Connect with us

ព័ត៌មានជាតិ

សហគមន៍អន្តរជាតិបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

មន្ត្រីការទូតរបស់ហ្វីលីពីន ចក្រភពអង់គ្លេស និងជប៉ុន បានបញ្ជាក់ជាថ្មីនូវការគាំទ្រលើដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ តាមមន្ត្រីការទូតទាំងនោះ រដ្ឋាភិបាលរបស់ពួកគេនឹងចូលរួមជួយពង្រឹងបទឈប់បាញ់ដែលកំពុងមានភាពផុយស្រួយ ដោយជំរុញឲ្យមានការអនុវត្តដ៏ពេញលេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកស្រី Flerida Ann Camille P. Mayo បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ទីក្រុងម៉ានីល ក្នុងនាមជាប្រធានអាស៊ាន នឹងបន្តគាំទ្រការឃ្លាំងមើលនូវបទឈប់បាញ់ និងលើកកម្ពស់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា។


លោកស្រីឯកអគ្គរដ្ឋទូត និយាយថា ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៦នេះ បានប្តេជ្ញាថា នឹងពង្រឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីជួយដល់ការអនុវត្តបទឈប់បាញ់ដ៏ផុយស្រួយរវាងកម្ពុជា និងថៃ។
ការបញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងពេលលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន រួមជាមួយបណ្ដាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជា បានចុះពិនិត្យនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ដែលទីតាំងទាំងនោះយោធាថៃបានឈ្លានពានកាន់កាប់ដោយខុសច្បា់ ហើយកំពុងបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។


លោកស្រី ថា៖«ក្នុងនាមជាគ្រួសារអាស៊ានតែមួយ យើង សង្ឃឹមថានឹងមានដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ»។


ថ្លែងប្រាប់សារព័ត៌មាន ក្នុងដំណើរចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែនជាមួយគ្នានោះ ទីប្រឹក្សាអមស្ថានទូតជប៉ុន លោក Matsuda Junsaku បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់រដ្ឋាភិបាលជប៉ុន ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធ។
លោក Matsuda Junsaku និយាយថា ជប៉ុននឹងបន្តជំនួយមនុស្សធម៌ និងធ្វើការជាមួយដៃគូអាស៊ាន ដើម្បីគាំទ្រយន្តការឈប់បាញ់ និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង។


រីឯលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បន្ទាប់ពីបានចុះមើលជាក់ស្ដែងទីតាំងនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់ត្រកួន ក៏ដូចជាឃើញពលភៀសសឹកកំពុងស្នាក់នៅមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន លោកបានសម្តែងការអាណិតអាសូរដល់ពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់ថៃមកលើកម្ពុជា។


លោកឯកអគ្គរាជទូត បានបញ្ជាក់ពីការបន្តអំពាវនាវរបស់ចក្រភពអង់គ្លេសឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន ដែលលោកចាត់ទុកថា នេះជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ។ លោក Dominic Williams សរសេរដូច្នេះលើទំព័រហ្វេសប៊ុករបស់លោក។


គួរជម្រាបថា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា បានដឹកនាំបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះទៅទីតាំងចំនួន៣ ដែលយោធាថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដោយខុសច្បាប់នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។


ក្នុងដំណើរចុះពិនិត្យនេះ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេស បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕


អត្ថបទដោយ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម