Connect with us

ព័ត៌មានជាតិ

លោក​រដ្ឋមន្ត្រី ចាយ បូរិន ជំរុញ​ស្ត្រី​គ្រប់​រូប​បន្ត​កសាង​សមត្ថភាព ​ដើម្បី​ភាព​ជោគជ័យ​ក្នុង​គ្រួសារ​ និង​សង្គមជាតិ

បានផុស

នៅ

​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក​ ចាយ បូរិន បាន​ជំរុញ​ដល់​ស្ត្រី​គ្រប់​រូប​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ ​និង​ពង្រឹង​ការ​កសាង​សមត្ថភាព ចំណេះ​ដឹង​ ចាប់​យក​ឱកាស​ការងារ​​ទទួល​ចំណូល​កាន់​តែ​ខ្ពស់​ដើម្បី​កសាង​គ្រួសារ​របស់​ខ្លួន​ឱ្យ​រឹង​មាំ​ ប្រកប​ដោយ​សុភមង្គល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​ទី​១១៥ ទិវា​អន្តរជាតិ​នារី ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ទីស្ដីការ​ក្រសួង​ធម្មការ លោក​រដ្ឋមន្ត្រី ចាយ បូរិន មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​របស់​ស្ត្រី​ក្នុង​ការងារ​មិន​ត្រឹមតែ​ផ្ដល់​នូវ​ការ​រីក​ចម្រើន​ដល់​ស្ត្រី​ខ្លួន​ឯង​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​ស្ថាប័ន និង​ធ្វើ​ឱ្យ​គ្រួសារ​រីកចម្រើន និង​មាន​សុភមង្គល​ផង​ដែរ។ លោក​បាន​​ជំរុញ​ដល់​ស្ត្រី​ទាំង​អស់​បន្ត​កសាង​សមត្ថភាព​របស់​ខ្លួន​ ទាំង​ចំណេះ​ ជំនាញ វិជ្ជាជីវៈ​ផ្សេង​បន្ថែម​ទៀត។

លោក​បាន​រម្លឹក​ប្រសាសន៍​របស់​ជំទាវ​ទី១​កម្ពុជា​លោកស្រី ពេជ ចន្ទ​មុន្នី​ហ៊ុនម៉ាណែត ដែល​ថា៖ «នៅ​ក្នុង​ផ្ទះ បើ​មិន​មាន​ភរិយា​ខ្លាំង មិន​មាន​ម្ដាយ​ល្អ នោះ​ស្វាមី និង​ឪពុក​ក៏​ពិបាក​នឹង​មាន​ឱកាស​គ្រប់គ្រាន់​ធ្វើ​រឿង​ជោគ​ជ័យ​នៅ​ខាង​ក្រៅ​ដែរ​»​

ជា​មួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ដល់​បុរស​ ដែល​ជា​ស្វាមី ឪពុក មិត្ត​រួម​ការងារ​ជាមួយ​ស្ត្រី​ទាំង​អស់​ត្រូវ​ធ្វើ​ជា​បង្អែក​ដ៏​រឹងមាំ និង​ជា​ដៃ​គូ​សន្តិភាព​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផ្ដល់​តម្លៃ និង​ការពារ​សន្ដិសុខ​សម្រាប់​ស្ត្រី​ក្នុង​គ្រួសារ អង្គភាព និង​សង្គម​ជាតិ​។ លោក​ក៏​អំពាវ​នាវ​ឱ្យ​មាន​ការ​បង្កើន​ការ​យល់​ដឹង និង​ទប់​ស្កាត់​ការ​បៀតបៀន​ស្ត្រី​តាម​ប្រព័ន្ធ​អន​ឡាញ​​ផង​ដែរ​ដើម្បី​ធានា​ថា​ ស្ត្រី​និង​ក្មេង​ស្រី អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍ​ខ្លួន​ដោយ​គ្មាន​ការ​គំរាម​កំហែង​។

រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ​បាន​កំណត់​យក​ «មនុស្ស» ជា​អាទិភាព​ចម្បង​ ក្នុង​នោះ បញ្ចកោណ​ទី១ ផ្តោត​សំខាន់​ទៅ​លើ​ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលគិតគូរ​ទៅលើការលើក​កម្ពស់​សុខភាព និង​សុខុមាលភាព ប្រជាជន និងការពង្រឹងប្រព័ន្ធគាំពារសង្គម។ បញ្ចកោណ​មុំទី៤.១ ស្តីពី «ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន» បានផ្តោត​សំខាន់​លើការ​លើក​កម្ពស់​សមភាពយេនឌ័រ និងបានទប់ស្កាត់ គ្រប់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការបង្កើនការ វិនិយោគលើយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យ បង្កលក្ខណៈ​អំណោយផលដល់ស្ត្រី ក្នុងការអនុវត្តសិទ្ធិ ភាពជាអ្នកដឹកនាំ ដើម្បីកាត់បន្ថយ​អំពើ​ហិង្សា ទាក់ទងនឹងយេនឌ័រ ការរៀបអាពាហ៍ ពិពាហ៍នៅវ័យក្មេង ការមានផ្ទៃពោះវ័យជំទង់ ព្រមទាំងលើកកម្ពស់ សុខភាពសាធារណៈ ដូចជាបញ្ហាកង្វះអាហារូបត្ថម្ភនារីនិងកុមារ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម