Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ ការអាន និងសរសេរ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ភាសាជាតិ

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងទិវាជាតិអំណានលើកទី១១ ថា ការអាន និងការសរសេរ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការរៀនជំនាញ លើកកម្ពស់ភាសាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងឱកាសក្រសួងបានរៀបចំពិធីអបអរទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ៖ «សំណេរ និងអំណានក្នុងបរិបទថ្មី» ក្នុងនោះ ក៏មានការពិព័រណ៍សៀវភៅផងដែរ។ បណ្ឌិតសភាចារ្យ បានលើកឡើងថា៖ “ការអាន និងការសរសេរ គឺជាមធ្យាបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការសិក្សាជំនាញ ការលើកកម្ពស់ភាសាជាតិ ការលើកកម្ពស់លទ្ធផលសិក្សា និងការយល់ដឹងពិភពលោក”។ ជាពិសេស លោកបណ្ឌិតថា ក្នុងបរិបទថ្មីនេះ ការរិះរកមធ្យាបាយសម្រាប់ការអានមានច្រើនជម្រើស​ដូចជា ការអានសៀវភៅ ការអានលើឧបករណ៍អេឡិកត្រូនិក ការអានលើទូរសព្ទវៃឆ្លាត និងការអានលើឧបករណ៍ឌីជីថល។

លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖ ម្យ៉ាងទៀត អំណានដោយប្រើមធ្យោបាយបច្ចេកវិទ្យា ចំណាយពេលតិច ងាយស្រួលអាន និងជួយដល់បរិស្ថានផងដែរ។ នាពេលបច្ចុប្បន្ន សិស្ស និស្សិត និងយុវជនកម្ពុជាដែលស្រឡាញ់ការអាន កំពុងតែប្រើប្រាស់មធ្យោបាយអានទាំងនេះផងដែរ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានបន្តថា ប្រទេសជឿនលឿន ទោះបីជាបច្ចេករីកចម្រើនខ្លាំងយ៉ាងណា ក៏ការអានសៀវភៅនៅតែមានសន្ទុះខ្លាំងក្លា ហេតុនេះ ទើបក្រសួងអប់រំបន្តរៀបចំទិវាជាតិអំណានឡើង។

ទិវាជាតិអំណានលើកទី១១ នេះ ក៏មានការរៀបចំពិព័រណ៍សៀវភៅ រហូតដល់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីអបអរទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ៖ «សំណេរ និងអំណានក្នុងបរិបទថ្មី» ក្នុងគោលបំណងជំរុញការអាននកម្ពុជាឱ្យកាន់តែប្រសើរ។ ពិពិរណ៍សៀវភៅចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ នៅវិទ្យាស្ថានបច្ចេកវិទ្យា (សាលាតិចណូ)។

ទាក់ទងនឹងប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ កម្ពុជាថ្មី ថា ការអានមិនមែនផ្តោតតែទៅលើការអានតាមសៀវភៅនោះទេ ពោល គឺអាចអានតាមឧបករណ៍អេឡិកត្រូនិកក៏បាន។ លោក កុក រស់ និយាយថា៖ ពេលដែលយើងអានច្រើនទៅគឺចំណេះដឹងយើង សតិបញ្ញាយើងហ្នឹងក៏កាន់តែរីកចម្រើន កាន់តែអភិវឌ្ឍន៍ដែរ

ជាមួយគ្នានេះ លោក កុក រស់ បានអំពាវនាវដល់កូនខ្មែរគ្រប់រូប ជាពិសេស គឺអាណាព្យាបាលតែម្តង ត្រូវតែជំរុញកូនៗឱ្យអានសៀវភៅឱ្យបានច្រើន ដូចជាសៀវភៅទាក់ទងនឹងមេរៀន ឬមានពេលទំនេរ អាចអានសៀវភៅប្រភេទផ្សេងៗឱ្យបានច្រើន ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង។

បើនិយាយពីអំណាន អានអីក៏មានប្រយោជន៍ដែរ។ អានអ្វីដែលអវិជ្ជមានក៏មានប្រយោជន៍ដែរ យើងចៀសវាងអ្វីដែលអវិជ្ជមាន។ ប៉ុន្តែបើយើងអានវិជ្ជមានច្រើន គឺធ្វើឱ្យគំនិតយើងហ្នឹងមានភាពវិជ្ជមាន ។ នេះ បើតាមប្រសាសន៍លោក កុក រស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម