Connect with us

ព័ត៌មានជាតិ

បារាំង​៖ កម្ពុជាលុបចោលទោសប្រហារជីវិត សបញ្ជាក់ពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស

បានផុស

នៅ

រដ្ឋមន្រ្តីអឺរ៉ុប និងការបរទេសបារាំង Jean-Noël Barrot  កត់សម្គាល់ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចដែលបានលុបចោលទោសប្រហារជីវិត ដែលនេះសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បង្ហាញពីការកត់សម្គាល់ដូច្នេះ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស នៃកម្ពុជា លោក ប្រាក់ សុខុន ក្នុងថ្ងៃទី២៥ ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឱ្យដឹងថា រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសរបស់បារាំង ក៏បានបង្ហាញពីបំណងអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ចូលរួមសមាជពិភពលោកលើកទី៩ ស្ដីពីការប្រឆាំងនឹងទោសប្រហារជីវិតដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ខាងមុខ នៅទីក្រុងប៉ារីស។

គួរឱ្យដឹងថា កម្ពុជា បានសម្រេចលុបចោលទោសប្រហារជីវិតនៅក្នុងឆ្នាំ១៩៨៩ ពោល គឺនៅក្នុងសម័យកាលគ្រប់​គ្រង និងដឹកនាំដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ការលុបចោលទោសប្រហារជីវិត ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា ៣២។ មាត្រា៣២  បានចែងថា៖ «ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវឱ្យមានទៀតឡើយ។»។ ទោសប្រហារជីវិត ត្រូវបានជំនួសដោយទោសជាប់ពន្ធនាគារមួយជីវិតវិញ។

នៅតំបន់អាស៊ាន ប្រទេសកម្ពុជា ហ្វីលីពីន និងទីម័រខាងកើត បានលុបចោលទោសប្រហារជីវិត ខណៈដែលប្រទេសព្រុយណេ ឡាវ និងមីយ៉ាន់ម៉ា នៅរក្សាទោសនេះ តែមិនអនុវត្ត ឬក៏យកទៅអនុវត្តទោសផ្សេង។ ប៉ុន្តែ ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងវៀតណាម នៅតែរក្សាទោសប្រហារជីវិត និងបន្តអនុវត្តទោសនេះមកដល់ពេលបច្ចុប្បន្ន។

កម្ពុជា ក៏ជារដ្ឋភាគីនៃកតិកាសញ្ញាស្តីពីសិទ្ធិប្រជាពលរដ្ឋ និងនយោ​បាយ និងជាភាគីនៃពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិតផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម