Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធបង្ហូរទឹកសម័យបុរាណ កប់បាត់រាប់រយឆ្នាំអាជ្ញាធរអប្សរា​​រៀបចំ​សិក្សា​​ឲ្យដំណើរការ​ឡើងវិញ

បានផុស

នៅ

ក្រុមការងារបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បាន​ធ្វើកំណាយស្រាវជ្រាវនៅខាងក្រៅកំពែងអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំអស់រយៈពេល ១ ខែមកហើយ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោល​បំណងសិក្សាទីតាំង ដែលមានស្លាកស្នាមជាកសិន្ធុទឹក និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណ ដើម្បីរំដោះទឹកចេញពីក្នុងបរិវេណព្រះបរមរាជវាំង ហូរចូលក្នុងកសិន្ធុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រ៊ុន តិច បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបាន​ឱ្យដឹងថា លទ្ធផលជាបឋមនៃការធ្វើកំណាយចំនួន ៤ ទីតាំង ដើម្បីសិក្សាពីរចនាសម្ពន្ធកសិន្ធុទឹកនៅខាងក្រៅកំពែងជុំវិញព្រះបរមរាជវាំង គឺមានកំណកដីចាក់បង្គរហូតដល់ជម្រៅ ៣ ម៉ែត្រ ហើយរចនាសម្ពន្ធកសិន្ធុមានកាំសាងពីថ្មបាយក្រៀមមានចំនួនពី ៩ រហូតដល់ ១១ កាំ និងរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណចំនួន ៣ ទីតាំងស្ថិតនៅតាមជើងកំពែង ដែលប្រព័ន្ធបង្ហូរទឹកនេះមានតួនាទីរំដោះទឹកចេញពីបរិវេណព្រះបរមរាជវាំងហូរចូលកសិន្ធុនាសម័យបុរាណ និងរកឃើញស្លាកស្នាមស្រះបុរាណមួយនៅទិសខាងជើងព្រះបរមរាជវាំង ផ្នែកខាងក្រៅកំពែង មានកាំធ្វើពីថ្មបាយក្រៀមចំនួន ១៥ កាំទៀតផង។ ចំណែក ទិសខាងលិចនៃស្រះមានចម្លាក់យ៉ាងប្រណិត។

បុរាណវិទូរូបនេះបញ្ជាក់ថា ប្រព័ន្ធបង្ហូរទឹកនិងកសិន្ធុទឹកនៅជុំវិញកំពែងអតីតព្រះបរមរាជវាំងក្រុងអង្គរធំ ត្រូវកប់បាត់ដោយកំណកដីនិងដើមឈើ ដោយកត្តាពេលវេលា មនុស្ស និងការប្រែប្រួលអាកាសធាតុ។

ការធ្វើកំណាយស្រាវជ្រាវនេះ ក៏នឹងផ្តល់លទ្ធភាពដល់អាជ្ញាធរជាតិអប្សរា រៀបចំប្រព័ន្ធរំដោះទឹកបុរាណឱ្យមានតួនាទីដើមឡើងវិញ ដើម្បីរំដោះទឹកចេញពីខាងក្នុងបរិវេណអតីតព្រះបរមរាជវាំង ដែលជារៀងរាល់ឆ្នាំនៅរដូវវស្សាមានទឹកដក់ជាប្រចាំ ដែលបណ្តាលមកពីប្រព័ន្ធបង្ហូរទឹកទាំងនោះ ត្រូវបានខូចខាតធ្ងន់ធ្ងរអស់រយៈពេលរាប់រយឆ្នាំមកហើយ៕

អត្ថបទ: យី សុថា
រូបភាព: ស៊ិន ប្រណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម