សេដ្ឋកិច្ច
អ្នកឧកញ៉ា លឹម ហេង៖ តម្លៃប្រេងកើនឡើង អ្នកមានចំណូលពីប្រាក់ខែ ប៉ះពាល់មុនគេ
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងនៅថ្ងៃចន្ទទី ០៩ ខែមីនា ឆ្នាំ ២០២៦ថា តម្លៃប្រេងឥន្ធនៈកើនឡើង អ្នកប៉ះពាល់ដល់មុនគេ គឺជាអ្នកដែលមានចំណូលពីប្រាក់ខែ ខណៈម្ចាស់អាជីវកម្ម មិនខាតនោះទេ ពោលគឺពួកគាត់អាចបូកថ្លៃដើមបន្ថែម។

អ្នកឧកញ៉ាបានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃចន្ទនេះ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោយពីសហរដ្ឋអាមេរិក និងអ៊ីស្រាអ៊ែល វាយប្រហារប្រទេសអ៊ីរ៉ង់កាលពីដំណាច់ខែកុម្ភៈ។
អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា៖ «ប្រេង ឬពន្ធឡើងថ្លៃ អាជីវករមិនខាតទេ គាត់បូកថ្លៃដើមបន្ថែម ហើយក៏អាចជាឱកាសគាត់ទៅវិញ អ្នកប៉ះពាល់មុនគេគឺអ្នកមានចំណូលពីប្រាក់ខែ»។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយអនុវត្តចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់ស្របតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ និងផ្អែកលើការប្រែប្រួលតម្លៃប្រេងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
តម្លៃប្រេងសាំងធម្មតា លក់រាយ ៤៤០០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ៥១៥០ រៀល ក្នុងមួយលីត្រ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការគណនាតម្លៃនេះផ្អែកលើតម្លៃប្រេងឥន្ធនៈមធ្យមនៅទីផ្សារអន្តរជាតិ និងអត្រាប្តូរប្រាក់ផ្លូវការ គិតត្រឹមថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ ដែលស្មើនឹង ៤០១៣ រៀល ក្នុងមួយដុល្លារអាមេរិក។
បណ្តាស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ប្រេងក្នុងតម្លៃណាមួយដែលទាបជាងតម្លៃដែលបានកំណត់ខាងលើ ដោយអាស្រ័យលើស្ថានភាពប្រកួតប្រជែងជាក់ស្តែងនៅលើទីផ្សារ។
ប្រព័ន្ធផ្សព្វផ្សាយបរទេសរាយការណ៍ថា តម្លៃប្រេងអន្តរជាតិបានហក់ឡើងជាង ២០% ដល់ជិត ១២០ ដុល្លារ ក្នុងមួយបារ៉ែល ដោយសារតែផលប៉ះពាល់ផ្នែកផ្គត់ផ្គង់ដែលបណ្ដាលមកពីភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២៥,៩១ ដុល្លារ ក្នុងមួយបារ៉ែល ឬ ២៧,៩៥% ដល់ ១១៨,៦ ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១០ កន្លះ ព្រឹក នៅទីក្រុងហុងកុង។
ដោយឡែកតម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បានកើនឡើង ២៧,២៦ ដុល្លារ ឬ ២៩,៩៩% ដល់ប្រមាណ ១១៨,៧ ដុល្លារ ក្នុងមួយបារ៉ែល៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


