Connect with us

ព័ត៌មានជាតិ

គិតត្រឹមឆ្នាំ២០២៥ មូលនិធិរ៉ែប្រមូលថវិកា​បានប្រមាណ ៦ លានដុល្លារ ចូលរួម​​អភិវឌ្ឍន៍មូលដ្ឋាន

បានផុស

នៅ

គិតត្រឹមឆ្នាំ២០២៥ មូលនិធិរ៉ែរបស់ក្រសួងរ៉ែ និងថាមពល​ ប្រមូលថវិកាបាន​ប្រហែល ៦ លានដុល្លារដើម្បី​ចូលរួម​គាំទ្រ​ដល់​ការ​​អភិវឌ្ឍសហគមន៍មូលដ្ឋាន។ នេះបើ​តាមការលើកឡើងរបស់​រដ្ឋលេខាធិការក្រសួងធនធានរ៉ែ និងថាមពល លោក ប៉េង ណាវុធ ក្នុងពីធីសម្ពោធអគារសិក្សា​ថ្មីមួយខ្នងប្រាំបន្ទប់ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុក​អូរគ្រៀងសែនជ័យខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូត​មកដល់​ពេល​នេះ មូលនិធិរ៉ែ​បានទ្រទ្រង់​​ក្នុង​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំបណ្តុះបណ្តាលដោយផ្អែកលើសំណើសមស្រប និងជាអាទិភាពរបស់សហគមន៍មូលដ្ឋាន។

ពាក់ព័ន្ធ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ លោក ប៉េង ណាវុធ បានបញ្ជាក់ថា មូលនិធីរ៉ែ​បាន​ប្តូរគោលការណ៍ពីការធ្វើផ្លូវដីក្រហមមកជាការសាងសង់ផ្លូវបេតុងវិញ ដើម្បីធានាបាននូវគុណភាព និងការប្រើប្រាស់បានយូរអង្វែងជូនប្រជាពលរដ្ឋ។

ក្រុមហ៊ុនសឹងយន្តគ័ងយិកខូអិលធិឌី ដែល​កំពុង​វិនិយោគ​​អាជីវកម្មរ៉ែក្នុង​ខេត្ត​ក្រចេះ​ បានប្រកាស​ចូលរួមអភិវឌ្ឍ​មូលដ្ឋាន​ជាមួយក្រសួងរ៉ែ និងថាមពល ក្នុង​ការ​បន្ត​ធ្វើផ្លូវបេតុងនៅក្នុងភូមិអូត្រូនដោយខាង​ក្រុមហ៊ុនសន្យា​នឹង​ចំណាយថវិកា ៥០% និង ៥០% ទៀតជាការទទួលខុសត្រូវរបស់ក្រសួងរ៉ែ និងថាមពល​។

មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍ បង្កើតឡើងក្នុងគោលបំណងឱ្យក្រុមហ៊ុនអាជីវករដែលធ្វើអាជីវកម្មធនធានរ៉ែទាំងអស់ត្រូវមានភារកិច្ចចូលរួមទទួលខុសត្រូវ ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងឃុំ-សង្កាត់ពាក់ព័ន្ធក្នុងដែនប្រតិបត្តិការធនធានរ៉ែរបស់ខ្លួន។

មូលនិធិនេះត្រូវប្រើប្រាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សុខមាលភាពសាធារណៈ អប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍសហគមន៍មូលដ្ឋានដែលពាក់ព័ន្ធផ្សេងៗទៀត ដោយផ្អែកលើសំណើសមស្រប និងជាអាទិភាពរបស់សហគមន៍មូលដ្ឋាន ឃុំ-សង្កាត់ដែលស្ថិតនៅក្នុងដែនប្រតិបត្តិការធនធានរ៉ែ។

មូលនិធិនេះ​បានអនុវត្តដំបូងចាប់ពីខែមេសា ឆ្នាំ២០១៥ តាមរយៈការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ឱ្យកំពង់ផែស្វយ័តភ្នំពេញធ្វើការបូមខ្សាច់នៅតំបន់ប្រឡាយស្តៅ-តាឯក ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម និងឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល និងនៅតំបន់ខ្សុំ-កោះកែវ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្នុងគោលបំណងស្តារផ្លូវនាវាចរណ៍ និងផ្គត់ផ្គង់ខ្សាច់សម្រាប់តម្រូវការអភិវឌ្ឍន៍វិស័យសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម