Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី បង្ហាញបំណងចុះជួបពលរដ្ឋភៀសសឹកកម្ពុជានៅតាមព្រំដែន

បានផុស

នៅ

អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (Francophonie) លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) មានបំណងទៅជួបប្រជាពលរដ្ឋជនភៀសសឹកកម្ពុជានៅតាមព្រំដែន។ បំណងនេះ ត្រូវបានបង្ហាញឱ្យដឹងក្នុងពេលលោកស្រី បានចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី បានលើកឡើងពីការតាមដានដោយយកចិត្តទុកចំពោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើងពេលនេះ ហើយលោកស្រី បានបញ្ជាក់ប្រាប់សម្តេចតេជោ ថា លោកស្រីមកប្រទេសកម្ពុជាពេលនេះ ក៏នឹងឆ្លៀតទៅសួរសុខទុក្ខជនភៀសខ្លួននៅព្រំដែនផងដែរ។ នេះបើតាមការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ។

បើតាមលោក ជា ធីរិទ្ធ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការចាប់អារម្មណ៍របស់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ដែលមានបំណងគ្រោងទៅជួបជនភៀសខ្លួននៅព្រំដែនពេលនេះ។ សម្តេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា ជាពិសេសការគ្រោងទៅសួរសុខទុក្ខជនភៀសសឹកគឺជាការបង្ហាញយ៉ាងច្បាស់នូវជំហររបស់លោកស្រីក្នុងការគាំទ្រដល់សន្តិភាព ដោយមិនចង់ឃើញសង្គ្រាមកើតឡើង។  

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងធានាអះអាងពីសន្តិសុខ សុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងត្រូវរៀបចំឡើងនៅកម្ពុជាផងដែរ ត្បិតកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃ ក៏ប៉ុន្តែសម្ដេចថា មិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ខាងមុខនោះទេ។

តាមរយៈលោកស្រីអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី សម្តេចតេជោបានផ្ញើសារទៅថ្នាក់ដឹកនាំ ដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ កុំមានការព្រួយបារម្ភ។

សម្តេចតេជោ បញ្ជាក់ថា កម្ពុជារង់ចាំស្វាគមន៍នូវគណៈប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅពេលខាងមុខ បើទោះបីជាពិភពលោកបន្តនូវសកម្មភាពដ៏ស្មុគស្មាញក៏ពិតមែន តែតាមរយៈនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ សម្តេចតេជោ សង្ឃឹមថា នឹងទទួលបានលទ្ធផលជោគជ័យល្អប្រសើរទុកជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជាផង និងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម