Connect with us

ព័ត៌មានជាតិ

ប្រសិនបើមានឱកាសឈរនៅចំពោះមុខវីរកងកម្លាំងជួរមុខ តើបងប្អូននឹងមានពាក្យពេចន៍អ្វីខ្លះ?

បានផុស

នៅ

កម្ពុជា-ថៃ បើទោះបីជាមានបទឈប់បាញ់ ប៉ុន្តែហានិភ័យនៃការផ្ទុះអាវុធមានភាពផុយស្រួយនៅឡើយ ខណៈកងកម្លាំងជួរមុខកម្ពុជាកំពុងឈរជើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារទឹកដីពីសត្រូវឈ្លានពាន។ ទោះបីជាស្នូរគ្រាប់កម្លាំងស្ងប់ស្ងាត់អស់រយៈពេលច្រើនខែមកនេះ ប៉ុន្តែកម្លាំងជួរក្រោយ រួមមានប្រជាជនកម្ពុជាទូទាំងប្រទេសជាស្នូលនៅតែបន្តធ្វើសកម្មភាពនានាដើម្បីបង្ហាញការគោរព នឹករឮក គុណបំណាច់ និងលើកទឹកចិត្តដល់វីរកងកម្លាំងជួរមុខ។ ក្នុងន័យនេះ ប្រសិនបើមានឱកាសឈរនៅចំពោះមុខវីរកងកម្លាំងជួរមុខ តើបងប្អូននឹងមានពាក្យពេចន៍អ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រយោគនេះ ត្រូវបានរំលេចឡើងតាមរយៈយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុម ក្នុងគោលបំណងដើម្បីបង្កើតជាវេទិកាជូនសាធារណជន និងការបង្ហាញនូវក្ដីនឹករលឹក ព្រមទាំងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ដែលបាននិងហ៊ានលះបង់ជីវិត និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិយ៉ាងអង់អាចក្លាហានបំផុត។

តាមរយៈយុទ្ធនាការនេះ សាធារណជនអាចសរសេរពាក្យពេចន៍ចេញពីទំហំដួងចិត្ត នៅក្នុងលើបណ្ណសារ/ក្រដាស បន្ទាប់មកក្រុមការងារនឹងពាំនាំសារទាំងនោះទៅដល់ដៃវីរកងទ័ពជួរមុខដែលកំពុងការពារទឹកដីដោយមិនខ្លាចនឿយហត់ និងលះបង់ទាំងកម្លាំង និងកម្លាំងចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ។

ពលរដ្ឋមួយរូបលោក និន ឆៃយ៉ា បង្ហាញចំណាប់អារម្មណ៍ថា យុទ្ធនាការមានសារៈសំខាន់ព្រោះជាផ្នែកមួយនៃការពញាក់ស្មារតីដល់ប្រជាជនឱ្យមានការសាមគ្គីគ្នាបន្តទៀត និងអាចឱ្យគ្រប់គ្នាសរសេរបណ្ណជូនពរកងកម្លាំងឈរជើង។ លោកនិយាយថា៖«បើមានឱកាសឈរនៅចំពោះមុខវីរកងកម្លាំងជួរមុខ ខ្ញុំមានតែពាក្យអរគុណដល់បងៗដែលលះបង់ការពារប្រទេសជាតិ»។ ជាមួយគ្នានេះ កញ្ញា យឿង នីតា ថ្លែងប្រាប់ទឹកមុខក្តុកក្តួលថា ៖«ក្នុងនាមជាតិខ្មែរដូចគ្នាមានតែពាក្យជូនពរគាត់ឱ្យមានសុវត្ថិភាព គេចផុតពីសង្គ្រាម និងវិលត្រឡប់មកជួបជុំគ្រួសារវិញ»។

ការលើកឡើងរបស់អ្នកទាំងពីរបានបង្ហាញពីការដឹងគុណ ដោយសារក្នុងអំឡុងសង្គ្រាមឈ្លានពាន កងទ័ពដ៏អង់អាចកម្ពុជានៅឈរជាមួយប្រជាជន យកទ្រូងពាំងគ្រាប់ ដើម្បីសុវត្ថិភាពពលរដ្ឋ និងការពារទឹកដី។

ដើម្បីបង្ហាញពីក្តីនឹករលឹក និងការដឹងគុណ សាធារណជនអាចអញ្ជើញទៅទីតាំងខាងលើ ដើម្បីសរសេរសារជូនពរដល់វីរកងកម្លាំងជួរមុខ ចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុម រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម