Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងកាត់ជើង​ហោះហើរក្នុងស្រុក ​ព្រោះខ្វះប្រេង​យន្តហោះ

បានផុស

នៅ

អាជ្ញាធរអាកាសចរណ៍ស៊ីវិល​វៀតណាម (CAAV) បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមមានគម្រោង​កាត់បន្ថយជើងហោះហើរក្នុងស្រុក​ចំនួន ២៣ ជើង​/សប្តាហ៍​​ចាប់ពីខែមេសាតទៅ ដោយសារតែកង្វះខាតប្រេងឥន្ធនៈយន្តហោះដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា​​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ​(Vietnam Airlines) ដែលគ្រប់គ្រងដោយរដ្ឋ ​នឹង​ផ្តល់អាទិភាពដល់ផ្លូវហោះហើរសំខាន់ៗចំពោះការតភ្ជាប់ជាតិ ពាណិជ្ជកម្ម ទេសចរណ៍ ការទូត និងការធ្វើដំណើរក្នុងស្រុក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ CAAV ​ចេញផ្សាយនៅយប់ថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែមេសា Vietnam Airlines នឹងផ្អាកប្រតិបត្តិការផ្លូវហោះហើរក្នុងស្រុកចំនួន ៧ និងកាត់ជើងហោះហើរចំនួន ២៣/សប្ដាហ៍ ​ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ​។

ក្រៅពី Vietnam Airlines ក្រុមហ៊ុនអាកាសចរណ៍ VietJet Aviation JSC ក៏​កាត់បន្ថយជើងហោះហើរក្នុងស្រុកមួយចំនួនផងដែរ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មា​ន Bloomberg។

ដោយឡែក​ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ឯណោះវិញ បាន​និយាយថា ខ្លួន​នឹងខិតខំរក្សាជើងហោះហើរក្នុងអំឡុងពេលធ្វើដំណើរកំពូល ទោះបីជា​ប្រេកង់ជើងហោះហើរអាចទាបជាងឆ្នាំមុន ប្រសិនបើតម្លៃប្រេងបន្តខ្ពស់ក៏័ដោយ។ ​ក្រុមហ៊ុន​បានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ការគាំទ្របន្ថែមទៀតដល់ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងការកាត់បន្ថយពន្ធការពារបរិស្ថាន និងពន្ធប្រេងឥន្ធនៈអាកាសចរណ៍​។

គួររំឭកថា កាលពីពាក់កណ្ដាលខែមីនា ​CAAV បានព្រមានឱ្យបណ្ដាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រៀមខ្លួនកាត់បន្ថយជើងហោះហើរចាប់ពីខែមេសា ​បន្ទាប់ពី​ចិន និងថៃបានបញ្ឈប់ការនាំចេញប្រេងឥន្ធនៈយន្តហោះ​ជុំវិញ​សង្គ្រាមនៅអ៊ីរ៉ង់ ដែលបង្កើនហានិភ័យនៃ​កង្វះខាត។

វៀតណាមមានរោងចក្រចម្រាញ់ប្រេងក្នុងស្រុកចំនួន២ ដែលផ្គត់ផ្គង់ប្រហែល ៧០% នៃតម្រូវការក្នុងស្រុក​ ​ប៉ុន្តែប្រទេសនេះនាំចូលប្រេងឆៅជាង ៨០% ​ពីមជ្ឈិមបូព៌ា ដែលធ្វើ​ឱ្យវៀតណាមនៅ​តែ​រង​ហានិភ័យ​ខ្លាំងពីវិបត្តិមជ្ឈិមបូព៌ា។ លើសពីនេះ ប្រហែល ៧០% នៃប្រេង​យន្តហោះរបស់​វៀតណាម ត្រូវបាននាំចូល ដែលភាគច្រើនមកពី​ចិន និង​ថៃ។

ក្រៅពីការកាត់បន្ថយជើងហោះហើរ CAAV បាន​និយាយថា ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាមក៏​​កំពុង​រៀបចំ​អនុវត្ត​ការ​គិត​ថ្លៃ​​សំបុត្រយន្តហោះបន្ថែមសម្រាប់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ ចាប់ពី​ដើម​ខែ​មេសា​​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម