Connect with us

កីឡា

លោក​ អាំង​ សិរីពិសិដ្ឋ​ បក​ស្រាយ​រឿង​អ្នក​គាំទ្រ​មួយ​ចំនួន​ឃើញ​កីឡាករ​ខ្លះ​មាន​សមត្ថភាព​តែ​អត់​ជាប់​ជម្រើសជាតិ​

បានផុស

នៅ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​លោក​ អាំង​ សិរីពិសិដ្ឋ​ ថា​អ្នក​គាំទ្រ​មួយ​ចំនួន​តែងតែ​ឆ្ងល់​ថា​មាន​កីឡាករ​ខ្លះ​មាន​សមត្ថភាព​ល្អៗ​ និង​លេចធ្លោ​ខ្លាំង​ពេល​លេង​ពាន​រង្វាន់​ផ្សេងៗ​ ប៉ុន្តែ​បែរ​ជា​មិន​ជាប់​ជម្រើស​ជាតិ​នោះ​ដោយ​សារ​តែ​វិន័យ​ចំពោះ​ការ​រស់នៅ​ក្នុង​ជំរុំ​ហ្វឹកហាត់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អាំង​ សិរីពិសិដ្ឋ​

លោក​ អាំង​ សិរីពិសិដ្ឋ​ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះ​បាន​ឲ្យ​ដឹង​ថា​ ស្រាយ​ចម្ងល់​សាធារណៈ​ និង​អ្នក​គាំទ្រ​ដែល​តែងតែ​ឆ្ងល់​ថា​កីឡាករ​មួយ​ចំនួន​មាន​សមត្ថភាព​ល្អ​ លេច​ធ្លោ​ ប៉ុន្តែ​បែរ​ជា​មិន​ជាប់​ជម្រើស​ជាតិ​នា​ពេល​កន្លង​មក​នោះ​គឺ​ដោយ​សារ​បញ្ហា​វិន័យ​តឹងរឹង និង​​សាមី​កីឡាករ​ខ្លួន​ឯង​មិន​ហ៊ាន​ចូល​មក។​

រូបភាព​តំណាង​

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​ក្រុម​ជម្រើស​ជាតិ​នេះ​គឺ​បើក​ជំហរ​ចំពោះ​ការ​ធ្វើ​តេស្ត​ចូលរួម​គ្រប់​កីឡាករ​ទាំង​អស់​ដែល​ខ្លួន​គិត​ថា​មាន​សមត្ថភាព​ល្អ​គ្រប់គ្រាន់។​ ប៉ុន្តែ​ក្នុង​ក្រុម​ជម្រើស​ជាតិ​នេះ​គឺ​មាន​ច្បាប់​ទម្លាប់​ វិន័យ​តឹងរឹង​បំផុត​ដូច​ជា​ក្នុង​មួយ​សប្ដាហ៍​ហ្វឹកហាត់​រយៈ​ពេល​ ៥ថ្ងៃ​កន្លះ​ និង​អាច​ទៅ​លេង​ក្រុម​គ្រួសារ​មួយ​ថ្ងៃ​បន្ទាប់​មក​ចូល​ក្នុង​ជំរុំ​ហ្វឹកហាត់​វិញ។​ នៅ​សល់​ពេល​ត្រឹម​ ២ខែ​មុន​ការ​ប្រកួត​មក​ដល់​កីឡាករ​មិន​អនុញ្ញាត​ឲ្យ​ទៅ​លេង​ក្រុម​គ្រួសារ​ទៀត​ទេ។​ អំឡុង​កន្លះ​ខែ​មុន​ការ​ប្រកួត​តែ​ម្ដង​កីឡាករ​ប្រើប្រាស់​ទូរសព្ទ​ត្រឹម​ ៧យប់​ប៉ុណ្ណោះ​គឺ​ត្រូវ​ដក​ចេញ​ និង​សម្រាក​ហើយ។​ ចុងក្រោយ​ដល់​ថ្ងៃ​ចេញ​ទៅ​ប្រកួត​តែ​ម្ដង​កីឡាករ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទូរសព្ទ​ដៃ​នោះ​ទេ។​ ហេតុ​នេះ​ហើយ​បាន​ជា​កីឡាករ​មួយ​ចំនួន​ដែល​មិន​សូវ​មាន​វិន័យ​ និង​ធ្លាប់​ដើរ​សេរី​គឺ​មិន​ចង់​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​ ឬ​មិន​មក​តេស្ត​សមត្ថភាព​ពេល​ជ្រើសរើស​នោះ​ឡើយ។​

ចំណុច​ប៉ុន្មាន​ខាង​លើ​នេះ​ជា​ហេតុផល​មួយ​ដែល​សាធារណៈ​ជន​អាច​មិន​ដឹង​ និង​តែងតែ​ឆ្ងល់​អ្នក​មួយ​ចំនួន​លេង​ល្អ​នៅ​ខាង​ក្រៅ​ ឬ​លេចធ្លោ​នៅតាម​ពាន​រង្វាន់​ផ្សេងៗ​តែ​មិន​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ចេញ​ប្រកួត​តំណាង​កម្ពុជានា​ពេល​កន្លងមក។​

ក្រុម​ជម្រើស​ជាតិ​អំឡុង​ឆ្នាំ​២០២៣ ឈ្នះ​មេដាយ​ប្រាក់

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​គឺ​បាន​ប្រមូល​ផ្ដុំ​កីឡាករ​ឲ្យ​ហ្វឹកហាត់​ជុំ​គ្នា​ និង​មាន​ច្បាប់​ទម្លាប់​តឹងរឹងតាំង​ពី​ឆ្នាំ​២០១៦​ -២០១៧​ មក​ម្ល៉េះ។ សហព័ន្ធ​មួយ​នេះ​ចាត់​ទុក​ជា​សហព័ន្ធ​ដែល​មាន​ការ​ប្រមូលផ្ដុំ​មុនៗ​គេ​ម្ល៉េះ។​ ក្រុម​ជម្រើស​ជាតិ​នេះ​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ និង​ទំនុក​បម្រុង​ខ្លាំង​ពី​លោក​ ស​ សុខា​ ជា​យូរ​ឆ្នាំ​ និង​បាន​ទម្រង់ទិស​ដាក់​គោលដៅ​ច្បាស់លាស់​ឆ្ពោះ​មក​កាន់​ព្រឹត្តិការណ៍​ស៊ីហ្គេម ​លើក​ទី៣២​ អំឡុង​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​កាល​ឆ្នាំ​២០២៣។​ ស្រប​ពេល​ការ​ខំប្រឹង​ប្រែង​កន្លង​មក​ និង​មាន​ផែនការ​ច្បាស់​លាស់​កីឡា​បាល់ទះ​នេះ​មាន​ភាព​ល្បីល្បាញ​ជា​ខ្លាំង​បន្ទាប់​ពី​មាន​កីឡាករ​ល្អៗ​មាន​ទាំង​កាយសម្បទាស្ដង់ដារ​ និង​បច្ចេកទេស​លេង​រហូត​ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ​ស៊ីហ្គេម​ វៀតណាម​ ឆ្នាំ​២០២២​ និង​ឈ្នះ​មេដាយ​ប្រាក់​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ នៅ​កម្ពុជា​ និង​ជា​កីឡា​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុង​នា​ពេល​បច្ចុប្បន្ន​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម