ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ជំរុញគ្រប់ភាគីស្រាវជ្រាវជំងឺផ្តាសាយបក្សីនៅកម្ពុជា ផ្តល់ជាធាតុចូលធ្វើគោលនយោបាយកាន់តែមានប្រសិទ្ធិភាពខ្ពស់
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ធ្វើការសិក្សាស្រាវជ្រាវលើជំងឺផ្តាសាយបក្សីនៅប្រទេសកម្ពុជា ដើម្បីប្រមូលផ្តុំនូវភស្តុតាងវិទ្យាសាស្រ្តរឹងមាំសំដៅផ្តល់ជាធាតុចូលក្នុងការធ្វើគោលនយោបាយ និងយុទ្ធសាស្រ្តសុខភាពតែមួយកាន់តែមានប្រសិទ្ធិភាពខ្ពស់។

ថ្លែងបើកសិក្ខាសាលា ស្តីពីការស្រាវជ្រាវ លើជំងឺផ្តាសាយបក្សី នៅកម្ពុជាដោយប្រើវិធីសាស្រ្តសុខភាពតែមួយ៖ ផ្តើមពីកត្តាគំរាមកំហែង ប្រែក្លាយទៅជាការត្រៀមលក្ខណៈនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅព្រឹកថ្ងៃទី៥មីនានេះ លោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយក៏បានជំរុញឱ្យលើកកម្ពស់ការស្រាវជ្រាវ និងផ្តល់ឱកាសស្រាវជ្រាវ ទាក់ទងនឹងជំងឺឆ្លង ជាពិសេសជំងឺផ្តាសាយបក្សី A/H5N1 ដល់អ្នកស្រាវជ្រាវវ័យក្មេង និងនិស្សិត ដែលទាំងនេះ នឹងចូលរួមចំណែកពង្រឹងមូលដ្ឋានចំណេះដឹងដល់ពួកគាត់។

លោកស្រីវេជ្ជបណ្ឌិតបានណែនាំទៀតថា ការងារចាំបាច់ និងបន្ទាន់សម្រាប់យើង គឺការបង្កើតនូវយន្តការរួមមួយដើម្បី រៀបចំផែនទីតម្រង់ទិស ការងារស្រាវជ្រាវ ដែលមានលក្ខណៈសហការគ្នាពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី ដោយប្រើវិធីសាស្ត្រ «សុខភាពតែមួយ» និងកំណត់ចំណុចខ្វះខាតក្នុងការស្រាវជ្រាវជាអាទិភាពរបស់យើងសម្រាប់ការត្រៀមខ្លួនទុកជាមុន និងការឆ្លើយតបចំពោះជំងឺផ្តាសាយបក្សី និងត្រូវលើកជាសកម្មភាពអាទិភាពបំពេញចំណុចខ្វះខាតទាំងនេះ ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនៃកិច្ចសហប្រតិបត្តិការ អន្តរអង្គភាព និងក្នុងតំបន់ ព្រមទាំងបច្ចេកវិទ្យាព័ត៌មានវិទ្យា បញ្ញាសប្បនិមិត្ត។

លោកស្រីវេជ្ជបណ្ឌិតបានរំលឹកថា ជំងឺផ្តាសាយបក្សី A(H5N1) ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០០៣។ ជំងឺនេះ បានបង្កជាមហន្តរាយសម្រាប់សុខភាពសាធារណៈ ដោយសារ អត្រានៃការស្លាប់របស់អ្នកជំងឺមានកម្រិតខ្ពស់ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ យើងមិនបានរកឃើញជំងឺផ្តាសាយបក្សីលើមនុស្សទេ ក្នុងប្រទេសយើង។ ប៉ុន្តែចាប់ពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៥ ការរកឃើញនូវករណីផ្តាសាយបក្សីថ្មីៗ ជាបន្តបន្ទាប់នៅកម្ពុជា នេះ បានរំឭកយើងអំពីតម្រូវការសម្រាប់ការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាប្រចាំដើម្បីឆ្លើយតប និងគ្របគ្រងការរីករាលដាលនៃជំងឺនេះអោយមានប្រសិទ្ធិភាពខ្ពស់។

លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា បរិបទអេកូឡូស៊ីរបស់ប្រទេសកម្ពុជា ដែលការចិញ្ចឹមសត្វមាន់-ទានៅតាមផ្ទះសំបែង និងតាមកសិដ្ឋាន ដង់ស៊ីតេខ្ពស់នៅតាមទីផ្សារលក់សត្វបក្សីរស់ ការប្រាស្រ័យទាក់ទងជិតស្និទ្ធរវាងមនុស្ស និងសត្វ ព្រមទាំងសម្ពាធបរិស្ថាន និងអាកាសធាតុ បានបង្កើតឱ្យមានតម្រូវការចាំបាច់សម្រាប់យុទ្ធសាស្ត្រត្រៀមខ្លួនក្នុងការការពារ និងប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺផ្តាសសាយបក្សីនេះ។ ប្រទេសកម្ពុជាបានប្រកាន់យកនូវវិធីសាស្រ្តសុខភាពតែមួយ ដោយទទួលស្គាល់ថា សុខភាពមនុស្ស សត្វ និងបរិស្ថានមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ។

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន យើងបានពង្រឹងការរកឃើញជំងឺនេះ និងគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា បង្កើនការយល់ដឹង និងបង្កើតយុទ្ធសាស្ត្រឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកស្រីវេជ្ជបណ្ឌិត ជឿជាក់ថា សិក្ខាសាលាដែលរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនាពេលនេះ នឹងក្លាយជាការចាប់ផ្តើមនៃការចងក្រងជាក្រុមការងារសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ សម្រាប់ការងារស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សីនៅកម្ពុជា ដោយប្រើវិធីសាស្ត្រ «សុខភាពតែមួយ» ហើយក្រុមការងារនេះដើរតួរនាទីស្នូលមួយក្នុងការផ្តល់និងផ្សព្វផ្សាយនូវភស្តុតាងវិទ្យាសាស្រ្ត ដល់គ្រប់ភាគីពាក់ពន្ធ័ទាំងក្នុងប្រទេស ក្នុងតំបន់ និងអ្នកវិទ្យាសាស្រ្តលើពិភពលោកដើម្បីជំរុញភាពធន់នឹងការឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលា សម្រាប់ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីដែលអាចកើតមានឡើងគ្រប់ពេលវេលានាពេលអនាគត។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានថ្លែងថាប្រទេសកម្ពុជាបានឈានមុខគេក្នុងការរៀបចំប្រពន្ធ័តាមដានជំងឺដែលឆ្លងពីសត្វមកមនុស្សតាមរយៈកិច្ចសហការល្អរវាង សុខាភិបាល ជាមួយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។ ប៉ុន្តែយើងនៅខ្វះ ក្រសួង យន្តការសម្របសម្រួលការធ្វើការងារសិក្សាស្រាវជ្រាវអំពីជំងឺផ្តាសាយបក្សីនេះដោយប្រើប្រាស់វិធីសាស្ត្រ សុខភាពតែមួយ និងខ្វះខាតនូវសមត្ថភាពធនធានមនុស្សក្នុងការងារស្រាវជ្រាវជំងឺឆ្លងដែលកើតឡើងថ្មីៗ។ ដូចនេះសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងជួយពង្រឹងការត្រៀមខ្លួនទុកជាមុនក្នុងការឆ្លើយតបចំពោះជំងឺផ្តាសាយបក្សី នៅប្រទេសកម្ពុជា និងការគំរាមកំហែងពីជំងឺឆ្លងចេញពីសត្វផ្សេងៗទៀត ដែលអាចនឹងកើតចេញមកជាយថាហេតុនៅពេលអនាគត តាមរយៈការរៀបចំបង្កើតនូវ ក្រុមការងារសម្របសម្រួលការងារស្រាវជ្រាវ មួយដែលមានចរិតលក្ខណៈបែប «សុខភាពតែមួយ» ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ សហការគ្នា ពីក្រសួងសុខាភិបាល ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


