ព័ត៌មានជាតិ
ព្រះមហាក្សត្រ នឹងយាងបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត នាខែមេសា ខាងមុខ
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត ដែលព្រះរាជពិធីនេះ នឹងប្រារព្ធទៅនាថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្ត។

ក្នុងឱកាសចុះពិនិត្យនោះ សម្ដេចមហាមន្ត្រី បានបង្ហាញថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីនេះ ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។ សម្តេច បានលើកឡើងថា អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ហើយព្រះរាជពិធីនេះដែរ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង។
សម្ដេច បានបន្ថែមថា ព្រះរាជពិធីនេះ មិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ វាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។

សម្ដេច ជឿជាក់ថា ការប្រារព្ធព្រះរាជពិធីនេះនៅទីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ។ ក្នុងន័យនេះ សម្តេចប្រាប់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងសហការជិតស្និទ្ធ ដើម្បីបំពេញភារកិច្ចទៅតាមមុខជំនាញឯកទេសរបស់ខ្លួនឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរលើការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ពេលវេលា និងសកម្មភាពពាក់ព័ន្ធសំខាន់ៗក្នុងពេលប្រារព្ធព្រះរាជពិធី៕
ដោយ៖ គឿន វេត


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


