Connect with us

ព័ត៌មានអន្ដរជាតិ

សមា​ជិក​ណាតូ​ឯក​ភាព​គ្នា​បន្ត​ជួយ​អ៊ុយ​ក្រែន​ ទោះ​បី​ជម្លោះ​នៅមជ្ឈិម​បូព៌ាកំពុង​រីករាល​ដាល​​

បានផុស

នៅ

អគ្គ​លេខាធិការ​អង្គការ​ណាតូ លោក ម៉ាក រូតតេ (Mark Rutte) លើក​ឡើង​ថា​​ សមាជិក​​សម្ព័ន្ធ​មិត្ត​ទាំង​អស់​​បាន​​ឯកភាព​គ្នា​​​​ស្វែង​រក​​​មធ្យោបាយ​​ដើម្បី​​បន្ត​គាំទ្រ​អ៊ុយក្រែន​​ក្នុង​សង្គ្រាម​ប្រឆាំង​​នឹង​​រុស្ស៊ី ​ទោះ​បី​ជា​ជម្លោះ​​​​នៅ​មជ្ឈិមបូព៌ាកំពុង​រីក​រាល​ដាល​ និង​​​​ធ្វើ​ឱ្យ​​ប្រទេស​​មួយ​​ចំនួន​​ក្នុង​តំបន់​​ស្វែងរក​​ជំនួយ​ពី​អឺរ៉ុប​​ ជា​ពិសេស​​​អាវុធ​​ការពារ​​ដែន​អាកាស​​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អគ្គ​លេខាធិការ​អង្គការ​ណាតូ Mark Rutte! រូបភាព៖ Reuters

ក្នុង​បទសម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ Reuters នៅ​ថ្ងៃព្រហស្បតិ៍ ថ្ងៃទី​០៥ខែមីនា ឆ្នាំ​២០២៦ លោក Mark Rutte និយាយ​ពី​លទ្ធភាព​​ផ្តល់​ជំនួយ​របស់​អឺរ៉ុប​ដែល​អាចជួយ​បាន​ ដោយ​សារ​ការ​គាំទ្រ​ផ្នែក​ដែនអាកាសសម្រាប់​អ៊ុយក្រែន​មានកម្រិតរួចហើយ។

លោក Rutte និយាយ​ថា៖ «ឧស្សាហកម្ម​នឹង​ត្រូវបង្កើន​ការផលិត​អាវុធ​បែប​នេះ ដូច​ដែលយើងបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងគ្រាប់កាំភ្លើងធំ»។

លោកបន្ត​ថា៖ «យើង​ត្រូវតែបង្កើត​ឡើងវិញ​នូវ​អ្វីដែលយើងកំពុងធ្វើ​ជាមួយ​គ្រាប់រំសេវ ពេល​និយាយពី​អាវុធ​សំខាន់ៗ​ផ្សេងទៀត»។

ក្នុង​រយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់​ពីសហរដ្ឋអាមេរិក និង​អ៊ី​ស្រាអែល បាន​បើកការវាយប្រហារលើអ៊ីរ៉ង់ ជម្លោះ​នេះ​​ឈាន​ដល់​ព្រំ​ដែន​អឺរ៉ុបដែល​ធ្ងន់ធ្ងរបំផុត នៅពេល​ដែល​ប្រទេសតួក​គី ជា​សមាជិក​ណាតូលើក​ឡើង​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​សម្ព័ន្ធមិត្ត​ត្រូវ​ដាក់​ពង្រាយ​នៅ​ថ្ងៃពុធ ដើម្បី​បំផ្លាញ​មីស៊ីលផ្លោង​របស់អ៊ីរ៉ង់ អំឡុង​បាញ់​ចូល​ទៅក្នុងដែន​អាកាសតួកគី​។

ដូចគ្នានេះដែរ ដ្រូន​ផលិត​ដោយ​អ៊ីរ៉ង់​កាលពីថ្ងៃចន្ទ បាន​កំណត់​គោល​ដៅ​មូលដ្ឋានទ័ពអាកាស​អង់គ្លេស​លើកោះ​ស៊ីប ដែល​ជា​សមាជិក​​​សហ​ភាព​អឺរ៉ុប ទោះ​បីជាមិនមែនជាសមាជិកណាតូក៏ដោយ។

ចក្រភពអង់គ្លេស និងប្រទេសណាតូមួយ​ចំនួន​ទៀត​កំពុងពិភាក្សាពី​​ការ​បញ្ជូនសម្ភារៈ​កងទ័ពជើងទឹក​ទៅ​ការពារ​ប្រទេសស៊ីប​នោះ​​។

លោក រូតតេ​ បាន​សន្ទនាជាមួយមេដឹកនាំ​មកពីអឺរ៉ុប និងកាណាដាក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃថ្មីៗនេះ លោកលើក​ឡើង​ថា​៖ «យើង​កំពុងមាន​អារម្មណ៍ និងឮនូវបំណង​ប្រាថ្នាមួយធ្វើ​ឱ្យប្រាកដថា ក្នុង​នាមជាសម្ព័ន្ធ​មិត្ត យើងតាម​ដាន​អ្វីដែល​អាមេរិកកំពុងធ្វើនៅមជ្ឈិមបូព៌ា ជាមួយ​អ៊ីរ៉ង់ […] ហើយ​ក្នុងពេលជាមួយគ្នានេះ ធ្វើ​ឱ្យប្រាកដថាអ៊ុយ​ក្រែន​មាន​អ្វី​ដែល​គេ​ត្រូវការ​ដើម្បីរក្សាភាពរឹងមាំ​ឥឡូវ​នេះ​ក្នុងការប្រយុទ្ធ ប៉ុន្តែ​ក៏​សង្ឃឹម​ថានឹង​ឆ្លងកាត់កិច្ចព្រមព្រៀងសន្តិភាពមាន​ភាព​រឹង​មាំ​តាម​ដែល​អាចធ្វើទៅ​បាននៅពេលអនាគត»។

លោក​ប្រធានាធិបតីអ៊ុយ​ក្រែន​ លោក​ វ៉ូឡូឌីមៀ ហ្សេលេនស្គី(Volodymyr Zelenskyy) លើក​ឡើង​លើ​បណ្តាញ​សង្គម X កាល​ពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែន​បាន​ទទួល​សំណើ​ជាក់​លាក់​មួយពីសហរដ្ឋអាមេរិក​​ក្នុង​ការដោះស្រាយ​ជាមួយដ្រូន​របស់​អ៊ីរ៉ង់​នៅមជ្ឈិមបូព៌ា។

លោកបន្ត​ថា​៖ « ខ្ញុំបានផ្តល់ការ​ណែនាំជា​មធ្យោបាយ​ចាំបាច់ និង​ធានាថា​វត្តមានអ្នក​ជំនាញ​​របស់អ៊ុយក្រែន​អាចធានាសន្តិសុខ​ដែលអាមេរិក​​ត្រូវ​ការបាន​»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម