ព័ត៌មានជាតិ
វិស័យអចលនវត្ថុពិតជាជាប់គាំងមែនទេ? អ្នកឧកញ៉ា សំ សុខនឿន បង្ហាញការវិភាគពីស្ថានភាពទីផ្សារពិតប្រាកដ
ភ្នំពេញ ៖ អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃ សម្ព័ន្ធក្រុមហ៊ុន Sam Sn Group បានលើកឡើងថា ការនិយាយថា «វិស័យអចលនវត្ថុនៅកម្ពុជាកំពុងជាប់គាំង» គឺជាការយល់ឃើញទូទៅដែលមិនបានឆ្លុះបញ្ចាំងភាពជាក់ស្តែងទាំងមូលនៃទីផ្សារនោះទេ។

អ្នកឧកញ៉ាបញ្ជាក់ថា បងប្អូនជាច្រើនទាំងអ្នកវិនិយោគជនជាតិខ្មែរ និងជនជាតិបរទេស ក៏ដូចជាអ្នកដែលមិនសូវប្រឡូកក្នុងវិស័យនេះ តែងនិយាយថាវិស័យអចលនវត្ថុកំពុងជាប់គាំង។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកវិនិយោគផ្ទាល់ និងធ្វើការក្នុងវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំ អ្នកឧកញ៉ា សំ សុខនឿន បានចែករំលែកថា ទីផ្សារអចលនវត្ថុមិនមែនជាប់គាំងទាំងស្រុងនោះទេ ប៉ុន្តែជាទីផ្សារដែលកំពុងផ្លាស់ប្តូរទៅតាមតម្រូវការពិតប្រាកដ។
តម្រូវការលំនៅដ្ឋានតម្លៃសមរម្យនៅតែខ្ពស់
អ្នកឧកញ៉ាបានឲ្យដឹងថា ប្រភេទផ្ទះលំនៅដ្ឋាន ឬខុនដូដែលមានតម្លៃសមរម្យចន្លោះពី 17,000 ដុល្លារ ដល់ 49,000 ដុល្លារ នៅក្នុងរាជធានីភ្នំពេញ កំពុងមានតម្រូវការខ្ពស់ពីប្រជាជនកម្ពុជា ហើយបង្ហាញថាទីផ្សារក្នុងកម្រិតមធ្យមនៅតែមានសកម្មភាពល្អ។
វីឡាប្រណិតនៅតែមានតម្រូវការ ប៉ុន្តែមិនដូចមុនឆ្នាំ២០១៩
ចំពោះវីឡាប្រណិតសម្រាប់រស់នៅផ្ទាល់ខ្លួន អ្នកឧកញ៉ាបានបញ្ជាក់ថា នៅតែមានអ្នកទិញ ដូចជាមន្រ្តីរាជការកម្រិតខ្ពស់ និងអ្នកជំនួញធំៗ ប៉ុន្តែការទិញមានលក្ខណៈ «ភ្លៀងរលឹម» មួយៗ ហើយមិនមានសន្ទុះខ្លាំងដូចមុនឆ្នាំ២០១៩ ដែលមនុស្សជាច្រើនទិញទុកសម្រាប់ចំណេញនោះទេ។

ដីល្អក្នុងភ្នំពេញនៅតែមានអ្នកទិញ ប៉ុន្តែទីផ្សារយឺត
អ្នកឧកញ៉ា សំ សុខនឿន បានបន្ថែមថា ដីធ្លីក្នុងភ្នំពេញ ដែលមានទីតាំងល្អលើផ្លូវធំ និងរូបរាងដីល្អៗ ទោះបីលក់ក្នុងតម្លៃទាបជាងទីផ្សារមុនឆ្នាំ២០១៩ ប្រហែល 30% ទៅ 50% ក៏នៅតែមានអ្នកទិញដែរ។ ប៉ុន្តែការទិញលក់មានលក្ខណៈយឺត ដោយសារអ្នកទិញមានជម្រើសច្រើន និងមានអំណាចក្នុងការចរចារតម្លៃ។

ដីសម្រាប់រោងចក្រ ឃ្លាំង និងតំបន់សេដ្ឋកិច្ចពិសេសមានតម្រូវការកើនឡើង
អ្នកឧកញ៉ាបញ្ជាក់ថា ដីធ្លីសម្រាប់រោងចក្រ ឃ្លាំង សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសនៅខេត្តជាប់រាជធានីភ្នំពេញ កំពុងមានតម្រូវការជាហូរហែរ។ ទោះជាយ៉ាងណា តម្លៃដែលអ្នកទិញចង់បានភាគច្រើនមិនលើសពី 10 ដុល្លារ/ម៉ែត្រការ៉េ និងជាប្រភេទដីទំហំធំ សម្រាប់ពង្រីកអាជីវកម្មនាពេលអនាគត។ ការទិញលក់ក្នុងផ្នែកនេះក៏ត្រូវការពេលវេលាយូរដែរ ដោយសារត្រូវឆ្លងកាត់ដំណើរការបច្ចេកទេស និងផែនការវិនិយោគច្បាស់លាស់។
ដីកសិកម្ម និងដីកសិ-ឧស្សាហកម្មមានតម្រូវការតិចតួច
ចំពោះដីកសិកម្ម និងដីកសិ-ឧស្សាហកម្ម អ្នកឧកញ៉ាបានបញ្ជាក់ថា តម្រូវការទិញមានតិចតួច ដោយសារអ្នកវិនិយោគដីធ្លីធំៗមួយចំនួន បានបង្វែរទិសទៅវិនិយោគក្រៅប្រទេស និងបម្លែងដីដែលធ្លាប់ទិញទុកចោលទៅជាដីកសិកម្ម ឬដីកសិ-ឧស្សាហកម្មវិញ។ ទន្ទឹមនឹងនេះ ប្រភេទដីដែលមានតម្រូវការត្រូវជាដីទំហំធំ និងតម្លៃមិនលើសពី 3 ដុល្លារ/ម៉ែត្រការ៉េ ទើបមានឱកាសលក់ចេញ។
ខុនដូតម្លៃខ្ពស់មានអ្នកទិញ តែមានកំណត់
អ្នកឧកញ៉ាបានឲ្យដឹងថា ខុនដូក្នុងតំបន់ពិសេសដូចជា បឹងកេងកង 1 និង ដូនពេញ ដែលជាប្រភេទ Premium មានតម្លៃខ្ពស់ នៅតែមានអ្នកទិញមួយៗ ប៉ុន្តែមិនច្រើន ហើយតម្រូវការនៅក្នុងទីផ្សារប្រភេទនេះមានកំណត់។

គម្រោងដែលមានការគាំទ្រពីធនាគារ និងហិរញ្ញវត្ថុរឹងមាំ គឺជាគន្លឹះសំខាន់
ជាចុងក្រោយ អ្នកឧកញ៉ា សំ សុខនឿន បានសង្កត់ធ្ងន់ថា គម្រោងអភិវឌ្ឍន៍ដែលមានឱកាសទទួលបានការជឿទុកចិត្ត និងជាជម្រើសរបស់អ្នកទិញ ត្រូវតែមានការគាំទ្រពីធនាគារដល់អ្នកទិញ ក្នុងអត្រាការប្រាក់សមរម្យ និងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ដែលអាចធានាបានថាគម្រោងអាចបន្តអភិវឌ្ឍដោយរលូន។
អ្នកឧកញ៉ាបញ្ជាក់ថា ទីផ្សារអចលនវត្ថុមិនមែនជាប់គាំងទាំងស្រុងនោះទេ ប៉ុន្តែកំពុងស្ថិតក្នុងដំណាក់កាល “ជ្រើសរើស” និង “សម្របខ្លួន” ទៅតាមស្ថានភាពសេដ្ឋកិច្ច និងតម្រូវការពិតប្រាកដរបស់អ្នកប្រើប្រាស់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


