Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ទេសចរណ៍​ជំរុញ​ទូត​ខ្មែរ​នៅ​បរទេសជួយ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​កម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ហួត ហាក់ បាន​ជំរុញ​ដល់​ឯកអគ្គរាជទូត​កម្ពុជា​នៅ​បរទេស​ទាំង​អស់​ចូល​រួម​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ និង​កិត្តិនាម​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ដែល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​រដ្ឋ​បរទេស​ចំនួន​៤៣​រូប​កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៦ លោក ហួត ហាក់ បាន​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​តំណាង​កម្ពុជា​ប្រទេស​រដ្ឋ​បរទេស​ទាំង​នោះ​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​កិត្តិនាម​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភពលោក ព្រមទាំង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទេសចរណ៍។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ទេសចរណ៍៖ «កិច្ចពិភាក្សា​បាន​ផ្លាស់ប្ដូរ​មតិ​យោបល់​ស៊ី​ជម្រៅ​លើ​យុទ្ធសាស្ត្រ​ថ្មីៗ ទាក់ទាញ និង​បង្កើត​ភាព​ធន់ ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​ដ៏​ឆាប់រហ័ស ស្មុគស្មាញ និង​មិន​អាច​ប៉ាន់ស្មាន​នា​ពេល​បច្ចុប្បន្ន សំដៅ​ទាក់ទាញ និង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ តាម​រយៈ​ការ​ពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា»


ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី ប៉ាស៊ីហ្វិក(PATA) លោក ធួន ស៊ីណាន បាន​ឱ្យ​ដឹង​ថា​តាម​ការ​អង្កេត​របស់​លោក​កន្លង​មក​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋ​បរទេស​តិច​តួច​ប៉ុណ្ណោះ​ដែល​សកម្ម​លើ​ការ​ជំរុញ​ទេសចរណ៍​កម្ពុជា​ ខណៈ​លោក​បាន​បង្ហាញ​ក្ដី​សង្ឃឹម​​ថា​ជំនួប​រវាង​រដ្ឋមន្ត្រី​ទេសចរណ៍​ និង​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ពេល​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ល្អ​លើ​ការ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភព​លោក​។ ​​

លោក​ថា៖ «កន្លង​មក​ឃើញ​ថា​ទូត​តិច​ណាស់​ដែល​បាន​អនុវត្តន៍​កិច្ច​ការងារ​ទាំង​ឡាយ​ទាំង​ពួង​ដែល​ជា​កាតាព្វកិច្ច​របស់​ពួក​គាត់​ហ្នឹង​ យើង​ឃើញ​ថា​តិច​មែន​ទែន ទូត​ខ្លះ​​នៅ​បណ្ដា​ប្រទេស​ខ្លះ​នោះ​ប្រជាជន​ខ្មែរ​ក៏​មិន​ដែល​បាន​ស្គាល់​ មិន​ដែល​ឃើញ​មុខ​ទូត​ហ្នឹង​មិច​ផង​។ យើង​កុំ​និយាយ​ដល់​ពួក​អ្នក​វិនិយោគ​ឬ​ដៃ​គូរ​ពាក់ព័ន្ធ​នៅ​ប្រទេស​មួយ​ៗ​ហ្នឹង​។ ប៉ុន្ដែ​សម្រាប់​ខ្ញុំ​​វា​មិន​យឺត​ពេល​ទេ​ការ​ដែល​យើង​ផ្លាស់​ប្ដូរ​ចរិត​អាកប្បកិរិយា​របស់​យើង​ធ្វើ​ការ​ ដោយ​ឈរ​លើ​និយម​ន័យ​ស្នេហាជាតិ​លើ​មនសិការ​ជាតិ​ហ្នឹង​»។


ទោះ​ជា​យ៉ាងណា​លោក ស៊ីណាន យល់​ឃើញ​ថា​ឯកអគ្គរាជទូត​កម្ពុជា​ដែល​បញ្ជូន​ទៅ​ថ្មីៗ​មួយ​ចំនួន​នៅ​ពេល​នេះ​ក៏​កំពុង​បង្ហាញ​សកម្មភាព​សកម្ម​ជា​ច្រើន​ក្នុង​កិច្ច​ការ​​ការពារ​កម្ពុជា​នៅ​ប្រទេស​ដែល​បាន​បញ្ជូន​ទៅ​នោះ​ផង​ដែរ។

សូម​ជម្រាប​ផង​ដែរ​ជំនួប​រវាង​រដ្ឋមន្ត្រី​ទេសចរណ៍ និង​ឯកអគ្គរាជទូត​ខ្មែរ​ទាំង​៤៣​រូប​នៅ​ពេល​នេះ​គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​ពី​នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ការបរទេស​ផង​ដែរ​។

របាយការណ៍​ស្ថិតិ​ទេសចរណ៍​ឆ្នាំ​២០២៥ ឱ្យ​ដឹង​ថា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​លេង​កម្ពុជា​មាន​ចំនួន​ ៥,៥៧លាននាក់ ថយ​ចុះ​១៦,៩%​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ភ្ញៀវ​ពី​ប្រទេស​ចំនួន​៣​ដែល​ចូល​មក​លេង​កម្ពុជា​ច្រើន​ជាង​គេ​គឺ​វៀតណាម​ដែល​មាន​ជាង​ ១លាន២សែននាក់ ប្រហាក់ប្រហែល​គ្នា​នឹង​ភ្ញៀវ​ទេសចរ​ចិន​ដែល​ឈរ​លំដាប់​ទី២​ និង​ភ្ញៀវ​ទេសចរ​ថៃ​មាន​ជាង​១លាន​នាក់​ឈរ​លំដាប់​ទី​៣។ ដោយ​ឡែក​ប្រទេស​ផ្សេង​ទៀត​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម