Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែង៖ ទេសចរឆ្លងទៅលេង​ឡាវតិចជាងមុន ខណៈខេត្តស្ទឹងត្រែងលែងក្លាយជាតំបន់​ឆ្លងកាត់ដូចមុន

បានផុស

នៅ

ខេត្តស្ទឹងត្រែងបានផ្លាស់ប្តូរមុខមាត់ពីតំបន់ដែលគ្រាន់តែជាកន្លែងឆ្លងកាត់ បានក្លាយទៅជាគោលដៅដែលទេសចរ​មកលេង​ម្តង​ហើយចង់មកលេង​ម្តងទៀត។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា កត្តាដែលជំរុញឱ្យខេត្តស្ទឹងត្រែងមានការប្រែប្រួលនេះ ដោយ​សារមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានភាពល្អប្រសើរជាងមុន ការធានាបានសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ គួបផ្សំខេត្តមានតំបន់អេកូទេសចរណ៍ដ៏សំបូរបែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សរ សុពុត្រា បានឲ្យដឹងថា ពីដើមខេត្តស្ទឹងត្រែងគឺជាតំបន់មួយដែលទេសចរគ្រាន់តែ​ធ្វើដំណើរ​ឆ្លងកាត់ដើម្បីទៅលេង​នៅ​​ប្រទេសឡាវ ឥលូវនេះឥរិយាបថរបស់ទេសចរមានការផ្លាស់ប្តូរ។

«ឥឡូវនេះយើងឃើញទេសចរដែលឆ្លងទៅលេងប្រទេស​ឡាវមានចំនួនតិចវិញ គឺទេសចរចូលមកគឺទៅលេងនៅ​តំបន់ទេសចរណ៍ក្នុងខេត្តដូចជានៅតំបន់រ៉ាមសារកោះហាន និងទៅតាមបណ្តាកោះទេសចរណ៍មួយចំនួនទៀតនៅក្នុងស្រុកសេសាន រហូតធ្លាយ​ទៅដល់សៀមប៉ាង»។

ដើម្បីជំរុញ​ឲ្យ​ទេសចរមកកម្សាន្តហើយជាប់ចិត្តនោះ លោកអភិបាលខេត្តបាន​លើកឡើងពី​យុទ្ធសាស្រ្ត​បង្កើនការ​ផ្សព្វផ្សាយ ការបង្កើត​មាតិកា និងរៀបចំ​ព្រឹត្តិការណ៍ផ្សេងៗ។ ជាក់ស្ដែងខេត្តបានបង្កើត​ឲ្យមាន​សួនផ្កាពណ៌លឿងនៅក្បែរព្រះរាជដំណាក់ ដែលបានស្រូបយកភ្ញៀវទេសចរពីភ្នំពេញ និងបណ្តាខេត្តផ្សេងៗមកថតផ្សព្វផ្សាយជាហូហែរ។

បន្ថែមពីនេះ បើតាមលោក សរ សុពុត្រា អាជ្ញាធរខេត្តបានដាក់គោលដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមកដល់ខេត្តស្ទឹងត្រែង មិន​ត្រឹម​តែ​ទៅលេងនៅ​តំបន់រ៉ាមសារមួយនោះទេប៉ុន្តែគឺទៅលេងឱ្យបានសព្វគ្រប់កន្លែង ខណៈ​អាជ្ញាធរ​ខេត្ត​ក៏​​គិតគូរ​យកចិត្តទុកដាក់រឿង​​​​​ការ​ផ្តល់​សេវាកម្ម ការ​ធានា​តម្លៃ​កន្លែង​ស្នាក់នៅ​ឲ្យបា​ន​​សមរម្យ បន្ថែម​ការ​ខិតខំ​រៀបចំ​បរិស្ថានខេត្ត​​ឲ្យបាន​​ស្អាត​ ដើម្បី​ទាក់ទាញទេសចរមក​កម្សាន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម