Connect with us

កីឡា

នេះ​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន​ របស់​លោក​គ្រូ លី ជុន មុន​ពេល​ចាក​ចេញ​ពី​គ្រូ​បាល់ទះ​ជម្រើស​ជាតិ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជា​មួយ​គ្រូ​បង្វឹក​សញ្ជាតិ​ចិន លី ជុន បន្ទាប់​ពីលោក​បាន​ដឹក​នាំ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​អស់​រយៈ​ពេល​ប្រមាណ ៩ ឆ្នាំ។

លោក​គ្រូ លី ជុន និង​ក្រុម​ការងារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ការ​ដឹកនាំ​របស់​លោក លី ជុន ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​​បង្កើត​ប្រវត្តិ​សាស្ត្រ​​ជា​ច្រើន ទាំង​សមត្ថភាព និង​​សមិទ្ធផល។ លោក​បាន​​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កីឡា​ស៊ីហ្គេម លើក​ដំបូង​កាល​ពី​ឆ្នាំ ២០២១ និង​​បង្កើត​ប្រវត្តិ​ឈ្នះ​មេដាយ​សំរិទ្ធ​កីឡា​ស៊ីហ្គេម ជា​លើក​ដំបូង។

ពីរ​ឆ្នាំ​ក្រោយ​មក ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ថ្មី​ដោយ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​បាន​ឈ្នះ​មេដាយ​​ប្រាក់​កីឡា​ស៊ីហ្គេម ជា​លើក​ដំបូង​ទៀត។

លោក លី ជុន

សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ទៀត គឺក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​ឈ្នះ​ជើង​ពាន​អាស៊ាន​កម្រិត​ទី​២ SEA V.  League Challenge ឆ្នាំ ២០២៤ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ដៃ​គូ​ទាំង​អស់​មានដូចជា ម៉ាឡេស៊ី សិង្ហបុរី និង​ឡាវ។

បើ​ក្រឡេក​មើល​ស្ថិតិ​ជា​ប្រវត្តិ​សាស្ត្រ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​​បាល់ទះ​ជម្រើស​ជាតិ​ថៃ ២ លើក​ជាប់​គ្នា​ក្នុង​កីឡា​ស៊ីហ្គេម គឺ ឈ្នះ​ថៃ ៣-២ ដើម្បី​បាន​មេដាយ​សំរិទ្ធ​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២១ នៅ​ប្រទេសវៀតណាម និង​ឈ្នះ ថៃ ៣-២ ទៀត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​ជើង​​ឯក SEA V. League Challenge

ជា​មួយ​គ្នា​នេះ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​ដក​​ខ្លួន​ចេញ​ពី​ពាន​អាស៊ានកម្រិត​ទី២ SEA V. League Challenge ដើម្បី​​បាន​ឡើង​ទៅ​ពាន​កម្រិត​ទី​១ SEA V. League។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក៏​បាន​បង្កើត​ស្ថិតិ​ក្នុង​ការ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​វៀតណាម សិង្ហបុរី និង​ហ្វីលីពីន ថែម​ទៀត។

បន្ទាប់​ពីទទួល​បាន​សមិទ្ធផល​​ល្អ​ទាំង​នៅ​កីឡា​ស៊ីហ្គេម ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​ចូល​រួម​ប្រកួត​កីឡា​សទ្វីប​អាស៊ី ជា​លើក​ដំបូង កាល​ពី​ចុង​ឆ្នាំ ២០២៣ នៅ​ប្រទេស​ចិន។

អ្នក​គាំទ្របាល់ទះកម្ពុជា

ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ​នេះ ភាព​ខ្លាំង​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​ទាក់​ទាញ​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ឲ្យ​ចាប់​អារម្មណ៍​លើ​កីឡា​បាល់ទះ​ដែល​បាន​ធ្វើ​​ឲ្យ​ក្លាយ​ជា​កីឡាករ​ដ៏​មាន​ប្រជាប្រិយ​មួយ​ប្រភេទ​មិន​ចាញ់​កីឡា​បាល់ទាត់ និង​កីឡា​ប្រដាល់​ឡើយ។

ក្រុម​បាល់ទះ​កម្ពុជា ឈ្នះ​មេដាយប្រាក់​កីឡា​ស៊ីហ្គេម

លោក​គ្រូ លី ជុន បាន​ដឹក​នាំ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​អស់​រយៈ​ពេល​ ៩ ឆ្នាំ ហើយ​នៅ​ដើម្បី​ខែ​មីនា ឆ្នាំ ២០២៦ លោក​ និង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​សម្រេច​ចែក​ផ្លូវ​គ្នា។ នៅ​ក្នុង​ឆ្នាំ ២០២៦ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​មាន​ភារកិច្ច​ចូល​រួម​ប្រកួត​ពាន SEA V. League ដូច្នេះ​ទំនង​ជា​គ្រូ​បង្វឹក​ថ្មី​ដឹក​នាំ។

សមិទ្ធផល​សំខាន់​របស់​លោក​គ្រូ លី ជុន

  • ឈ្នះ​មេដាយ ប្រាក់​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣
  • ឈ្នះ​មេដាយ សំរិទ្ធ​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២១
  • ឈ្នះ​ជើង​ឯក SEA V. League Challenge ឆ្នាំ ២០២៤
  • ឡើង​ដល់​ពាន SEA V. League
  • ឈ្នះ ថៃ វៀតណាម សិង្ហបុរី និង ហ្វីលីពីន
  • ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី ជាលើក​ដំនូង
លោក លី ជុន និង​អ្ន​ក​គាំទ្រ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម