Connect with us

កីឡា

លោក​ ប៉ាល់​ ជីវ័ន​ ចូល​ហាត់​តេក្វាន់ដូ​ ITF​ ដំបូង​គិត​ត្រឹម​ទទួល​បាន​សុខភាព​ល្អ​ ប៉ុន្តែ​អ្វី​ដែល​ទទួល​បាន​លើស​ពី​នេះ​

បានផុស

នៅ

លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ កម្ពុជា​ និង​ជា​ជើង​ខ្លាំង​ប្រចាំ​កីឡា​មួយ​នេះ​ ថា​មុន​ដំបូង​ចូលហាត់​គឺ​គ្រាន់​តែ​គិត​ត្រឹម​ទទួល​បាន​សុខភាព​ល្អ​ និង​មានរាងកាយ​រឹមាំនោះ​ទេ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​លើស​ពី​អ្វី​ដែល​លោក​ធ្លាប់​គិត​ពី​មុន​មក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ប៉ាល់​ ជីវ័ន

គ្រូ​ជម្រើស​ជាតិ​កីឡា​តេក្វាន់ដូ​ ITF​ លោក​ ប៉ាល់​ ជីវ័ន​ បាន​លើក​ឡើង​ថា​ លោក​ហ្វឹកហាត់​កីឡា​មួយ​នេះ​តាំង​តែ​អាយុ​ប្រហែល​ ១៤​ឆ្នាំ​អំឡុង​ឆ្នាំ​១៩៩៧-១៩៩៨ មក​ម្ល៉េះ។​ គិត​មក​ដល់​ឆ្នាំ​២០២៦​ នេះ​មាន​ប្រហែល​ប្រហែល​ជិត​ ៣០​ឆ្នាំ​មក​ហើយ​ចាប់តាំង​ពី​​ជា​កីឡាករ​រហូត​ជាប់​ជា​គ្រូ​ជម្រើស​ជាតិ។​

លោក​ ប៉ាល់​ ជីវ័ន

ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ ៥ដាន​ រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ចាប់​ហ្វឹកហាត់​ដំបូង​គឺ​គិត​ត្រឹម​ថា​ទទួល​បាន​សុខភាព​ល្អ​ និង​រាងកាយ​រឹងមាំ​ប៉ុណ្ណោះ។​ លោក​មិន​នឹក​ស្មាន​ថា​ទទួល​បាន​លើស​ពី​អ្វី​ដែល​ធ្លាប់​គិត​កាល​នោះ​ទេ​គឺ​មាន​សុខភាព​ល្អ​រឹងមាំ​ហើយ​បាន​ផ្ដល់​កិត្តិយស​ជូន​ក្រុម​គ្រួសារ​ ខ្លួន​ឯង​ និង​បាន​ជួយ​លើក​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​ស្នាដៃ​នៃ​ការ​ឈ្នះ​មេដាយ​ផ្សេងៗ។​ បន្ថែម​ពី​នេះ​មិន​ថា​រូប​លោក​ និង​កីឡាករ​ដទៃ​ទេ​នៅ​ពេល​មាន​សមត្ថភាព​ដណ្ដើម​បាន​មេដាយ​ផ្សេងៗ​គឺ​ទទួល​បាន​ថវិកា​លើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ដែល​នេះ​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​ជីវភាព​ក្រុម​គ្រួសារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ទៀត​ផង។​

លោក​ ប៉ាល់​ ជីវ័ន

ម្ចាស់​មេដាយ​មាស​ពិភពលោក​ខាង​លើ​បន្ថែម​ទៀត​ថា​ លោក​ក៏​បាន​ចេញ​បង្ហាត់​កីឡា​តេក្វាន់ដូ​ ITF​ នេះ​តាំង​ពី​ឆ្នាំ​២០០៨​ នៅ​តាម​សាលា​ឯកជន​ និង​នៅ​ក្លឹប​យុវជន​បន្ត​ពី​គ្រូ​ធំ​រហូត​មក​ដល់​ពេល​នេះ។​ ការ​បង្ហាត់​បង្រៀន​នេះ​ក៏ទទួល​បាន​ថវិកា​មួយ​ចំនួន​ជួយ​សម្រួល​ដល់​ការ​ចំណាយ​លើ​ការ​រៀន​សូត្រ​របស់​លោក​អំឡុង​ពេល​នោះ​មួយ​ផ្នែក​ដែរ។​ សរុប​ទៅ​កីឡា​តេក្វាន់ដូ​ ITF​ នេះ​ពិត​ជា​មាន​ផល​ប្រយោជន៍​ច្រើន​ចំពោះ​អ្នក​ហ្វឹកហាត់​ដូច​ជា​រូប​លោក។​

រូបភាព​ផេកតេក្វាន់ដូ​សៅរ៍-អាទិត្យ

បញ្ជាក់​ដែរ​ថា​ លោក​ ប៉ាល់​ ជីវ័ន​ បច្ចុប្បន្ន​នេះ​ជា​គ្រូ​ជម្រើស​ជាតិ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ និង​មាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ ៥ដាន។​ លោក​ជា​អតីត​កីឡាករ​ដែល​មាន​សមត្ថភាព​ និង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​នា​ពេល​កន្លង​មក។​ គ្រូ​បង្វឹក​រូប​នេះ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស​អន្តរជាតិ​គ្រប់​កម្រិត​ទាំង​អស់​រួម​មាន​ ឈ្នះ​មេដាយ​មាស​ជើងឯកពិភពលោក​ មេដាយ​មាស​ជើងឯក​អាស៊ី​ ឈ្នះ​មេដាយ​មាស​ ជើងឯកអាស៊ីអាគ្នេយ៍​ និង​ឈ្នះ​មេដាយ​ជា​ច្រើន​​ទៀត​ផង​ដែរ។​ មិន​ត្រឹម​តែ​ជា​គ្រូ​បង្ហាត់​នោះ​ទេ​លោក​ក៏​មាន​ជំនាញ​ដឹកនាំ​សិស្ស​សម្ដែង​ជូន​ថ្នាក់ដឹកនាំ​ និង​មហាជន​ទស្សនា​ក្នុង​កម្មវិធី​តូច-ធំ​ ទៀត​ផង។​ លោក​ក៏​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​ម្នាក់​របស់​លោក​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​ដែល​ដឹកនាំ​ឲ្យ​កីឡា​តេក្វាន់ដូ​ ITF​ ល្បី​ឈ្មោះ​ជា​ខ្លាំង​ដូច​សព្វ​ថ្ងៃ៕​

លោក​ ប៉ាល់​ ជីវ័ន​ ឈ្នះមេដាយ​កន្លង​មក

លោក​ ប៉ាល់​ ជីវ័ន

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម