Connect with us

កីឡា

លោក ជា ច័ន្ទបរិបូរណ៍ ផ្តោត​លើ​កត្តា​សំខាន់ ៤ ក្រោយ​ក្លាយ​ជា​ប្រធាន EFC អាណត្តិ​ថ្មី

បានផុស

នៅ

លោក ជា ច័ន្ទបរិបូរណ៍ ត្រូវ​បាន​អង្គមហាសន្និបាត​បោះ​ឆ្នោត​សម្រេច​ឲ្យ​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) អាណត្តិ​ទី​៤ ឆ្នាំ ២០២៦-២០៣០ បន្ទាប់​ពីដឹក​នាំ​អាណត្តិ​ទី​៣ ឆ្នាំ ២០២២-២០២៦ ប្រកប​ដោយ​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លន់ សាមឌី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​លើក​ឡើង​ពី សមិទ្ធផល​សំខាន់ៗ អាណត្តិ​ទី​៣​កន្លង​មក​ថា សហព័ន្ធកីឡា​អេឡិចត្រូនិក​កម្ពុជា ទទួល​​បាន​សមិទ្ធផល​ជា​ច្រើន​សម្រប​តាម​ផែន​ការ​គ្រោង​ទុក​ក្នុង​នោះ​ ការ​ប្រកួត​ក្នុង​ប្រទេស ការ​ប្រកួត​អន្តរជាតិ​ ការ​ទទួល​បាន​មេដាយ​អន្តរជាតិ​ជូន​ជាតិ ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ការ​អភិវឌ្ឍ​បច្ចេកទេស​ភាសា និង​ទំនាក់​ទំនង​អន្តរជាតិ។ ជា​ពិសេស នៅ​ពេល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ក្រុម​កីឡាករ កីឡាការិនី​អេឡិចត្រូនិក​កម្ពុជា បាន​ឈ្នះ​មេដាយ​ចំនួន ៥ គ្រឿង គឺ មាស ៣ ប្រាក់ ១ និង​សំរិទ្ធ ១ ដែល​លើស​ពី​​ផែន​ការ​រំពឹង​ទុក ព្រម​ទាំង​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ ជា​ច្រើនទៀត​ពី​ការ​ប្រកួត​អន្តរជាតិ។

លោក​បាន​សង្កត់​ធ្ងន់​ថា បន្ទាប់​ពី​ដំណើរ​ការ​ដោយ​ជោគជ័យ​ស្រប​តាម​គោលការណ៍​កីឡាជាតិ​​ ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រម​ទាំង​​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​គ្រប់​គ្រប់​កម្រិត សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​តាម​រយៈ​កញ្ចប់​ថវិកា​​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ដើម្បី​បន្ត​អភិវឌ្ឍ​​បន្ត​ទៀត។

ជា​មួយ​គ្នា​នេះ លោក ជា ច័ន្ទបរិបូរណ៍ ដែល​បាន​ក្លាយ​ជា​ប្រធានអាណត្តិ​ថ្មី​បាន​សម្រេច​ឲ្យ​គណៈកម្មការ​ប្រតិបត្តិ​បន្ត​អនុវត្តផែន​ការ​ថ្មី​ៗ​បន្ថែម​ទៀត។ ថ្លែង​ទៅ​កាន់​អង្គមហាសន្និបាត​ លោក​ប្រធាន​បាន​សង្កត់​ធ្ងន់​លើ​កត្តា​សំខាន់​ ៤​ ដើម្បី​រួម​ចំណែក​ជួយ​សង្គម។ ទី១ សហព័ន្ធ កីឡាករ កីឡាការិនី និង​ដៃ​គូ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​រួម​គ្នា​ផ្សព្វផ្សាយ​ពី​ផល​វិបាក​នៃ​ការ​ប្រើ​ប្រាស់​គ្រឿងញៀន និង​ធ្វើ​ឲ្យ​កីឡា​​អេឡិចត្រូនិក​ស្អាត​ស្អំ​ដោយ​គ្មាន​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន។

លោក​បាន​បន្ត​ថា ៖«ទី​២ យើង​រួម​គ្នា​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍ និង​គោរព​ច្បាប់​ចរាចរណ៍ និង​ទី​៣ យើង​ត្រូវ​រួម​គ្នាលើក​កម្ពស់ និង​ស្អាត​បរិស្ថាន។ ទី​៤ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ត្រូវ​រៀបចំ​ឲ្យ​ភាសា​បច្ចេកទេស​ត្រឹម​ត្រូវ ជា​ពិសេស​បង្កើត​ឲ្យ​មាន​សន្ទានុក្រម​​​​សម្រាប់​កីឡា​អេឡិចត្រូនិក»។

សូម​បញ្ជាក់​ថា គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា គឺ​មាន​លោក ជា ច័ន្ទបរិបូរណ៍ ជា​ប្រធាន លោក ជី សិលា ជា​អនុប្រធាន​ លោក លន់ សាមឌី ជាអគ្គលេខាធិការ និង​មាន​អគ្គលេខាធិការ​រង ២ រូប ព្រម​ទាំង​អគ្គហិរញ្ញិក ១ រូប និង​សមាជិក ៣ រូប៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម