Connect with us

ព័ត៌មានជាតិ

ក្រោយទទួលបានជម្រកបណ្ដោះអាសន្នពីរដ្ឋជនភៀសសឹកអះអាងថា «អារម្មណ៍ព្រួយលំបាកពីការរស់នៅធូរស្រាលជាងមុន»

បានផុស

នៅ

នៅពេលបានឃើញផ្ទាល់ភ្នែកនូវជម្រកបណ្ដោះអាសន្នដែលរាជរដ្ឋាភិបាលសាងសង់ជូន ពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រៀបរាប់ថា ពួកគាត់ហាក់ធូរស្រាលពីទុក្ខព្រួយនាពេលកន្លងមកមួយកម្រិត ដោយសារជម្រកបណ្ដោះអាសន្ននោះមានភាពល្អប្រសើរ សមរម្យ ងាយស្រួលរស់នៅជាងការរស់នៅក្នុងជម្រកតង់ ដែលកន្លងមកជួបនូវការលំបាកមួយចំនួន និងនឹករលឹកផ្ទះដែលធ្លាប់រស់នៅជាច្រើនឆ្នាំតែត្រូវយោធាថៃឈ្លានពានវាតទីយក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស ម៉ៅ វ័យ៤៣ឆ្នាំ ជនភៀសសឹកមកពីភូមិសាមគ្គី នៃតំបន់បឹងត្រកួន ដែលបានទៅមើលឃើញពីជម្រកបណ្ដោះអាសន្នផ្ទាល់ភ្នែក លោករៀបរាប់ថា ជម្រកបណ្ដោះអាសន្នដែលរដ្ឋាភិបាលសាងសង់ជូន គឺមានភាពសមសម្យ ទំហំទូលាយ អាចជួយឱ្យលោករស់នៅល្អប្រសើរជាងការរស់នៅក្នុងមណ្ឌលសុវត្ថិភាព។

លោក មាស ម៉ៅ ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖« ជម្រកបណ្ដោះអាសន្នហ្នឹង សម្រាប់ខ្ញុំគឺសមរម្យ ស្អាត ទីធ្លាធំទូលាយ ទទួលយកបានទាំងអស់ សម្ដេច (ប្រមុខរដ្ឋភិបាល) គាត់រៀបចំឲ្យស្អាតបាតទាំងអស់។ ជម្រកបណ្តោះអាសន្នហ្នឹងមើលទៅសមរម្យគួរឱ្យចង់រស់នៅដែរ។»។

លោកបន្តថា ៖« ខ្ញុំធូរក្នុងចិត្តច្រើនហ្មង ព្រោះសម្ដេច(ប្រមុខរាជរដ្ឋាភិបាល)អត់ទុកពួកខ្ញុំចោលផង ព្រោះពួកខ្ញុំភៀសសឹកទាំងអស់ គឺសម្ដេចបានជួយជ្រោមជ្រែងគ្រប់គ្នាទាំងអស់ ទាំងអំណោយ ទាំងលុយទាំងកាក់បានទាំងអស់ ពួកខ្ញុំបានចាយនិងហូបចុកគ្រប់គ្រាន់ទាំងអស់។»។

ចំណែកលោកស្រី អង់ ណៃ វ័យ៥៥ឆ្នាំ ភៀសសឹកមកពីភូមិសាមគ្គី នៃតំបន់បឹងត្រកួន ប្រៀបធៀបក្រុមអ្នកសារព័ត៌មាននថាការរស់នៅក្នុងជម្រកតង់ គឺជួបការលំបាកមួយចំនួន ហើយឥឡូវនៅពេលដែលអ្នកស្រីបានឃើញនូវជម្រកបណ្ដោះអាសន្នដែលរដ្ឋាភិបាលរៀបចំជូន គឺលោកស្រី មានហាក់ធូរស្រាលទុក្ខព្រួយមួយកម្រិត។បន្ទាប់ពីបានឃើញនូវជម្រកបណ្ដោះអាសន្ន

បន្ទាប់ពីបានចូលទៅរស់នៅជម្រកបណ្ដោះអាសន្ន លោកស្រី អង់ ណៃ លើកឡើងដូច្នេះថា៖« ខ្ញុំធូរស្រាល បានសប្បាយចិត្ត ដូចថាយើងបានទៅរស់នៅក្នុងជម្រកបណ្ដោះអាសន្នទៅ បើជួបភ្លៀង ផ្គរយ៉ាងណាក៏យើងមានអារម្មណ៍ស្រួលចិត្តជាងនៅក្នុងតង់ ព្រោះនៅក្នុងតង់ពេលភ្លៀងសាចមក យើងត្រូវទប់ទឹកភ្លៀង បាំងទឹកភ្លៀងឱ្យជិត កុំឱ្យសាច ដើម្បីបានសម្រាក។»។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថា រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាពទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី។

ពលរដ្ឋដែលជាជនភៀសសឹក ក៏មានជំនឿជឿជាក់ចំពោះរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគី និងរំពឹងថា រដ្ឋាភិបាលអាចទាមទារទឹកដី និងផ្ទះរបស់ពួកគាត់ពីយោធាថៃមកវិញ។

គួរជម្រាបថា និតីវិធីបែងចែកជម្រកបណ្ដោះអាសន្នជូនជនភៀសសឹក គឺតម្រូវឱ្យតំណាងគ្រួសារជនភៀសសឹកម្នាក់ឡើងចាប់ឆ្នោត យកលេខដែលក្រុមការងារបានបែងចែកលើជម្រកបណ្ដោះអាសន្នដែលបានសង់រួច។ ក្នុងថ្ងៃទី២០ ខែមីនា នេះ ពលរដ្ឋដែលស្នាក់នៅមណ្ឌលសុវត្ថិភាព បានរុះរើសម្ភារទៅចូលរស់នៅក្នុងជម្រកបណ្ដោះអាសន្នដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំជូននៅក្នុង ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម