Connect with us

ព័ត៌មានអន្ដរជាតិ

លោក Wang Yi ប្រាប់​ជប៉ុនថា កុំសាង​​នូវ«មាគ៌ាមហន្តរាយ»​ជាថ្មី​ដូច​កាលពីអតីតកាល

បានផុស

នៅ

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក Wang Yi បានជំរុញឲ្យប្រទេសជប៉ុនកុំធ្វើម្តងទៀតនូវ «មាគ៌ាមហន្តរាយ» នៃយោធានិយមកាលពីអតីតកាលរបស់ខ្លួន ខណៈ​ដែលលោកបានរិះគន់ម្តងហើយម្តងទៀត ចំពោះការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi អំពីតៃវ៉ាន់។ នេះបើយោងតាម japantoday ចុះផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

នៅក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងពេលសម័យប្រជុំសភា​ប្រជាជន​ចិន​​​​ប្រចាំឆ្នាំ លោក Wang បាននិយាយថា ការកត់សម្គាល់របស់លោកស្រី Takaichi ដែលបង្ហាញថា ការវាយប្រហារលើតៃវ៉ាន់អាចបង្ហាញពី «គំរាមកំហែងដល់ការរស់រានមានជីវិតសម្រាប់ជប៉ុន ដែលជំរុញឲ្យមានការឆ្លើយតបដោយកងកម្លាំងការពារជាតិរបស់ខ្លួន គឺស្រដៀងគ្នាទៅនឹងវោហាស័ព្ទ​ដែលប្រើដោយពួកយោធានិយមជប៉ុន កាលពីអតីតកាល»។

​​រដ្ឋមន្ត្រី​ការបរទេសចិន​ បាន​លើក​ឡើង​ថា​ វោហាស័ព្ទ​បែបនេះ«ធ្វើឲ្យប្រជាជននៅក្នុងប្រទេសចិន និងតំបន់អាស៊ី មានការប្រុងប្រយ័ត្ន និងព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេស ដោយសារកិច្ចការតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ តើអ្វីដែលផ្តល់សិទ្ធិឲ្យជប៉ុនជ្រៀតជ្រែកជាមួយពួកគេ?»។ ​

រដ្ឋមន្ត្រីការបរទេសរូបនេះក៏មិនភ្លេចសង្កត់ធ្ងន់ទៀតថា ចិនគឺជាប្រទេសដ៏រឹងមាំមួយរួចទៅហើយ ខណៈប្រជាជនចិនប្រមាណជា ១.៤ ពាន់លាននាក់ នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់បង្ហាញអំពីភាពត្រឹមត្រូវនៃអាណានិគមនិយម ឬបញ្ច្រាស​សាលក្រមប្រវត្តិសាស្ត្រលើការឈ្លានពានឡើយ។ បើទោះជា តៃវ៉ាន់ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណានិគមជប៉ុន រវាងឆ្នាំ ១៨៩៥ និង ១៩៤៥ ក៏ដោយ។

លោក Wang បានបញ្ជាក់ជាថ្មីថា អនាគតនៃទំនាក់ទំនងចិន-ជប៉ុនគឺអាស្រ័យលើជម្រើសរបស់ជប៉ុន ដោយទីក្រុងប៉េកាំងទាមទារឲ្យដកការអត្ថាធិប្បាយរបស់លោកស្រី Takaichi។ ចំណែកបញ្ហាតៃវ៉ាន់គឺ ជាស្នូលនៃផលប្រយោជន៍របស់ប្រទេសចិន និង ជាខ្សែក្រហមដែលមិនត្រូវឆ្លងកាត់។ ចំពោះការសម្រេចបាននូវការបង្រួបបង្រួមជាតិទាំងស្រុងនៃមាតុភូមិរបស់យើង គឺជាដំណើរការប្រវត្តិសាស្ត្រដែលមិនអាចបញ្ឈប់បាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម