Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបើកផ្លូវឱ្យឥណ្ឌាអាចនាំចូលប្រេងមួយចំនួនពីរុស្ស៊ី ចំពេលជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (៥ មីនា) បាន​ចេញអាជ្ញាប័ណ្ណ​បណ្ដោះអាសន្នសម្រាប់ឱ្យ​ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាអាចនាំចូលប្រេងរុស្ស៊ីរយៈពេល ៣០ ថ្ងៃ ចំពេលដែលទីផ្សារប្រេងសកល​កំពុងជួបភាពតានតឹងដោយសារតែជម្លោះ​រវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-​អាមេរិក និងអ៊ីរ៉ង់ ដែលបង្កការបិទច្រកហ័រមូហ្សដ៏សំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន​ ដែលបានប្រកាសដោយលោក ស្កុតថ៍ បេសិនថ៍ (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកនេះ​ មានបំណងធ្វើឱ្យទីផ្សារថាមពលសកលមានស្ថិរភាព។ យ៉ាងណាមិញ វាអនុវត្តចំពោះតែ «ប្រេង​រុស្ស៊ីដែលដាក់​ផ្ទុក​លើនាវាដឹងប្រេង មុន/នៅ​ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ ​​ហើយ​ត្រូវដឹកជញ្ជូនទៅប្រទេសឥណ្ឌាដោយក្រុមហ៊ុន​អង្គភាពឥណ្ឌា» តែ​ប៉ុណ្ណោះ។ ​

ការលើកលែង ៣០ ថ្ងៃនេះ ​នឹងផុត​កំណត់នៅពាក់កណ្ដាលយប់ ចូល​​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦​ ​(ម៉ោងនៅក្រុងវ៉ាស៊ីនតោន)។

ជុំវិញបញ្ហានេះ លោក បេសិនថ៍ បាន​សរសេរនៅលើបណ្ដាញសង្គមថា៖ «​ដើម្បីឱ្យប្រេងអាចបន្តហូរចូលទៅក្នុងទីផ្សារពិភពលោក ក្រសួងរតនាគារកំពុងចេញការលើកលែងបណ្តោះអាសន្នរយៈពេល ៣០​ ថ្ងៃ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាទិញប្រេងរបស់រុស្ស៊ី»។

លោកបានបន្តយ៉ាងដូច្នេះថា៖ «វិធានការរយៈពេលខ្លី​នេះ នឹងមិនផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុធំដុំ ដល់រដ្ឋាភិបាលរុស្ស៊ីទេ ព្រោះវាអនុញ្ញាតតែប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រេងដែលជាប់គាំងនៅលើសមុទ្ររួចហើយតែប៉ុណ្ណោះ»។

មន្ត្រីជាន់ខ្ពស់អាមេរិក​ដដែល​បាន​បន្ថែមថា សហរដ្ឋអាមេរិករំពឹងថា ​ឥណ្ឌា​នឹងបង្កើនការទិញប្រេងរបស់សហរដ្ឋអាមេរិក។

គួររំឭកថា សហរដ្ឋអាមេរិក​បាន​​ដំឡើង​ពន្ធលើទំនិញនាំចូលពីឥណ្ឌាដល់ ៥០% កាលពីឆ្នាំមុន ចំពោះការបន្តទិញប្រេងរុស្ស៊ី ដែលនោះជាចំណាត់ការដាក់សម្ពាធឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ ពន្ធនោះត្រូវបាន​បញ្ចុះមកវិញនៅត្រឹម ១៨% កាលពីដើមខែកុម្ភៈ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលរាប់បញ្ជូលទាំងការយល់ព្រមរបស់ឥណ្ឌាក្នុងការឈប់ទិញប្រេងរុស្ស៊ី ហើយងាកទៅបង្កើនការនាំចូលពីសហរដ្ឋអាមេរិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម