Connect with us

សេដ្ឋកិច្ច

​រាជធានីភ្នំពេញ ​ត្រូវការ​សាងសង់​បង្គោល​អង់តែន ​១២០០ បង្គោល ​ដើម្បី​បង្កើន​ល្បឿន​សេវាទូរស័ព្ទ និង​អ៊ិនធឺណិត

បានផុស

នៅ

​រាជធានីភ្នំពេញ មានតម្រូវ​ការ​ការ​បង្គោលអង់តែនចំនួន ១២០០ បង្គោល ​ដើម្បី​បង្កើន​ល្បឿនសេវាទូរស័ព្ទ និង​អ៊ិន​ធឺណិត ក្នុងការសម្រួលការងារជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។​

​លោក ជា វ៉ាន់ដេត ​រដ្ឋមន្ត្រីក្រសួងប្រៃយ៍ណី ​និងទូរគមនាគមន៍ បានលើកឡើង​នៅក្នុងសិក្ខា​សាលា​របស់​រដ្ឋសភាស្ដីពីភាពធន់ និងកាលនុវត្តភាព ​នៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​ឧស្សាហកម្ម ​នៅថ្ងៃទី ​១២ ​ខែមីនា ​ឆ្នាំ ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជា វ៉ាន់ដេត ​បានលើកឡើងថា៖ «កម្ពុជា​មាន​បង្គោល​សរុបចំនួន ​១៤០០ ​បង្គោល ទូទាំង​ប្រទេស យើងដឹងទាំងអស់ កន្លែងណា មានសេវា កន្លែងណាអត់សេវា តែយើងក៏មិន​ទាន់អាច​ទៅ​ធ្វើកន្លែងអត់សេវាបានដែរ ព្រោះថវិកាមានកំណត់ ព្រោះបង្គោលមួយ អាចវិនិយោគពី ១០ ម៉ឺន ​ទៅ ៣០ ម៉ឺនដុល្លារ ហើយនៅក្នុងរយៈពេល ៦ ឆ្នាំ នេះ យើងបង្ខំ​ឱ្យប្រតិបត្តិករវិនិយោគប្រមាណ ៥០០ លានដុល្លារ លើការសាងសង់បង្គោលអង់តែន ដើម្បីធ្វើឱ្យប្រសើរ»។

​លោក ជា វ៉ាន់ដេត ​បន្ថែមថា រាជធានីភ្នំពេញ ​ត្រូវការសាងសង់ ១២០០ បង្គោល ប៉ុន្តែ ៣ ឆ្នាំ សាង​សង់​បានតែ ជាង ៦០០ បង្គោល ដោយសារប្រជាជនមួយចំនួនព្រួយបារម្ភពីផលប៉ះពាល់សុខ​ភាព​ដែល​បង្កពីបង្គោលអត់តែនទូរស័ព្ទចល ​ខណៈ​លោករដ្ឋមន្ត្រីអះអាងថា ​បង្គោលអង់តែន​មិនប៉ះ​ពាល់​នោះ​ទេ។​

​ក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​បានប្រកាសបន្តអនុវត្ត​នយន្ត​ការពង្រីក​វិសាលភាព​ប្រព័ន្ធសេវាទូរស័ព្ទ ​និងអ៊ីន​ធឺណិតនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បី​សម្រួល​ដល់ការប្រើប្រាស់​របស់ប្រជាពលរដ្ឋ ក្នុងការចាប់យក​បច្ចេក​វិទ្យា​ឌីជីថល សំដៅ​រួមចំណែក​សម្រេចឱ្យបាននូវ​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។​

​លោក ជា វ៉ាន់ដេត ​បានអះអាងថា ដើម្បីឱ្យ​ប្រព័ន្ធ​សេវាទូរស័ព្ទ និងអ៊ីនធឺណិតគ្របដណ្ដប់​បានទូ​ទាំង​ប្រទេស ​ក្រសួងត្រូវបង្កើន​ការ​សាងសង់​បង្គោល​អង់តែន​នៅគ្រប់តំបន់។

ក្រសួងប្រៃសណីយ៍បានធ្វើការកែទម្រង់ស៊ីជម្រៅនៅក្នុងវិស័យទូរគមនាគមន៍ តាមរយៈការពង្រឹងនិយ័តកម្ម និងការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍បន្ថែម​នៅទូទាំង​ប្រទេសនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

សម្រាប់កម្ពុជា និងប្រទេសកំពុងអភិវឌ្ឍ បច្ចេកវិទ្យាអាចត្រូវបានចាត់ទុក​ជាយានមួយ​សម្រាប់ពន្លឿន ​ការធ្វើទំនើបកម្ម អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ចរបស់ខ្លួន ជាពិ​សេស​លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម