Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពង្រីកបណ្តាញ​ទឹក​ស្អាត​បន្ថែម ៣៩៩ គីឡូម៉ែត្រ គ្រប​ដណ្តប់​ដល់ ៨៨៧ ភូមិ ស្មើ ៩២%

បានផុស

នៅ

នៅឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកបណ្តាញ​ទឹក​ស្អាត​បន្ថែមចំនួន ៣៩៩ គីឡូម៉ែត្រ ដោយ​បង្កើនសមត្ថភាពផលិតដល់ជាង ១លានម៉ែត្រ​គូបក្នុងមួយថ្ងៃ និងពង្រីកសេវាគ្របដណ្តប់ដល់ ៨៨៧ ភូមិ ស្មើនឹង ៩២% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាជីវកម្មឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែង​ថា សមិទ្ធផលទាំងនេះគឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈរ និងជាមោទនភាពរបស់អង្គភាព និងបុគ្គលិកគ្រប់លំដាប់ថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងផ្តល់សេវាទឹកស្អាតជូនអតិថិជនជាង ៥៣ ម៉ឺនតំណ ដែលមានប្រជាពលរដ្ឋជិត ៣ លាននាក់ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

ទន្ទឹមនឹងសមិទ្ធផលទាំងនេះ រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​បានណែនាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដើម្បីធានានិរន្តរភាពរយៈពេលវែង តាមរយៈការពង្រីកការលក់ទឹកដុំទៅតំបន់សក្តានុពលសេដ្ឋកិច្ច, ពន្លឿនការពង្រីកបណ្តាញដើម្បីឱ្យប្រជាជន ១០០% ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់យ៉ាងយូរត្រឹមឆ្នាំ២០២៨, និងត្រួតពិនិត្យឡើងវិញនូវការផ្តល់សេវាដោយភាគីទីបី។

បន្ថែមពីនេះ លោក​រដ្ឋមន្រ្តី​ក៏បានជំរុញការ​បន្តធ្វើសវនកម្មថាមពលក្នុងដំណើរការផលិតកម្ម ការពង្រឹងទំនើបកម្មស្ថាប័ន និងការកាត់បន្ថយអត្រាទឹកគ្មានចំណូល ដោយលើកឡើងថា ការកាត់បន្ថយបាន ១% គឺស្មើនឹងបង្កើនចំណូលបាន ១លានដុល្លារ

ចំពោះសន្តិសុខសាយប័រ និងការការពារប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗ លោក​បានណែនាំឱ្យរដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ធានាឱ្យបាននូវនិរន្តរភាពប្រតិបត្តិការ ដោយសង្កត់ធ្ងន់ថា ទឹកស្អាតគឺជាសេវា
សាធារណៈដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ច។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាជីវកម្មឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មាន​ការ​ចុះអនុស្សរណៈលើកិច្ចសហការផ្គត់ផ្គង់ទឹកដុំដល់ប្រតិបត្តិករ​ស្អាតឯកជន និងការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្តល់សេវាតាមទូរសព្ទដៃ PPWSA Mobile App ដែលនឹងបន្ត​ពង្រឹងការផ្តល់សេវា និងកៀរគរការចូលរួមពីអតិថិជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម