្នុងនោះឈ្នះ ៧៣ ដង ចាញ់ ១២ និងស្មើ ៣។
បច្ចុប្បន្ន គោរមៈ ច័ន្ទរាជ្យ មានខ្សែក្រវាត់ដល់ទៅ ៨ ខ្សែហើយ ខណៈខ្សែក្រវាត់ចាប់អារម្មណ៍បំផុត គឺខ្សែក្រវាត់ស្ថាប័ន ISKA ចំនួន ២ ខ្សែ និងខ្សែក្រវាត់គុនចម្រុះ GMA ដែលដណ្តើមមកពី វៀតណាម ចំនួន ២ ខ្សែ។ ក្រៅពីខ្សែក្រវាត់ទាំងនេះ កីឡាករនៅមានសមិទ្ធផលជាច្រើនទៀត ដូចជាមេដាយមាសគុនចម្រុះបុរាណខ្មែរ និងពានរង្វាន់មួយចំនួនទៀត។

កីឡាករលេចធ្លោទី ២ គឺកូនសិស្សលោកគ្រូពេជ្រ សុផាន់ កីឡាករពេជ្រ សិង្ហៈ។ កីឡាករវាយទម្រង់បុក មិនដែលញញើតដៃគូរូបនេះ បច្ចុប្បន្នមានវ័យ ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានសមិទ្ធផលជាច្រើនទាំងខ្សែក្រវាត់ ពាន និងមេដាយមាសកីឡាឃីគបុកស៊ីង។ ពេជ្រ សិង្ហៈ អាចប្រកួតច្រើនទម្រង់មិនចាញ់គោរមៈ ច័ន្ទរាជ្យប៉ុន្មានទេ ដោយអាចប្រកួតទាំងគុនខ្មែរ និងឃីគបុកស៊ីង។ កីឡាករមកពីខេត្តកំពង់ស្ពឺរូបនេះ ត្រូវបានគេមើលឃើញ ថា ជាកីឡាករមានទីផ្សារខ្លាំងនាពេលបច្ចុប្បន្ន ដោយការប្រកួតធំតូចក្នុងទម្ងន់ ៥១ គីឡូក្រាម តែងតែមានមុខរូបគេជានិច្ច។ កីឡាករមានកំណត់ត្រាប្រកួត ៦១ ដង ឈ្នះ ៥២ ដង ចាញ់ ៨ ដង និងស្មើ ១ ដង។

កីឡាករលេចធ្លោទី ៣ គឺ ឌឹម សារុំ ត្រូវជាកូនសិស្សរបស់លោកគ្រូសំអាង ឌុន។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្លិបគុនខ្មែរអន្តរជាតិ (KKIF)។ ឌឹម សារុំ ជាកីឡាករមានសមត្ថភាពពិសេសម្នាក់ ជាពិសេសលើការប្រើកណ្តាប់ដៃដ៏ប៉ិនប្រសព្វ និងការបម្លាស់ចលនាលឿន រហ័សនៅលើសង្វៀន។ រូបគេចាប់ផ្តើមលេចធ្លោខ្លាំង បន្ទាប់ពីយកឈ្នះលើពេជ្រ សិង្ហៈ ២ ប្រកួតជាប់ៗគ្នា។ ការឈ្នះពេជ្រ សិង្ហៈ កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ បានធ្វើឱ្យកីឡាករវ័យ ១៨ ឆ្នាំរូបនេះ ឈ្នះខ្សែក្រវាត់ជាលើកដំបូងនៅក្នុងអាជីពខ្លួន។ កំណត់ត្រាប្រកួតរបស់គេក៏ចាប់អារម្មណ៍ផងដែរ ដោយប្រកួតសរុបចំនួន ២៩ ដង ក្នុងនោះចាញ់តែ ២ ដងប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ ថា ក្រៅពីកីឡាករខាងលើ នៅមានកីឡាករគុនខ្មែរវ័យក្មេងជាច្រើនទៀត ដែលកំពុងមានសមត្ថភាពលេចធ្លោគួរឱ្យកត់សម្គាល់ដូចគ្នា ប៉ុន្តែការសម្រេចជ្រើសរើសយកកីឡាករ ៣ នាក់នេះមកបង្ហាញ ដោយសារពួកគេបច្ចុប្បន្នជាកីឡាករវ័យក្មេងកំពុងមានប្រជាប្រិយភាពខ្លាំង និងមានសមទ្ធផលច្រើន៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


