Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ២០២៦ ផ្សារភ្ជាប់សាមគ្គីភាពជាតិ និងគាំទ្រវីរកងទ័ពជួរមុខ

បានផុស

នៅ

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ គ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីជាតិ ឱ្យកាន់តែទូលំទូលាយ ព្រមទាំងបន្តពង្រឹងការផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ មានគោលបំណងថែរក្សា និងការពារមរតកវប្បធម៌ដូនតា ដែលជាផ្នែកមួយនៃខឿនការពារជាតិ។ ព្រមទាំងចូលរួមជំរុញសេដ្ឋកិច្ចជាតិ ទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ស្របតាមយុទ្ធនាការ «ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Home Coming» និងបង្ហាញពីសាមគ្គីភាព ឯកភាព និងភាពធន់របស់ជាតិ។

ឯកឧត្តមបានបន្ថែមថា ក្នុងឱកាសនោះ ក៏នឹងមានពិធីសាសនាឧទ្ទិសកុសលដល់វីរយុទ្ធជនពលី និងជនរងគ្រោះ ព្រមទាំងបួងសួងសុំសេចក្តីសុខ សុភមង្គលជូនប្រទេសជាតិផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មី គឺជាឱកាសជួបជុំមហាគ្រួសារខ្មែរ ប៉ុន្តែជាមួយគ្នានោះ ក៏ជាឱកាសឱ្យប្រជាជនខ្មែរគ្រប់ទិសទី បង្ហាញសាមគ្គីភាព និងរំលឹកដល់វីរភាព ក៏ដូចជាការលះបង់របស់វីរយុទ្ធជននាពេលកន្លងមក។

ឯកឧត្តមបានសង្កត់ធ្ងន់ថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ បានគិតគូរយ៉ាងម៉ត់ចត់អំពីសកម្មភាពដែលគួរធ្វើ និងមិនគួរធ្វើ ដើម្បីធានាថា ការសប្បាយរីករាយមិនភ្លេចវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញ។ ព្រឹត្តិការណ៍នេះ គឺជាការពង្រឹងស្មារតីជាតិ អត្តសញ្ញាណជាតិ និងផ្សព្វផ្សាយអំពីអ្វីដែលជាខ្មែរ ទៅកាន់ឆាកអន្តរជាតិ។ នៅពេលប្រឈមបញ្ហា ប្រជាជនត្រូវរួមកម្លាំងគ្នា ស្មាគៀកស្មា ខិតខំអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នឹងប្រារព្ធឡើងរយៈពេល៦ថ្ងៃ នៅតំបន់សំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ រួមមាន រមណីយដ្ឋានវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារ Vattanac Capital Lifestyle ផ្សាររាត្រី និងទីតាំងផ្សេងៗទៀត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ក្រសួងព័ត៌មាន សមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានបានត្រឹមត្រូវ និងទាន់ពេលវេលា ជាពិសេសព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម