សេដ្ឋកិច្ច
លោក វង្សី វិស្សុត៖ វិទ្យាសាស្ត្របច្ចេកវិទ្យា ជាវិស័យយុទ្ធសាស្ត្រដែលគាំទ្រគ្រប់វិស័យ
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាវិស័យយុទ្ធសាស្ត្រគន្លឹះដែលគាំទ្រគ្រប់វិស័យផ្សេងទៀត។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ៤ ឆ្នាំ២០២៦ នៅថ្ងៃទី ២៦ ខែមីនា ២០២៦។

លោក វង្សី វិស្សុត បានថ្លែងថា គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើន និងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។
ទិវាជាតិលើកទី៤ មានកម្មវិធីអមសំខាន់ៗ ដូចជាពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពិភាក្សា សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់វិទ្យាសាស្ត្រថ្នាក់ជាតិ ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
ក្នុងព្រឹត្តិការណ៍នេះ ពន្លារដ្ឋាភិបាល និងស្តង់ពិព័រណ៍ជាង២០០ស្តង់របស់ក្រសួងស្ថាប័ន វិស័យឯកជន និងស្ថាប័នសិក្សាស្រាវជ្រាវ ត្រូវបានរៀបចំឡើង ដើម្បីរួមគ្នាបង្ហាញការរីកចម្រើនជាក់ស្តែងនៃសមត្ថភាព នវានុវត្តន៍ជាតិ រួមទាំងការតាំងបង្ហាញគ្រឿងម៉ាស៊ីនទំនើបៗ ប្រព័ន្ធផលិតកម្មឆ្លាតវៃ និងដំណោះស្រាយឌីជីថល ដែលកំពុងបម្រើទាំងក្នុងវិស័យឧស្សាហកម្ម រហូតដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។

នេះក៏ជាវេទិកាសម្រាប់វិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកបច្ចេកវិទ្យាថ្មីៗ បង្កើតភាពជាដៃគូ កែលម្អខ្សែច្រវាក់ផលិតកម្ម និងលើកកម្ពស់សមត្ថភាពផលិត ដើម្បីបំពេញតាមតម្រូវការទីផ្សារ និងស្តង់ដាអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យគ្រប់តួអង្គក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ បង្កើនសមត្ថភាពបច្ចេកវិទ្យាចាំបាច់ ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ប្រព័ន្ធស្បៀងអាហារ សុខាភិបាល និងការពារជាតិ ដោយបញ្ជាក់ថា នៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាមកំហែង អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុតក៏បានលើកឡើងពីភាពចាំបាច់នៃការបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដោយតម្រង់ទិសការស្រាវជ្រាវឱ្យស្របតាមតម្រូវការជាតិ និងជំរុញនវានុវត្តន៍ ដោយយកប្រជាជនជាស្នូល ខណៈប្រទេសជឿនលឿនជាច្រើន វិនិយោគប្រមាណ ២% ទៅ ៣% នៃផលិតផលក្នុងស្រុកសរុបលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិស្រាវជ្រាវជាតិ និងកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវសម្រាប់ពាណិជ្ជូបនីយកម្ម និងលើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់។
រាជរដ្ឋាភិបាល កំពុងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេវាសាធារណៈ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ បរិយាបន្ន និងការទទួលខុសត្រូវ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


